រដ្ឋបាលរាជធានីភ្នំពេញសម្រេច ផ្អាកដំណើរការភ្លើងស្តុបសន្ធម៉ុក១រយៈ ខណៈត្រូវរុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មីដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច ផ្អាកដំណើរការភ្លើងស្តុបសន្ធម៉ុក១រយៈ ខណៈដែលក្រុមការងារ រុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មី និងរត់បណ្តាញក្រោមដីថ្មី ដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក ។ ដូច្នេះហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានស្នើសុំអោយបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធម៉ុកនេះ មេត្តាយោគយល់អធ្យាស្រ័យ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ នៅរសៀលថ្ងៃទី០៤ មិថុនានេះ បានធ្វើអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធម៉ុក មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការផ្អាកដំណើរការភ្លើងស្តុប១រយៈពេល ដោយសារត្រូវរុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មី និងរត់បណ្តាញក្រោមដីថ្មីដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក ។
លោក សាំ ពិសិដ្ឋ បាន បញ្ជាក់ ថា ភ្លើងស្តុបថ្មី នឹងដំណើរការឡើងវិញនៅចុងសប្តាហ៍ក្រោយ ក្នុងរយៈពេលនេះកម្លាំងសមត្ថកិច្ចនគរបាលចរាចរ និងអាជ្ញាធរ នឹងសម្រួលចរាចរជូនបងប្អូប្រជាពលរដ្ឋ។
បើតាមផែនការ ស្ពានអាកាសថ្មើរជើងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុកនេះ នឹងប្រើប្រាស់រយៈពេល៦ខែ ដើម្បីស្ថាបនាឲ្យបានរួចរាល់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព មិនប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយ កើតឡើងជាយថាហេតុ។
ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិសតែម្តង គឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ និងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍនិងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕