រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទ សេចក្តីព្រាងច្បាប់ចំនួនពីរ ទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។
សម័យប្រជុំរដ្ឋសភា បានពិភាក្សានិងអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងចំនួនពីរ ក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន៤ ដែល បានលើកក្នុងរបៀបវារៈ គឺសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ និង សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ និង សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នឹងក្លាយជាគតិយុត្តថ្មី បន្ថែមលើចំណុចខ្វះខាតពាក់ព័ន្ធនឹងការសម្អាតប្រាក់ ស្របទៅតាមស្តង់ដារ នៃសមាជិកក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីការសម្អាតប្រាក់ ដែលកម្ពុជា បានក្លាយជាសមាជិកកាលពីឆ្នាំ២០០៤។
នៅថ្ងៃទី៥ ខែមិថុនា ស្អែករដ្ឋសភា នឹងបន្តសម័យប្រជុំទៀត ដោយធ្វើការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ៕