ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងនាម​នគរបាលជាតិ ត្រូវតែ​ស្មោះត្រង់​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​

80

 

​ភ្នំពេញ​៖ អគ្គ​ស្នងការរង​នគរបាលជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ លើកឡើងថា ក្នុងនាម​នគរបាលជាតិ និយាយ​ជារួម និយាយ​ដោយឡែក​នគរបាល​អង្គ​រក្ស ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​ដាច់ខាត​ត្រូវតែ​ស្មោះត្រង់​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​។

​ការលើកឡើង​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ ក្នុង​ពិធី​ប្រកាស​តាំងស៊ប់ និង​បំពាក់​ឋានន្តរស័ក្តិ ជូន​មន្ត្រី​នគរបាលជាតិ ក្របខ័ណ្ឌ​ថ្មី នៃ​នាយកដ្ឋានអង្គរក្ស នា​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​នាយកដ្ឋានអង្គរក្ស ដោយមាន​ការចូលរួម​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក យឹម លាង អគ្គ​ស្នងការរង​នគរបាលជាតិ ឯកឧត្តម​ប្រធាន​-​អនុប្រធាននាយកដ្ឋាន​អង្គរក្ស និង​មន្ត្រីនគរបាល​ក្របខ័ណ្ឌ​ថ្មី​ចំនួន ៣៨៤​នាក់​។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ សង្កត់ធ្ងន់ថា ក្នុងនាម​ជា​កងកម្លាំង​នគរបាល​អង្គរក្ស ចាំបាច់​ត្រូវតែមាន​មូលដ្ឋាន​ច្បាស់លាស់ មានចិត្ត​ស្មោះត្រង់​ជាមួយ​ប្រទេសជាតិ ជាមួយ​អង្គ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ ដែល​ទាំងនេះ​ជា​ចំណុច​ចម្បង និង​សំខាន់បំផុត​ដែល​ត្រូវតែ​មានការ​តាំងចិត្ត​ខ្ពស់​។

​ឯកឧត្តម បាន​សង្កត់ធ្ងន់​ទៀតថា បើ​នគរបាល​អង្គរក្ស​គ្មាន​ចិត្ត​ស្មោះត្រង់​មានន័យថា​យើង​មិនអាច​ធ្វើជា​កងកម្លាំង​អង្គរក្ស​បានទេ ព្រោះថា​សុខទុក្ខ និង​សុវត្ថិភាព​របស់​ថ្នាក់ដឹកនាំ គឺ​ពឹងផ្អែក​ទាំងស្រុង​មកលើ​ពួកយើង​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បញ្ជាក់ថា ការរៀបចំ​ពិធី​នៅពេលនេះ គឺជា​ការផ្តល់​កម្លាំងចិត្ត​មួយ​យ៉ាងសំខាន់​ដល់​មន្ត្រីនគរបាល​ក្របខ័ណ្ឌ​ថ្មី ដើម្បី​ចូលរួមចំណែក​ការពារ​ព្រះរាជ​សុវត្ថិភាព ថ្វាយ​ព្រះមហាក្សត្រ ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ អន្តរជាតិ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ឲ្យ​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​សំណូមពរ​ឲ្យ​មន្ត្រី​ដែលជា​កងកម្លាំង​នគរបាល​អង្គរក្ស ត្រូវតែ​រួបរួមសាមគ្គី​ផ្ទៃក្នុង ចេះ​យោគយល់ និង​ជួយ​គ្នា​ទៅវិញទៅមក ត្រូវ​ហាត់ពត់​លុត​ដំ​កាយសម្បទា សុខភាព​របស់ខ្លួន​ឲ្យ​បានល្អ​ប្រសើរ សំដៅ​ធ្វើយ៉ាងណា​ជៀស​ផុតពី​ជម្ងឺ​ផ្សេងៗ ជាពិសេស​ត្រូវ​រួមគ្នា​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដើម្បី​បង្ការ ទប់ស្កាត់​ជម្ងឺ​កូ​វិដ​១៩ ដែល​កំពុង​រាតត្បាត​ជាស​កល​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ បាន​នាំយក​ថវិកា​ជា​អំណោយ​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ប្រគល់ជូន​នាយកដ្ឋានអង្គរក្ស ចំនួន ១០​លាន​រៀល និង​មន្ត្រី​នគរបាលជាតិ​ក្របខ័ណ្ឌ​ថ្មី ចំនួន ៣៨៤​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា ចំនួន ៥​ម៉ឺន​រៀល​ផងដែរ​។​

​បើតាម​របាយការណ៍រ​បស់​ការិយាល័យ​បុគ្គលិក បាន​ឲ្យ​ដឹងថា មន្ត្រី​នគរបាលជាតិ​ក្របខណ្ឌ​ថ្មី នៃ​នាយកដ្ឋានអង្គរក្ស ដែល​ត្រូវ​ប្រកាស​តាំងស៊ប់ និង​បំពាក់​ឋានន្តរស័ក្តិ នៅ​ព្រឹក​នេះ​មាន​ចំនួន ៣៨៤​នាក់ ក្នុងនោះ ថ្នាក់​អនុ​សេនី​ត្រី ចំនួន ៤៥​នាក់​, ថ្នាក់​ព្រិន្ទបាលទោ ចំនួន ៣២២​នាក់ និង​ថ្នាក់​ពលបាលត្រី ចំនួន ១៧​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង