សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។
សម្ដេចក្រឡាហោម បានលើកឡើងថា ផែនការសកម្មភាពនេះជាផ្នែកសំខាន់មួយ នៃការខិតខំប្រឹងប្រែងក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាស្ថាប័នថ្នាក់កណ្ដាលបានដើរតួនាទីសំខាន់ ហើយប្រសិនបើរដ្ឋបាលមានភាពរឹងមាំបានន័យថាសកម្មភាពទាំងអស់ និងការបម្រើសេវាកម្មដល់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ។ សម្ដេចបានលើកឡើងបន្តថា ការធ្វើផែនការលើកដំបូង មិនទាមទារភាពល្អឥតខ្ចោះឡើយ ប៉ុន្តែដើម្បីប្រមូល ស្វែងរកបញ្ហាផ្សេងៗ យកមកពិភាក្សា និងបន្តបែងចែកការងារនានា។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថាផែនការសកម្មភាពនេះត្រូវបានរៀបចំ និងដាក់ឆ្លងកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល ចំនួន២លើក និងបានដាក់ឆ្លងកិច្ចប្រជុំ ក្រោមការដឹកនាំរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ កន្លងមក។ ឯកឧត្តម បានបន្ថែមថា ផែនការសកម្មភាពនេះជាផែនទីដ៏ជាក់លាក់មួយក្នុងការអនុវត្តសកម្មភាពរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងផ្ដោតសំខាន់ទៅលើការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវមុខងារដែលបានប្រគល់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមូលដ្ឋាន និងការលើកកម្ពស់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តដែលបានកំណត់។
គួរជម្រាបជូនថា ផែនការសកម្មភាពអនុវត្តឆ្នាំ២០២០ គឺជាឧបករណ៍សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងជាវិធានការ ក៏ដូចជាដំណោះស្រាយ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនានា។ ផែនការសកម្មភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវា និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋានប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ៕