អគ្គនាយកដ្ឋានកីឡាទទួល បានសម្ភារការពារមេរោគ កូវីដ-១៩ពីក្រុមហ៊ុនកូរ៉េខាងត្បូងនៅកម្ពុជា
ភ្នំពេញ៖នាល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាទទួលបានសម្ភារការពារមេរោគកូវីដ-១៩ សំខាន់ៗដូចជាម៉ាស់មុខ១០០០បន្ទះ ស្រោមដៃការពារ១០០ប្រអប់ ដកដាក់អាល់កុល៥០ ដប និងទឹកអាល់កុលលាងដៃ១២០កាដុងស្មើ៣៦០០លីត្រពីក្រុមហ៊ុន The Korea Chmber of Commerce in Cambodia ។
ក្រុមហ៊ុន The Korea Chmber of Commerce in Cambodia បាននិយាយថា ក្នុងពេលមានវិបត្តិសុខភាពសកល ដូចជា មេរោគកូវីដ-១៩ នេះ វិស័យឯកជន និងវិស័យសាធារណៈត្រូវចូលរួមឲ្យបានលឿន និងជួយគ្នាទៅវិញទៅមកតាមដែលអាចធ្វើទៅបាន។ យើងជឿថា ក្រុមហ៊ុនត្រូវតែក្រោកឈរឡើង និងឆ្លើយតបទៅតាមការអំពាវនាវឲ្យបានទាន់ពេលវេលា។ការឧបត្ថម្ភរបស់យើងដល់អគ្គនាយកដ្ឋានកីឡា គឺជាការឧបត្ថម្ភមួយក្នុងចំណោមការឧបត្ថម្ភជាច្រើនដែលក្រុមហ៊ុនបានធ្វើក្នុងពេលថ្មីៗនេះ ហើយយើងនឹងឧបត្ថម្ភដល់សហគមន៍ដែលយើងកំពុងបម្រើជាបន្តទៀត។
លោក អ៊ុក សិទ្ធិជាតិ បានឲ្យដឹងថា ក្រុមហ៊ុនបានបង្ហាញនូវគំនិតផ្តួចផ្តើម និងទំនួលខុសត្រូវដ៏មានសារសំខាន់ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបមេរោគកូវីដ-១៩ ហើយយើងសូមប្រគល់លិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុន The Korea Chmber of Commerce in Cambodia ចំពោះការឧបត្ថម្ភដ៏មានអត្ថន័យនេះ។ សម្ភារទាំងនេះ នឹងជួយការពារសុខភាព និងសុវត្ថិភាពដល់មន្ត្រី និងប្រជាជននៅក្នុងសហគមន៍ជាច្រើននៅក្នុងគ្រាដ៏លំបាកនេះ”។
លោកបានបន្តថា សម្ភារការពារមេរោគកូវីដ-១៩ទំាងនេះក្នុងនាមអគ្គនាយកកីឡានឹងយកទៅបែងចែកជូនដល់សហព័ន្ធកីឡាជាតិចំនួន៣២ដែលមានក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលកំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្មនៅពហុកីឡដ្ឋានជាតិតាមការណែនាំបច្ចេកទេសរបសក្រសួងសុខាភិបាល ។ ដូច្នេះមុនពេលចូលហាត់យើងត្រូវការត្រួតពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ ហើយម៉ឹងម៉ាត់ជាប្រចាំតាមការណែនាំដោយសហការជាមួយក្រសួងសុខាភិបាល៕