ចិន កំពុងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង
បាត់ដំបង៖ ក្រុមហ៊ុនចិនមួយឈ្មោះរ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង បានកំពុងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយប្រព័ន្ធពន្លឺព្រះអាទិត្យ មានកម្លាំង៦០មេហ្គាវ៉ាត់ នៅលើផ្ទៃដី៦៥ហិកតា ដើម្បីផ្គត់ផ្គងដល់អគ្គិសនីកម្ពុជាខេត្តបាត់ដំបង ក្នុងការចែកចាយដល់ពលរដ្ឋក្នុងខេត្ត មានភ្លើងប្រើប្រាស់គ្រប់គ្រាន់នៅចំណុចភូមិសូភី ឃុំអន្លងរុន ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក លីវ ឡី អ្នកគ្រប់គ្រងការសាងសង់ស្ថានីយផលិតអគ្គិសនី បានមានប្រសាសន៍ថា បច្ចុប្បន្នស្ថានីយផលិតអគ្គិសនីដើរដោយប្រព័ន្ធពន្លឺព្រះអាទិត្យ មានកម្លាំង៦០មេហ្គាវ៉ាត់ សាងសង់បានប្រមាណ២៣ភាគរយ គ្រោងនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២០ ខណៈសព្វថ្ងៃនេះ មានកម្មករបុគ្គលិកកំពុងបម្រើការងារជាង ១០០នាក់ ហើយក្រុមហ៊ុននឹងបន្ថែមអ្នកធ្វើការជាង ១០០នាក់ទៀត នៅខែសីហាខាងមុខ ដោយផ្ដល់អទិភាពដល់អ្នកភូមិរស់នៅជិតក្បែរស្ថានីយ។ ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនេះនឹងផ្ដល់ប្រយោជន៍ជាច្រើន ដូចជាការជួយអភិវឌ្ឍវិស័យថាមពល បរិស្ថានក្នុងប្រទេសកម្ពុជា និងជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋបានមួយកម្រិតផងដែរ។
ការលើកឡើងនេះ ក្នុងឱកាសចុះទស្សនកិច្ចស្ថានីយដើរដោយពន្លឺព្រះអាទិត្យ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។
ន៍
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការសាងសង់នូវស្ថានីយនេះ គឺស្របនឹងតម្រូវការចាំបា
ច់របស់ពលរដ្ឋក្នុងខេត្ត ដោយសារកំណើនតម្រូវការបានឡើងយ៉ាងគំហុក ព្រោះកាលពីដើមខេត្តបាត់ដំបង ប្រើប្រាស់ភ្លើងត្រឹម ១០មេហ្គាវ៉ាត់ និងដល់បច្ចុប្បន្នឡើងដល់ជាង ៦០ម៉េហ្គាវ៉ាត់។ ការផលិតថាមពលអគ្គិសនី បានកាន់តែច្រើននេះ នឹងធ្វើឲ្យអ្នកវិនិយោគមានការចាប់អារម្មណ៍ ក្នុងការមកវិនិយោគនៅខេត្តបាត់ដំបង លើវិស័យកសិកឧស្សាហកម្មផ្សេងៗ ហើយស្ថានីយនេះ គឺជាការវិនិយោគធំៗ ក្នុងចំណោម៣របស់ក្រុមហ៊ុនចិន ក្នុងទឹកដីខេត្តបាត់ដំបង ដែលវិនិយោគ២ទៀត មានរោងចក្រផលិតសម្បកថ្នាំពេទ្យនិងរោងចក្រស៊ីម៉ងត៍ ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញដល់ក្រុមហ៊ុនកំពុងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីនេះ ត្រូវអភិវឌ្ឍន៍គម្រោងរបស់ខ្លួន កុំឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយជួយអភិវឌ្ឍន៍ជីវភាពពលរដ្ឋក្នុងតំបន់នេះ តាមរយៈការជួយផ្ដល់ការងារឲ្យពួកគាត់បានធ្វើ៕