ធ្វើស្រែបង្ហាញដោយប្រើគ្រឿងយន្ត និងឧបករណ៍សម្រាប់ បម្រើឱ្យវិស័យផលិតកម្មស្រូវ បែបបច្ចេកវិជ្ជាទំនើប
កំពង់ចាម ៖ វិស័យកសិកម្មកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ពីសម័យកាលមួយមកសម័យកាលមួយ ហើយជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ មោះមុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសចេញពីប្រទេសអសន្តិសុខស្បៀង មកជាប្រទេសមានសមត្ថភាពផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់ និងឈានជាំហានៗ មកជាប្រទេសផលិតស្បៀងសម្រាប់ធ្វើការនាំចេញ។
ជាក់ស្តែង ផលិតកម្មស្បៀងដែលបាននិងកំពុងធ្វើការនាំចេញយ៉ាងសស្រាក់សស្រាំនាពេលបច្ចុប្បន្នគឺស្រូវ អង្ករ ដំឡូងមីស្រស់ និងក្រៀម គាប់ស្វាយចន្ទីស្រស់ និងផលិតផលសម្រេច ស្វាយស្រស់ និងផលិតផលសម្រេច ចេកអំបូងលឿង មានប៉ៃលិន បន្លែ ផលត្រីទឹកសាប និងសមុទ្រ គោ និងក្របី។ល។
ជាសក្ខីភាព ដើម្បីបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីការវិវឌ្ឍន៍រីកចម្រើននៃវិស័យកសិកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម សហការី អាជ្ញាធរមូលដ្ឋាន និងបងប្អូនកសិករ បានអញ្ជើញមកចូលរួមសកម្មភាពធ្វើស្រែបង្ហាញដោយប្រើគ្រឿងយន្ត និងឧបករណ៍សម្រាប់ បម្រើឱ្យវិស័យផលិតកម្មស្រូវ នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បន្ទាប់ពីបានអញ្ជើញបញ្ជាគ្រឿងចក្ររួចមក ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូត និងឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានធ្វើការសំណេះសំណាលជាមួយកសិករ ដោយឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត និងឯកឧត្តមឯកអគ្គរដ្ឋទូតបានធ្វើចំណាប់អារម្មណ៍ ទាក់ទងនឹងសកម្មភាពនាព្រឹកនេះ ដោយបានរំលេចនូវចំណុចសំខាន់ៗទាក់ទងការអភិវឌ្ឍវិស័យ កសិកម្មនៅទូទាំងខេត្តកំពង់ចាម ជាពិសេសការប្រើប្រាស់គ្រឿងយន្តស្របពេលដែលកម្លាំងពលកម្មទាំងមនុស្ស និងសត្វបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។
ដោយឡែក ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើចំណាប់អារម្មណ៍ផងដែរអំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យកសិកម្ម តាមរយៈគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងគម្រោងផ្សេងៗទៀត ជាពិសេសជំនួយរបស់រដ្ឋបាលអូស្ត្រាលីក្នុងកាល:ទេស:ដែលពិភពលោក ក៏ដូចកម្ពុជាបាននិងកំពុងជួបប្រទះវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។ មុនលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងសមានទុក្ខយ៉ាងក្រៀមក្រមជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសជាមួយក្រុមគ្រួសាររបស់លោកឧត្តមសេនីយ៍ទោ ស សាវី ដែលបានបាត់បងជីវិតដោយសារជំងឺកូវីដ-១៩ ក្នុងពេលបំពេញបេសកកមដើម្បីបុព្វហេតុមនុស្សធម៌ និងអង្គការសហប្រជាជាតិដ៏ថ្លៃថ្លា។
បន្ទាប់មក ឯកឧត្តមឯកអគ្គរាជទូតបានរៀបរាប់ដោយសង្ខេប អំពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងប្រទេសទាំងពីរតាមរយ:ការផ្តល់ជំនួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុតាមរយ:គម្រោងកម្មវិធី CAVAC និងជាពិសេសការកសាងវិទ្យា ស្ថានស្រាវជ្រាវ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា (CARDI) និងការបណ្តុះបណ្តាលធនធានមនុស្ស។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានផ្តល់ក្តីសង្ឃឹមថា រដ្ឋាភិបាលអូស្ត្រាលីនឹងនៅតែជាដៃគូអភិវឌ្ឍយូរអង្វែង ជាមួយកម្ពុជាក្នុងកាលៈទេសៈកូវីដ-១៩ ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀង និងធ្វើឱ្យវិស័យសេដ្ឋកិច្ចកម្ពុជា ឆាប់បានជាសះស្បើយបន្ទាប់ពីវិបត្តិកូវីដ-១៩។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិត និងប្រមុខដឹកនាំរាជរដ្ឋាភិបាល មកជូនបងប្អូនឃុំផ្តៅជុំ និងដោយ ឡែកបងប្អូនដែលមានវត្តមាននាពេលនេះ ហើយសម្តេចបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទូទាំងខេត្តកំពង់ចាមឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ។
ឯកឧត្តមបានកោតសរសើរចំពោះអគ្គនាយកដ្ឋានកសិកម្ម ដែលបានរៀបចំកម្មវិធីនេះ និងជាពិសេសបានថ្លែង អំណរគុណចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមអភិបាលខេត្ត ដែលបានអញ្ជើញចូលរួមកម្មវិធីដ៏មានអត្ថន័យនាពេលនេះ។
ឯកឧត្តមបានបញ្ជាក់ជូនអង្គពិធីជ្រាបថា កម្មវិធីនេះគឺជានិមិត្តរូបនៃការចាប់ផ្តើមរដូវដាំដុះស្រូវរដូវវស្សាឆ្នាំ២០២០ និងជាការបង្ហាញអំពីការវិវឌ្ឍរីកចម្រើននៃវិស័យផលិតកម្មដំណាំស្រូវ ពីការប្រើប្រាស់កំលាំងពលកម្មមនុស្ស និងសត្វពាហនៈ មកប្រើប្រាស់គ្រឿងយន្តជំនួសវិញ។ សមិទ្ធផលនាថ្ងៃនេះ ស្តែងចេញពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយជំរុញកំណើនផលិតកម្មកសិកម្ម ដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចតាមរយៈការធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការនាំចេញ ដោយការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបទាន់ សម័យធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច បរិយាប័ន នរវានុវត្តន៍ និងការប្រែប្រួលអាកាសធាតុ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យកសិកម្ម គឺមានរយៈពេលជាង២៥ឆ្នាំហើយ។ រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានជួយលើក កម្ពស់វិស័យកសិកម្មនៅកម្ពុជា គឺចាប់ផ្តើមពីការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យកសិកម្មគ្រប់កម្រិតជំនាញ។ លើសពីនេះ បានពង្រឹងផ្នែកស្រាវជ្រាវតាមរយៈកម្មវិធីស្រាវជ្រាវកម្ពុជាអូស្ត្រាលី និងបង្កើតឱ្យមានវិទ្យាស្ថាន CARDI ដែលវិទ្យាស្ថាននេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ បង្កាត់ពូជស្រូវ និងផ្សព្វផ្សាយ ហើយឈានទៅសម្រេចបាននូវគុណភាពអង្ករដែលពិភពលោកទទួលស្គាល់។
ដោយឡែក តាមរយៈកម្មវិធី CAVAC តំណាក់កាលទី១ បានចូលរួមចំណែកក្នុងនោះមានការជំរុញកសិធុរៈកិច្ច (Agribusiness Intervention) ការកសាងប្រព័ន្ធធារាសាស្ត្រ (Irrigation Infrastructure)។ ដំណាក់កាលទី២ គឺផ្តោតលើការជំរុញផលិតភាព និងគុណភាពផលិតកម្មដំណាំដែលមានតម្លៃខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ការពង្រឹងប្រព័ន្ធទីផ្សារ ការបង្កើនផលិតភាពសម្រាប់ការប្រកួតប្រជែង ការបង្កើនប្រាក់ចំណូលរយៈពេលវែងរបស់កសិករខ្នាតតូច និងពាណិជ្ជករផ្នែកស្រូវអង្ករនិងដំណាំផ្សេងៗ។
ក្រៅពីនេះ កម្មវិធី CAVAC ចូលរួមរៀបចំបទដ្ឋានគតិយុត្ត ក្រោមច្បាប់ពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ រៀបចំប្រព័ន្ធត្រួតពិនិត្យនិងបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ (QDS) ផ្តល់ការគាំទ្រសកម្មភាពដល់នាយដ្ឋាន ពូជដំណាំដោយគិតទាំងការពង្រឹងសមត្ថភាពមន្ត្រី គាំទ្រថវិកាដល់ CARDI។ សិក្សាស្រាវជ្រាវស្តីពីប្រភេទដំណាំមានសក្តានុពលសម្រាប់នាំចេញ ធ្វើការជាមួយអគ្គនាយកដ្ឋានស្រាវជ្រាវលើជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី។ល។
តាមរយៈកម្មវិធីជំនួយឧបត្ថម្ភដ៏ធំធេងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលប្រទេសអូស្ត្រាលី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជានាពេលកន្លងមក ហើយពិតណាស់ជំនួយនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។ ឯកឧត្តមក៏បានសំណូមពរដល់រដ្ឋាភិបាលអូស្ត្រាលី ឱ្យបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់វិស័យកសិកម្ម ជាពិសេសជួយបន្តកម្មវិធី CAVAC III បន្តទៀត៕