ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អ្នកនាំពាក្យ ៖ នគរបាល​ពុំបាន​ចាប់ខ្លួន ឬ អនុវត្ត​ច្បាប់ ចំពោះ​សកម្មជន​អាវ​ក្រហម​ថៃ ដែល​ស្នាក់អាស្រ័យ នៅ​កម្ពុជា​នោះទេ​

85

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ នេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា សមត្ថកិច្ច​នគរបាល​ពុំបាន​ចាប់ខ្លួន ឬ អនុវត្ត​ច្បាប់​ចំពោះ​សកម្មជន​អាវ​ក្រហម​ថៃ ដែល​ស្នាក់អាស្រ័យ​នៅ​កម្ពុជា​នោះទេ​។ ជាមួយគ្នានេះ សមត្ថកិច្ច​កម្ពុជា​ក៏​កំពុង​ស្រាវជ្រាវ​បន្ត​ពាក់ព័ន្ធ​នឹង​ករណីនេះ ជាពិសេស​តម្រុយ​ដែល​បង្ហាញ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ពាក់ព័ន្ធ​នឹង​ការបាត់​ខ្លួន​របស់​បុគ្គល​ខាងលើ​។​

​ឯកឧត្តម​បញ្ជាក់ថា​៖ «​សមត្ថកិច្ច​បដិសេធ ចំពោះ​ការ​ផ្សព្វ​ផ្សារ​របស់​សារព័ត៌មាន ពិសេស​បណ្តាញ​ទំនាក់ទំនង​សង្គម អំពី​ការចាប់ខ្លួន លោក វ៉ាន់​ឆា​ឡឺម ព្រោះ​សមត្ថកិច្ច​កម្ពុជា​មិនបាន​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​រូបនេះ​ទេ​។ ដោយឡែក វីដេអូ​កាមេរ៉ា​ពាក់ព័ន្ធ​នឹង​បុគ្គល​រូបនេះ សមត្ថកិច្ច​នឹងធ្វើ​ការ​ស្រាវជ្រាវ​បន្តទៀត​»​។​

​និស្សិត​ថៃ​ឈ្មោះ វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិ​សិទ្ធ (Wanchalearm Satsaksit) ដែលជា​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម​ថៃ ត្រូវបាន​កាសែត​ថៃ​ផ្សាយ​ថា ត្រូវបាន​ចាប់ខ្លួន​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ គ្រា​ដែល​សកម្មជន​ក្រុម​អាវ​ក្រហម​នេះ រត់​ពី​ប្រទេស​ថៃ មក​ស្នាក់អាស្រ័យ​នៅ​កម្ពុជា​។ បុគ្គល​រូបនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ តាំងពី​ឆ្នាំ​២០១៤ មក​។​

​កាលពី​ម្សិលមិញ សមាជិក​ក្រុម​អាវ​ក្រហម​របស់​ថៃ​មួយក្រុម​តូច បានធ្វើ​ការតវ៉ា​នៅមុខ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​បាងកក ដោយ​ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​លើ​ករណី លោក Wanchalearm Satsaksit ដែល​ពួកគេ​ចោទថា ត្រូវបាន​ចាប់ពង្រត់​រាជធានី​ភ្នំពេញ​៕

អត្ថបទដែលជាប់ទាក់ទង