ផ្សឹកភិក្ខុ លួន សុវ៉ាត ដោយសារសេពមេថុនធម្ម ជាមួយស្ត្រីជាម្តាយនិងកូនស្រី២នាក់
សៀមរាប៖ព្រះប្រធានថេរសភាខេត្តសៀមរាប បានចេញសង្ឃសម្រេចផ្សឹកភិក្ខុ លួន សុវ៉ាត គង់មិនអចិន្ត្រៃយ៍នៅវត្តស្លែង ក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចេញពីភេទជាបព្វជិត ចាប់ពីថ្ងៃចេញសង្ឃសម្រេចនេះតទៅ ដោយសារប្រព្រឹត្តខុសព្រះវិន័យចែងក្នុងសិក្ខាបទ ត្រង់អាបត្តិបរាជិក (សេពមេថុនធម្ម) ។
ការចេញសង្ឃសម្រេចនេះ យោងតាមកំណត់ហេតុអង្គប្រជុំថេរសភាខេត្តសៀម នៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០។ អង្គប្រជុំថេរសភាខេត្ត បានស្តាប់វីដេអូសារសំឡេងសន្ទនារៀបរាប់ពីសេចក្តីស្នេហាយ៉ាងស៊ីជម្រៅរវាង ភិក្ខុ លួន សុវ៉ាត ជាមួយស្ត្រីជាម្តាយនិងកូនស្រី ព្រមទាំងបានស្តាប់កំណត់ហេតុ ស្តាប់ការបំភ្លឺរបស់កូនស្រីមួយរូប អង្គប្រជុំសន្មតថា ភិក្ខុរូបនេះ ពិតជាបានសេពមេថុនធម្ម (មាតុគ្រាម) ជាមួយស្ត្រីភេទពិតប្រាកដមែន។
តាមព្រះវិន័យចែងក្នុងសិក្ខាបទ ត្រង់អាបត្តិបរាជិក (សេពមេថុនធម្ម) ភិក្ខុអង្គណាបានប្រព្រឹត្តធ្វើឲ្យកន្លង ត្រូវតែចាកចេញពីភិក្ខុភាវៈ។
ប្រធានថេរសភាខេត្តសៀមរាប អាភាករោ ជុំ គឹមឡេង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា “ក្រោយថ្ងៃចេញសង្ឃសម្រេចនេះ បើឈ្មោះ លួន សុវ៉ាត នៅតែបន្តគ្រងសង្ឃចីវរជាបុព្វជិតដូចអ្នកបួសក្នុងព្រះពុទ្ធសាសនា ចាត់ទុកជាបុគ្គលនេះ ប្រព្រឹត្តក្លែងភេទ សូមព្រះមេគណរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតាមច្បាប់ជាធរមាន។ សង្ឃសម្រេចនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ”៕