ដោះស្រាយការអោយទឹកភ្លៀងហូរចូលលូ អភិបាលខណ្ឌច្បារអំពៅ បានចុះកាយសំរាមនិងកំទេចថ្មនៅមាត់លូ
ភ្នំពេញ ៖ បន្ទាប់ពីភ្លៀងធ្លាក់រយៈពេលជាង១ម៉ោង ធ្វើអោយចិញ្ចើមផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ និងច្បារអំពៅទី២ នៅវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងភ្លៀងកំពុងតែធ្លាក់ ចុះកើបកាយយកកាកសំណល់ចេញពីមាត់លូ ដើម្បីបង្ហូរទឹកកុំអោយលិចចិញ្ចើមផ្លូវជាតិ ។
ក្នុងសកម្មភាពចុះកាយសំរាម និងដី នៅមុខអណ្ដូងលូនេះ ឃើញទាំងមេ ទាំងកូនចៅ ចុះមូលជើងខោ លាត់ដៃអាវទាំងអស់គ្នា ក្រោយពីភ្លៀងធ្លាក់មួយមេនេះ ។
គួរបញ្ជាក់ថា៖លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តែងតែបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ចុះកាយសំរាម តាមមាត់លូ និងប្រឡាយ ក្នុងមូលដ្ឋាន នៅរាល់ពេលភ្លៀងធ្លាក់ខ្លាំង ។ បន្ទាប់ពីកម្លាំងចុះកាយសំរាមនោះ សង្កេតឃើញថា ទឹកហូរចូលតាមលូ មិនមានទឹកដក់លើផ្លូវទេ ។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌបានអំពាវនារដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅតាមបណ្ដោយផ្លូវជាតិលេខ១ និងបងប្អូនដែលនៅជាប់មាត់លូ និងមាត់ប្រឡាយ សូមកុំចោលសំរាមកំទេចថ្ម ឬកាកសំណល់ផ្សេងៗ ពិសេសចានស្នោ ដបទឹកសុទ្ឋ តាមដងផ្លូវ មាត់លូ នាំអោយស្ទះពេលភ្លៀងមក បងប្អូនត្រូវទុកដាក់វិខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីភូមិដ្ឋាន និងសង្កាត់ ខណ្ឌរាជធានីយើងល្អ គ្មានសំរាម និងកាកសំណល់ ៕