សម្តេចសាទរចំពោះការនាំផ្លែស្វាយ ចេញទៅប្រទេសចិន នឹងផ្តល់ការងារ និងប្រាក់ចំណូល កាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋ
ភ្នំពេញ៖ បើតាមការផ្សាយព័ត៌មានលើផេកហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Ministerនៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា “ខ្ញុំសូមអបអរសាទរ និងកោតសរសើរ ចំពោះការខិតខំរបស់ក្រសួងកសិកម្ម ក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ដែលនៅថ្ងៃទី៩ ខែ មិថុនា ២០២០ នេះគឺកម្ពុជានិងមិត្តចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើ “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន” ។
សម្តេច បានថ្លែងសារអរគុណចំពោះលោកអគ្គរដ្ឋទូតចិន និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញការងារនេះ រហូតឈានដល់កិច្ចព្រមព្រៀងគ្នាជាផ្លូវការនៅថ្ងៃនេះ។ នេះជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករដែលកំពុងវិនិយោគលើដំណាំស្វាយ ដែលកំពុងមានក្តីកង្វល់ព្រោះមានចំការជាច្រើន ដែលមានស្វាយទុំជ្រុះចោលហើយ តម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន។ បើតាមព័ត៌មានទទួលបាន គឺមានអាជីវករបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនចំនួន ២០លើផ្ទៃដី ២១.២៨៦ហិកតា។ យើងសង្ឃឹមថា ក្រោយពីអគ្គនាយកដ្ឋានកសិកម្ម ចុះត្រួតពិនិត្យនិងវាយតម្លៃលើចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចហើយ គឺនឹងឈានដល់ការនាំចេញផលិតផលស្វាយខ្មែរ នៅពេលឆាប់នេះមិនខាន។
តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិន នឹងផ្តល់ការងារនិងប្រាក់ចំណូលកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាល ដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩។
សូមបងប្អូនប្រជាកសិករ និងពាណិជ្ជករពង្រឹងបច្ចេកទេសដាំដុះ ឲ្យមានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីយើងអាចមានលទ្ធភាពកែច្នៃផ្លែស្វាយ ដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើន។ អ្វីដែលសំខាន់បំផុតក្នុងការនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន គឺត្រូវតែមានអនាម័យ និងភូតគាមអនាម័យ(SPS) ឲ្យបានល្អដែលអាចទទួលយកបាននៅក្រៅប្រទេស៕