ស្ថានទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងកម្ពស់ លើសកម្រិតប្រកាសអាសន្ន
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ពីស្ថានទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងកម្ពស់ លើសកម្រិតប្រកាសអាសន្ន គឺមកដល់ម៉ោង ១០:០០ នាទីព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៧៧ម៉ែត្រ ខណៈកម្រិតកម្ពស់ដែលត្រូវប្រកាស ឱ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ ម៉ែត្រ ប៉ុណ្ណោះ ។ ពេលនេះ ទឹកទន្លេបានចាប់ផ្តើមលិចចូលតំបន់ទំនាបមួយចំនួន ដែលនៅតាមដងទន្លេជាបណ្តើរៗហើយ។
ដើម្បីធានាបាននូវការពារសន្តិសុខ សុវត្ថិភាព និងធានាដល់ការគ្រប់គ្រងទ្រព្យសម្បត្តិ ត្រៀមបង្ការផលប៉ះពាល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ពិសេសប្រជាពលរដ្ឋ រស់នៅប្រកបមុខរបរតាមដទន្លេមេគង្គ និងទន្លេកុង ក្នុងខេត្តស្ទឹងត្រែង។
រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រាប់ដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីទឹកជំនន់ តាមទីតាំងនានា ដែលនឹងអាចបង្ក ឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ភូមិឃុំ សង្កាត់ តាមដងទន្លេមេគង្គ និងទន្លេកុង។ អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់នៅថ្នាក់ភូមិ ឃុំ ក្រុង ស្រុក ក្នុងខេត្តស្ទឹងត្រែង ដាក់ចេញនូវផែនការត្រៀមបង្ការ និងត្រៀមជួយអន្តរាគមន៍សង្គ្រោះ ប្រជាពលរដ្ឋកំពុងរស់នៅ ប្រកបមុខរបរ តាមមូលដ្ឋានដែលនឹងអាចរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិនេះ ឲ្យបានទាន់ពេលវេលា ធានាបានភាពកក់ក្តៅ និងសាមគ្គីភាព៕