ប្រជាពលរដ្ឋទាំងអស់មុន នឹងសម្រេចចិត្តទិញផលិតផលអ្វីមួយត្រូវ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ត្រូវទិញផលិតផល ដែលលក់នៅតាមហាង និងមានឈ្មោះមានម៉ាកត្រឹមត្រូវ
ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មុន នឹងសម្រេចចិត្តទិញផលិតផលអ្វីមួយត្រូវ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ត្រូវទិញផលិតផល ដែលលក់នៅតាមហាង និងមានឈ្មោះមានម៉ាកត្រឹមត្រូវ ហើយចំពោះឱសថ និងគ្រឿងសម្អាង ត្រូវមានបិទលេខបញ្ជិការត្រឹមត្រូវ ដើម្បីកុំឲ្យជាវចំផលិតផលក្លែងក្លាយ និងអន់គុណភាព នាំឲ្យប៉ះពាល់ដល់សុខភាព។
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីព្រឹក នៅទីលានចាក់សំរាម សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានរៀបចំពិធីកម្ទេចចោលឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅចំនួនជាង ១៣០តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសរក្សាទុកកាលពីអំទ្បុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ នាពេលកន្លងមក។
ពិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន មកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ងាធរដែនដីទាំងអស់ សរុបជាង២០០នាក់។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងបញ្ជាក់ថាឱសថខុសច្បាប់ និង ផលិតផលក្លែងក្លាយទូទៅចំនួនជាង១៣០តោន ដែលកម្ទេចនាពេលនេះមាន ឱសថហួសសុពលភាពចំនួន២២៥មុខ ស្មើនឹង៦តោន ឱសថបុរាណសាម័យចិន អាហាបំប៉ន គ្រឿងសំអាងក្លែងក្លាយ ផលិតផលក្លែងក្លាយទូទៅ ផលិតផលគ្រឿងឧបភោគ បរិភោគខូចគុណភាពជាច្រើនប្រភេទមានដូចជា ៖ ប្រេងឆា ទឹកដោះគោ ទឹកក្រូច ទឹកស៊ីរ៉ូ ទឹកស៊ីអ៊ីវ មី ម្សៅមី នំប៉ាវ ស្ករគ្រាប់ ស្រា បារី សាប៊ូកក់សក់ ទឹកអប់ ស្ព្រៃយ៍បាញ់ខ្លួន ទឹកថ្នាំព្រីនធ័រ ជែលលាងដៃ ឱសថបុរាណចិន។ល។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់បន្ថែមផងដែរ ទោសទណ្ឌនៃការប្រព្រឹត្តបទល្មើស
អាចជាការផាកពិន័យ ឬជាប់ពន្ធនាគាររយៈពេលខ្លី ឬរយៈពេលវេងរហូតពី២ឆ្នាំ ទៅ៥ឆ្នាំ និងពី៥ឆ្នាំទៅ១០ឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មុន នឹងសម្រេចចិត្តទិញផលិតផលអ្វីមួយត្រូវ ប្រុងប្រយ័ត្នអោយបានខ្ពស់ ត្រូវទិញផលិតផលដែលលក់នៅតាមហាង និងមានឈ្មោះមានម៉ាក់ត្រឹមត្រូវ ហើយចំពោះឱសថ និងគ្រឿងសម្អាងត្រូវមានបិទលេខបញ្ជិការត្រឹមត្រូវ ដើម្បីកុំអោយជាវចំផលិតផលក្លែងក្លាយ និងអន់គុណភាពនាំអោយប៉ះពាល់ដល់សុខភាពបងប្អូន ហើយចំពោះអ្នកដែលផលិត និងចែកចាយផលិតផលក្លែងក្លាយ ផលិតផលខូចគុណភាព និងត្រូវបញ្ជូនទៅតុលាការ ដាក់ទោសទណ្ឌតាមនីតិវិធីច្បាប់។
គូសបញ្ជាក់ផងដែរកន្លងទៅ គ.ប.ផ.ក បាន រៀបចំពិធីកម្ទេចចំនួន ៥លើក នេះជាលើកទី៦ ៖ លើកទី១ ចំនួនជាង២តោន លើកទី២ជាង៨០តោន លើកទី៣ជាង១០០តោន លើកទី៤ជាង៧០តោន លើកទី៥ជាង៨តោន និងលើទី៦ជាង១៣០តោន បានកម្ទេសទាំង៦លើកសរុបចំនួន៖ ជិត៤០០តោន៕