ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ទីម័រឡេស្តេឯកភាពគ្នាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ

76

 

(ភ្នំពេញ)៖ កម្ពុជា-ទីម័រឡេស្តេ បានបង្ហាញគោលបំណងស្របគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងនោះភាគីកម្ពុជាក៏បានជំរុញឱ្យភាគីទីម័រឡេស្តេពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរខណៈដែលអនុស្សរណៈនេះត្រូវបានផ្ដួចផ្ដើមជាយូរមកហើយ តែមិនទាន់បានចុះហត្ថលេខានូវឡើយ ។

ការបង្ហាញពីគោលបំណង និងការលើកសំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគូសម និង ពិភាក្សាការងារ រវាងឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នៅទីស្ដីការក្រសួងទេសចរណ៍។

ឯកឧត្តម ឯកអគ្គរដ្ឋទូត Kupa បានបញ្ជាក់ថា ប្រជាជនទីម័រច្រើនណាស់ដែលមានគម្រោងមកលេង ប្រទេសកម្ពុជា ព្រោះកម្ពុជាបានគាំទ្រប្រទេសពួកគេឱ្យទទួលបានឯករាជ្យ និងតែងតែគាំទ្រឱ្យទីម័រឡេស្តេចូលជាសមាជិកទី១១របស់ សមាជិក សមាគម អាស៊ានកន្លងមក ។ ប៉ុន្តែដោយសារតែវិបត្តិកូវីដ- ១៩នេះ ក៏បានធ្វើឲ្យ ពួកគេរំសាយគម្រោងនេះសិន។ ប៉ុន្តែក្រោយពេលចប់វិបត្តិកូវីដ-19ទូទាំងពិភពលោកហើយ ប្រហែលនឹងមានប្រជាជនទីម័រមកទស្សនាកម្ពុជាច្រើន ។ ដូច្នេះហើយបានជាស្ថានទូតទីម័រចង់ឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយមិត្តកម្ពុជាឱ្យកាន់តែទូលំ
ទូលាយ បន្ថែមទៀត ។

ជាការឆ្លើយតបឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការស្វាគមន៍ ចំពោះសំណើរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត Kupa ពីព្រោះប្រការនេះក៏ស្របទៅនឹងគំនិតរបស់ឯកឧត្ដមដែរ ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កន្លងមកកម្ពុជាតែងតែចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃឱ្យបានកាន់តែច្រើន និងកាន់តែរឹងមាំ តួយ៉ាងកម្ពុជា-ទីម័រឡេស្ដេ មុននិងក្រោយក៏គង់តែក្លាយជាបងប្អូនរួមតំបន់តែមួយនឹងគ្នាដដែល ។

ចំពោះបំណងប្រាថ្នារបស់ប្រជាជនមិត្តទីម័រដែលចង់មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ឯកឧត្ដមរដ្ឋមន្ត្រី បានបង្ហាញ នូវការស្វាគមន៍យ៉ាងពេញចិត្ត ខណៈកម្ពុជាបាននិងកំពុងខិតខំរៀបចំឱ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនទទួលការវិលត្រលប់របស់ភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា ក្រោយចប់វិបត្តិកូវីដនៅទូទាំងពិភពលោក ដល់ពេលនោះកម្ពុជានឹងរង់ចាំស្វាគមន៍មិត្តទីម័រប្រកបដោយភាពកក់ក្ដៅ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់រដ្ឋាភិបាលទីម័រឡេស្តេ តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត Kupa សូមឱ្យភាគីទីម័រពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ទីម័រឡេស្តេ ដែលបានផ្ដួចផ្ដើមធ្វើជាយូរមកហើយ សំដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត។ សំណើនេះត្រូវបានឯកអគ្គរដ្ឋទូត Kupa ទទួលយកភ្លាមៗ ដើម្បីរាយការណ៍ជូនរដ្ឋាភិបាលរបស់ខ្លួនបន្ត។ នេះបើតាមការ បញ្ជាក់របស់ ឯកឧត្ដម ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៅក្រោយចប់ជំនួប រវាង ឯកឧត្តម ថោង ខុន និង ឯកឧត្តម Kupa

ឯកឧត្តមអ្នកនៃពាក្យបញ្ជាក់បន្ថែមថា អនុស្សរណៈនេះមានផ្ដោតលើការអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្ដល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមកលើការផ្សព្វផ្សាយ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបង្កើនការទាក់ទាញទេសចរពីគ្នាទៅវិញទៅមកឱ្យបានកាន់តែច្រើន។

ឯកឧត្ដមបានបន្តថា នៅពេលចប់វិបត្តិជំងឺកូវីដ-១៩នេះទៅ ភាគីទាំងពីរក៏នឹងពិនិត្យលើលទ្ធភាពនានាក្នុងការការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ទីម័រឡេស្តេបន្តទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង