ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល រកឃើញ បុរស​ជនជាតិខ្មែរ​បា​រាំង អាយុ​៣០​ឆ្នាំ មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទៀត 

71

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩​ថ្មី ១​នាក់​ទៀត នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០ ដែលជា​ករណី​នាំចូល និង​ជា​ករណី​ទី​១២៦ ។​

​បើតាម​ក្រសួងសុខាភិបាល បុរស​ជនជាតិខ្មែរ​បា​រាំង អាយុ​៣០​ឆ្នាំ ដែល​រកឃើញ​មាន​មេរោគ​កូ​វីដ​១៩​នេះ បានធ្វើ​ដំណើរ​មកពី​ប្រទេស​បារាំង តាម​ជើងហោះហើរ​ពី​សាធារណរដ្ឋ​កូរ៉េ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០២០ ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​យក​វត្ថុ​សំណាក​របស់គាត់ ទៅ​វិភាគ​ឡើងវិញ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុងអំឡុង​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​របស់គាត់ ដែល​ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០​។ បច្ចុប្បន្ន បុរស​រូបនោះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​

​គួរកត់សម្គាល់​ផងដែរ​ថា លទ្ធផល​វិភាគ​សំណាក​របស់គាត់ នៅ​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០២០ គឺ​អវិជ្ជមាន​។ ប្រទេស​ដែល​បុរស​ខាងលើនេះ បានធ្វើ​ដំណើរ និង​ស្នាក់នៅ​រយៈពេល​១៤​ថ្ងៃ ចុងក្រោយ មុន​មកដល់​កម្ពុជា គឺ​ប្រទេស​អង់គ្លេស អាល្លឺម៉ង់ បារាំង និង​ប្រទេស​កូរ៉េ​។​

​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​រក​អ្នក​ប៉ះពាល់​។​
​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ឲ្យ​ដឹងថា រហូតដល់​ម៉ោង ៧​និង​៣០​ព្រឹក ថ្ងៃទី ៧ មិថុនា ២០២០ ក្រសួង សុខាភិបាល​រកឃើញ​ក​រ​ណី​ជំងឺ​កូ​វីដ​-១៩ មួយ​ករ​ណ​ថ្មី ចំនួន​សរុប​កូ​វីដ​-១៩ កើន​ដល់​១២៦​នាក់ ដូច្នេះ​ចំនួន​សម្រាក​នៅ​ពេទ្យ​កើន​៣​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន​១២៣​នាក់ និង​ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​
​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យារ​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។​
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រង់ចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។​
​យើង​ត្រូវ​បន្ត​ពាក់​ម៉ាស​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។​

​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ៕

 

អត្ថបទដែលជាប់ទាក់ទង