ឈ្មោះ សែម តូនី ជេរសមត្ថកិច្ចថា ទុកម៉ូតូនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ តែ១យប់១ថ្ងៃ បាត់គ្រឿងម៉ូតូអស់ហើយភ័យខ្លួន ចូលបានសារភាព និងទទួលកំហុស ថាព័ត៌មានមិនពិត
ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការកោះហៅឈ្មោះ សែម តូនី ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Sem Tony បង្ហោះព័ត៌មានមិនពិត ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺករណីដែលខ្លួន បានផុសនូវព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំមកលើសមត្ថកិច្ច។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុង ចំពោះគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sem Tony ដែលបានផុសរឿងមិនពិត ថា « ទុកម៉ូតូនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់តែ១យប់១ថ្ងៃ បាត់គ្រឿងម៉ូតូអស់ហើយ ទាំងបូមមុខ បូមក្រោយ បេនស៊ីម៉ាំង និយាយរួមមកគឺគ្រឿងសំខាន់អស់រលីងហើយ» ។
នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើរកោះហៅឈ្មោះ សែម តូនី ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Sem Tony បង្ហោះព័ត៌មានមិនពិត ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺករណីដែលខ្លួន បានផុសនូវព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំមកលើសមត្ថកិច្ច ជាពិសេសជាផុសនូវព័ត៌មានមិនពិតនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់សមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សែម តូនី បានសារភាព និងទទួលកំហុសដែលខ្លួន បានផុសព័ត៌មានមិនពិតដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នគរបាលជាតិ ។ បុគ្គលរូបនេះ ក៏បានថតជាវីដេអូឃ្លីប ដើម្បីធ្វើការសុំទោសជាសាធារណៈ នូវកំហុសដែលខ្លួនបានប្រព្រឹត្តិ និងសុំការយោគយល់ លើកលែងទោសពីសមត្ថកិច្ចផងដែរ ។ ជាពិសេសបុគ្គលរូបនេះក៏បានធ្វើកិច្ចសន្យាថា ចាប់ពីពេលនេះតទៅគឺឈប់ផុសរឿងមិនពិតទៀតហើយ ។
ជាក់ស្តែងម៉ូតូដែលបានយកមករក្សាទុកនោះ មិនមានបាត់បង់អ្វីដូចបុគ្គលរូបនេះ បានផុសឡើយ ហើយសមត្ថកិច្ចថែមទាំងមានរូបភាព នៅពេលប្រគល់ម៉ូតូឲ្យវិញ ហើយបុគ្គលរូបនេះ ក៏បានពិនិត្យយ៉ាងច្បាស់ថា មិនមានបាត់បង់អ្វីឡើយ ។
សូមអានព័ត៌មានលម្អិតពីករណីនេះដូចខាងក្រោម : ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សូមបំភ្លឺថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ៣០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងភ្ជង់ប្លន់យកកាបូបប្រាក់ និងជួញដូរគ្រឿងញៀន) និងកាន់កាប់អាវុធដោយខុសច្បាប់ ។
ក្នុងនោះមាន២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនមានឈ្មោះ ៖ ទី១. ឈ្មោះ ហុក ណារិន ភេទប្រុស អាយុ២៩ឆ្នាំ ទី២. ឈ្មោះ ហ៊ាន ប្រឹមប្រិយ ភេទប្រុស អាយុ១៨ឆ្នាំ និងបានដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ក្រចេះ ១E.២៩៦៥ (ទាំង២នាក់នេះ គឺជាបងប្អូនជីដូនមួយនឹងគ្នា ) ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចធ្វើការស្រាវជ្រាវ ជាលទ្ធផល ឈ្មោះ ហុក ណារិន មានការពាក់ព័ន្ធនឹងការសមគំនិត ក្នុងការជួញដូរគ្រឿងញៀន ដោយឡែកម្នាក់ទៀតឈ្មោះ ហ៊ាន ប្រឹមប្រិយ (ឃាត់ខ្លួនក្នុងរង្វង់កិច្ចប្រតិបត្តិការ) មិនមានជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀនទេ ។ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា សមត្ថកិច្ចក៏បានធ្វើការអប់រំ ព្រមទាំងឲ្យអាណាព្យាបាលមកធានា និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញ ព្រមទាំងប្រគល់ម៉ូតូឲ្យសាមីខ្លួន ហើយបានពិនិត្យម៉ូតូ ព្រមទាំងនិយាយប្រាប់ថា មិនមានបាត់អីទេ ក៏បានយកម៉ូតូជិះចេញបាត់ទៅ ៕