ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបោះឆ្នោតនៅកម្ពុជា ​ប្រព្រឹត្តទៅក្នុងលទ្ធផលយ៉ាងល្អ ដំណើរការដោយសេរី យុត្តិធម៌ ​តម្លាភាព និងឆ្លុះបញ្ចាំងការរីកចម្រើនលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ

127

 

ភ្នំពេញ៖ លោកសាស្រ្តាចារ្យបណ្ឌិត Anton Caragea ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មសហគមន៍អឺរ៉ុប និងជា អ្នកសង្កេតការណ៍មកពីអឺរ៉ុបបានបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា ​ប្រព្រឹត្តទៅក្នុងលទ្ធផលយ៉ាងល្អ ដំណើរការដោយសេរី យុត្តិធម៌ ​តម្លាភាព និងឆ្លុះបញ្ចាំងការរីកចម្រើនលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រោយជំនួបថា នៅក្នុងជំនួបនេះ លោកសាស្រ្តាចារ្យបណ្ឌិត Anton Caragea ​បានជំរាបជូនសម្តេចថា ការទៅចូលរួមបោះឆ្នោតជាង៨២ភាគរយ របស់ប្រជាជនកម្ពុជានោះ គឺជាការឆ្លុះបញ្ចាំងនូវឆន្ទៈរបស់ប្រជាជនកម្ពុជាពិតៗ។

លោកបានបន្តថា តាមរយៈការសង្កេតការណ៍ និងរបាយការណ៍ទាំងឡាយ អំពីដំណើរការបោះឆ្នោត លោកសូមចូលរួមសំដែង នូវការអបអរសាទរជាមួយសម្តេចតេជោ ហ៊ុន សែន ដែលការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តទៅទទួលបាន នូវលទ្ធផលយ៉ាងល្អ ក្នុងដំណើរការសេរី យុត្តិធម៌ មានតម្លាភាព និងឆ្លុះបញ្ចាំងអំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពិតប្រាកដ ដោយគ្មានអំពើហិង្សាណាមួយ កើតឡើងឡើយ។

លោកក៏បានជំរាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ អំពីរបាយការណ៍ចុងក្រោយនៃបេសកកម្មសង្កេតការណ៍ ការបោះឆ្នោតអាណត្តិទី៦នេះ ក៏ដូចជារបាយការណ៍ ចេញពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មសហគមន៍អឺរ៉ុប ពាក់ព័ន្ធនឹងការបោះឆ្នោត អាណត្តិទី៦នេះ និងរបាយការណ៍ជាបឋម និងរបាយការណ៍ចុងក្រោយ របស់អ្នកសង្កេតការណ៍អន្តរជាតិ ជូនដល់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ លោកក៏បានជំរាបជូនសម្ដេចផងដែរ នូវលទ្ធផលនៃការសង្កេតការណ៍ របស់សហគមន៍បណ្ឌិត្យសភាអន្តរជាតិ ដែលក្នុងនោះ បានសម្ដែងនូវការអបអរសាទរ ចំពោះជោគជ័យដែលកម្ពុជាសម្រេចបានមកនេះ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ ជូនចំពោះក្រុមអ្នកសង្កេតការណ៍ទាំងអស់ ដែលបានចំណាយពេលវេលា មកតាមដានពិនិត្យមើល ដំណើរការបោះឆ្នោតនៅកម្ពុជា និងបានវាយតម្លៃយ៉ាងម៉ត់ចត់ ចំពោះដំណើរការបោះឆ្នោតទៅតាមស្ថានភាព ដែលបានមើលឃើញជាក់ស្តែង។

សម្ដេចតេជោ ហ៊ុន សែន ​ក៏បានជម្រាបជូន លោក Anton Caragea ផងដែរថា តាមរដ្ឋធម្មនុញ្ញប្រទេស គឺកម្ពុជាត្រូវរៀបចំការបោះឆ្នោត តាមបែបលិទ្ធិប្រជាធិបតេយ្យ ៥ឆ្នាំម្តងៗ គឺនៅថ្ងៃអាទិត្យសប្ដាហ៍ទី៤ នៃខែកក្កដា ដែលគ្រប់គណបក្សនយោបាយទាំងអស់ បានដឹងគ្រប់ៗគ្នាអំពីដំណើរការនេះ ដើម្បីពួកគេមានឱកាស ចូលរួមប្រកួតប្រជែងគ្រប់ៗគ្នាដោយគ្មានការរើសអើង។​

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា សិទ្ធិអំណាចនាយករដ្ឋមន្រ្តីខ្មែរ គឺមិនមានសិទ្ធិរំលាយរដ្ឋសភា ហើយរៀបចំការបោះឆ្នោតមុនពេលកំណត់ មិនដូចប្រទេសមួយចំនួនទេ ព្រោះអ្វីៗគឺត្រូវធ្វើតាមការកំណត់ដោយច្បាប់ប្រទេស ដែលអនុវត្តតាមលិទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ៕​

 

អត្ថបទដែលជាប់ទាក់ទង