ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់បទបញ្ជា​ដល់នគរបាល ឲ្យពង្រឹង​សន្តិសុខ ធានា​មិន​ឲ្យ​មាន​អំពើ​ភេរវកម្ម និង​ទប់ស្កាត់ ឥទ្ធិពល​ការវាយប្រហា​រ របស់​ជន​អគតិ ដែល​ប៉ុនប៉ង​ប្រឆាំង និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​

66

 

​ភ្នំពេញ​៖ ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ជំរុញ​ឲ្យ​យកចិត្តទុកដាក់​ពង្រឹង​សភាពការណ៍​សំដៅ​ធានា​សុវត្ថិភាព សន្តិសុខ ធានា​មិន​ឲ្យ​មាន​អំពើ​ភេរវកម្ម និង​ទប់ស្កាត់​ឲ្យ​បាន​នៅ​ឥទ្ធិពល​ការវាយប្រហារ​របស់​ជន​អគតិ​ដែល​ប៉ុនប៉ង​ប្រឆាំង និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ហើយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ដាក់បទបញ្ជា​ឲ្យ​គ្រប់​ផែន​ជំនាញ របស់​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ ត្រូវខិតខំ​ពង្រឹង​ជំនាញ​បន្ថែមទៀត ពិសេស​ត្រូវ​ពង្រឹង​ទាំង​ធនធានមនុស្ស និង​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធានា​ប្រសិទ្ធភាព​ប្រតិបត្តិ​ការជំនាញ​បន្ថែមទៀត ក្នុង​ការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ជាតិ និង​ប្រជាជន​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំខែ ឧសភា ឆ្នាំ​២០២០ និង​ដាក់​ទិសដៅ​អនុវត្ត​បន្ត សម្រាប់​នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​។​
​អ​ញ្ចើ​ញ​ចូលរួម​ក្នុង​ពិធី​នេះ រួមមាន​ឯកឧត្តម​-​លោកជំទាវ អគ្គ​ស្នងការរង​នគរបាលជាតិ ប្រធាន​នាយកដ្ឋាន​-​អង្គភាព និង​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ។​

​បន្ទាប់ពី​ការអាន​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​ផែន​ជំនាញ​ដោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ​រួចមក ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​នៅ​ទូទាំងប្រទេស​ចំពោះ​ការអនុវត្ត​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ ៣៩​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ ២០២០ និង​សូម​បន្ត​ពង្រឹង​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ចំនួន​អ្នកស្លាប់ អ្នករងរបួស និង​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បានផ្តល់​កិត្តិយស​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ​ឯក ជូន​ឧ​ត្ត​ម​សេនីយ៍​ទោ ហេង ចាន់​ធា​រី ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តា​ប់ធា្ន​ប់​សាធារណៈ​ផងដែរ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នគរបាលជាតិ​ទាំងអស់ ត្រូវ​ចូលរួម​គោរព​វិធាន​អនាម័យ​របស់​ក្រសួងសុខាភិបាល​គ្រប់​ទីកន្លែង ពេលវេលា​ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺឆ្លង​កូ​វីដ​១៩​។​

​ក្នុង​កិច្ចប្រជុំ​ខាងលើ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​លើកឡើង​ដោយ​សង្កត់ធ្ងន់​ចំណុច​សំខាន់ៗ​ចំនួន​៥​ធំៗ​៖

​ទី​I-​គឺ​បញ្ហា​ស្ថានភាព​សន្តិសុខ​ក្នុងប្រទេស ដោយ​ផ្អែកទៅលើ​ឥទ្ធិពល​ស្ថាន​ការ​ពិភពលោក ផ្អែកទៅលើ​ឥទ្ធិ​ពលការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ និង​ផ្អែកលើ​ស្ថាន​ការជាក់ស្តែង​នៅក្នុង​ប្រទេស ឯកឧត្តម បាន​ជំរុញ​ឲ្យ​យកចិត្តទុកដាក់​ពង្រឹង​សភាពការណ៍​សំដៅ​ធានា​សុវត្ថិភាព សន្តិសុខ ធានា​មិន​ឲ្យ​មាន​អំពើ​ភេរវកម្ម និង​ទប់ស្កាត់​ឲ្យ​បាន​នៅ​ឥទ្ធិពល​ការវាយប្រហារ​របស់​ជន​អគតិ​ដែល​ប៉ុនប៉ង​ប្រឆាំង និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។​

​ទី​II-​ការប្រយុទ្ធប្រឆាំង​បទល្មើស ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ មាន​ចំណុច​សំខាន់ៗ​ចំនួន​៤៖

​ទី​១-​ត្រូវខិតខំ​ជម្រះ​ឲ្យ​អស់​ករណី​ដែល​មិនទាន់​ស្រាវជ្រាវ​រកឃើញ និង​ជំរុញ​គ្រប់គ្រង​ទិន្នន័យ​ពាក់ព័ន្ធ​និង​បទល្មើស មុខសញ្ញា និង​ដីកា​ធ្វើយ៉ាងណា​ឲ្យ​នៅក្នុង​ទិន្នន័យ​បច្ចេកវិទ្យា​ទាំងអស់​។​

​ទី​២-​ខិតខំ​ធ្វើ​បច្ចុប្បន្នភាព​គ្រប់​ផែនការ​ទាំង​៦ ដែល​បាន​ដាក់ចេញ​កន្លងមក​សម្រាប់​ការកាត់បន្ថយ​បទល្មើស​លួច ឆក់ ប្លន់​ជាដើម​។​

​ទី​៣-​លើកកម្ពស់​សមត្ថភាព​មន្ត្រី​អនុវត្តន៍​ច្បាប់ ដែល​ពេលបច្ចុប្បន្ន​ក្រសួងយុត្តិធម៌ កំពុងបើក​យុទ្ធនាការ​ដោះស្រាយ​សំនុំរឿង​ដែល​នៅ​កកស្ទះ ដូច្នេះ​ត្រូវតែ​ខំប្រឹង​ពង្រឹងសមត្ថភាព​មន្ត្រីរ​បស់​យើង ដើម្បី​មាន​សមត្ថភាព​ក្នុង​ការកសាង​សំណុំរឿង​ជៀសវាង​មានការ​ថ្លោះធ្លោយ​។​

​ទី​៤-​លើកកម្ពស់​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ ដែល​ការងារ​ចំពោះមុខ​ត្រូវ​បើក​វគ្គ​បណ្តុះបណ្តាល​នៅ​ហ្នឹង​កន្លែង និង​ខិតខំ​លើក​សមត្ថភាព​គ្រូ​បង្គោល និង​រៀបចំ​ធ្វើ​ប័ណ្ណ​សារ​តាមបែប​បច្ចេកវិទ្យា ពាក់ព័ន្ធ​ការគ្រប់គ្រង​ជនល្មើស និង​ពិរុទ្ធជន​។​

​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន ឯកឧត្តម​អគ្គស្នងការ បាន​សង្កត់ធ្ងន់​លើ​បញ្ហា​ចំនួន​៥៖

​ទី​១-​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ត្រូវ​រៀបចំ​ផែនការ​ជួយ​ដល់​ស្នងការ​រាជធានី​-​ខេត្ត ដោយ​ខិតខំ​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​សកម្មភាព ហូរ​ចូល​គ្រឿងញៀន​ពី​ខាងក្រៅ​។​

​ទី​២-​បញ្ហា​ថ្មី​តាម​ច្រកចេញចូល​ដែល​យើង​ធ្លាប់បាន​បង្ក្រាប​តាមផ្លូវ​គោក ជាពិសេស​ភាគ​ខាងជើង​ប្រទេស តាមផ្លូវ​អាកាស និង​តាម​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍ ជាពិសេស​ថ្មីៗ​នេះ យើង​បាន​រកឃើញ​ករណី​មួយចំនួន ដែល​បង្ហាញថា​មាន​សញ្ញាណ​នៃ​ការ​ចរាចរណ៍​តាមផ្លូវ​ទឹក​។​

​ទី​៣-​ខិតខំ​ទប់ស្កាត់​ឲ្យ​បានការ​លួច​កែរ​ច្នៃ​គ្រឿងញៀន ជាក់ស្តែង​ដូច​យើង​ដឹង​ហើយ​ថា ប្រទេស​កម្ពុជា​មិនមែនជា​ប្រទេស​ដែល​ផលិត​គ្រឿងញៀន​ទេ ប៉ុន្តែ​កម្ពុជា​ជា​ប្រទេស​ដែល​ទទួលរង​គ្រោះ ដូចជា​ប្រទេស​ដទៃទៀត​ដែរ ដូច្នេះ​ត្រូវខិតខំ​រក្សា​ឲ្យ​បាន​ថា​ប្រទេស​យើង​មិនមែនជា​ប្រទេស​ដែល​ផលិត​គ្រឿងញៀន​។ បន្ត​ការទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត ខិតខំ​ធ្វើការ​បោសសម្អាត​ឲ្យ​បាន​ដាច់ខាត​មិន​ឲ្យ​មានការ​ប្រើប្រាស់ ឬក៏​ចែកចាយ​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត​សប្បាយ​នោះទេ​។​

​ទី​៤-​បន្ត​ទប់ស្កាត់​ការរីក​រាលដាល​ការជួញដូរ​គ្រឿងញៀន​នៅតាម​សហគមន៍ បើទោះបីជា​មានការ​លំបាក​បន្តិច​ចំពោះ​សមត្ថកិច្ច តែ​ត្រូវតែ​ខិតខំ​ស្តារ​នូវ​ស្ថានភាព​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន​។​

​ទី​៥-​ពាក់ព័ន្ធ​និង​អ្នកប្រើប្រាស់ បើតាម​ផ្លូវច្បាប់​បានចាត់ទុក​ថា​គាត់​ជា​ជនរងគ្រោះ ហើយ​ប្រសិនបើ​គាត់​ស្ម័គ្រចិត្ត​ទទួលយក​ការព្យាបាល សមត្ថកិច្ច​មិន​ធ្វើ​ការចាប់​បញ្ជូនទៅ​តុលាការ​ទេ​។​

​ពាក់ព័ន្ធ​និង​បទល្មើស​ប្រឆាំង​ការជួញដូរ​មនុស្ស ឯកឧត្តម​អគ្គស្នងការ បាន​ជំរុញ​ឲ្យ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​បរទេស និង​វិស័យ​ឯកជន ខិតខំ​ពិនិត្យឡើងវិញ​នៅ​សំណុំរឿង​ចាស់​ដែល​នៅ​សេសសល់​។​

​ទី​III-​ពង្រឹង​ការងារ​អន្តរាគមន៍​ប្រចាំ​បញ្ជា​ដែលជា​ចំណុច​សំខាន់ ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​ទាន់​ហេតុការណ៍ ដូចជា​ករណី​កូ​វីដ​១៩ ការ​រឹតបណ្តឹង​ច្បាប់​ចរាច​ណ៍​ផ្លូវគោក ការងារ​នេះ​មាន​លក្ខណៈ​សំខាន់​ដែលជា​ការងារ​អាទិភាព ហេតុដូច្នេះ​គ្រប់​ស្នងការ​រាជធានី​-​ខេត្ត​ត្រូវតែ​រៀបចំ​ពង្រឹង​វិន័យ មានការ​ហ្វឹកហាត់ ត្រូវតែមាន​ការប្រមូល​ផ្តុំ​កម្លាំង មាន​កន្លែង​ហូបចុក ស្នាក់នៅ ការពិនិត្យ​សុខភាព ការបំពាក់​សម្ភារ​បច្ចេក​ទេស​សម្រាប់​ប្រតិ​ប​ត្ត​ការ ដើម្បី​អន្តរាគមន៍​ទាន់​ហេតុការណ៍​។​

ឯកឧត្តម ក៏បាន​ណែនាំ​ឲ្យ​មានការ​ចងក្រង​ជា​ក្រុម​ធ្វើការ​តាមដាន​ព័ត៌មាន​សង្គម ការទិតៀន ដើម្បី​កែលម្អ ក៏ដូចជា​ការវាយប្រហា​រ​លក្ខណ​ទុច្ចរិត​របស់​ក្រុម​អគតិ ដើម្បី​ធ្វើការ​បកស្រាយ​។​

​ទី​IV-​ការងារ​ព្រំដែន ជាទូទៅ​យើង​បាន​ខិតខំ​ធ្វើ​ច្រើន បើទោះបីជា​មិនទាន់​អាចឆ្លើយតប​បាន​១០០% តែ​រដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏​ដូច​អគ្គស្នងការ​នគរបាល​ជាតិ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ពង្រឹង​មូលដ្ឋាន បំពាក់​មធ្យោបាយ សម្ភារ និង​ស្បៀងអាហារ ជូន​ដល់​កងកម្លាំង​។ ឯកឧត្តម ក៏បាន​ជំរុញ​បន្ថែម​លើ​ការងារ​ថែទាំ​កងកម្លាំង ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ដៃគូ​ជាប់​ព្រំដែន សំដៅ​ទប់ស្កាត់​រាល់​បទល្មើស​ទាំង​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ការនាំ​ពលករ​ចេញ​ខុសច្បាប់​ជាដើម​។ លើកទឹកចិត្ត​កងកម្លាំង​ឲ្យ​មានការ​បង្កបង្កើនផល​នៅ​ហ្នឹង​កន្លែង ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​បងប្អូន​នៅតាម​អង្គភាព​។​

​ទី​V-​ការងារ​កសាង​ធនធានមនុស្ស​ក៏​ជា​ចំណុច​សំខាន់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​សង្កត់ធ្ងន់​ឲ្យ​ប្រធាន​នាយកដ្ឋាន​-​អង្គភាព​ទាំងអស់​នៅតាម​រាជធានី​-​ខេត្ត យកចិត្តទុកដាក់​ក្នុងការ​ពង្រឹងសមត្ថភាព គុណភាព​របស់​កងក​ម្លាំ​ង ជាពិសេស​ការគោរពវិន័យ វត្តមាន គ្រប់គ្រង​ស្មារតី សតិអារម្មណ៍ ផ្សព្វផ្សាយ​អប់រំ និង​ផ្តល់ព័ត៌មាន​អំពី​សភាពការណ៍​ថ្មី​ដល់​បងប្អូន​ឲ្យ​បាន​ជ្រួតជ្រាប ជៀសវាង​ខ្វះខាត​ព័ត៌មាន​នាំ​ឲ្យ​មាន​អារម្មណ៍​មិន​ហ្នឹង​ហ្ន និង​ធ្វើ​បច្ចុប្បន្ន​ភាពជាក់ស្តែង​ទៅតាម​ស្ថានការណ៍​។ ជំរុញ​ឲ្យ​មានការ​បើក​វគ្គ​បណ្តុះបណ្តាល​នៅតាម​អង្គភាព និង​តាម​ផែនការ​ដែលមាន​ប្រចាំឆ្នាំ និង​ស្នើ​ឲ្យ​នាយកដ្ឋាន​បុគ្គលិក​ខិតខំ​វាយតម្លៃ​វិន័យ​ចំពោះ​កងកម្លាំង​ទៅតាម​បទបញ្ជា​០០៦ របស់​កងកម្លាំង​នគរបាលជាតិ ឬក៏​អង្គភាព​ដែលមាន​ស្នាដៃ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​សង្កត់ធ្ងន់ ចំពោះ​ការងារ​ដឹកនាំ​បញ្ជា​ដែល​កំណត់​សិទ្ធិអំណាច និង​របៀបរបប​ធ្វើការ ការទទួល​បញ្ជា​ពី​សេនាធិការដ្ឋាន ក្រោម​ការដឹកនាំ​របស់​អគ្គស្នងការ ទៅ​ស្នងការដ្ឋាន ឬក៏​អង្គភាព​ចំណុះ​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕

 

អត្ថបទដែលជាប់ទាក់ទង