ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លើកកម្ពស់​ការអប់រំ​ឌីជីថល សម្រាប់​បឋមសិក្សា​នៅ​តំបន់​ជនបទ នឹង​ផ្ដល់ឱកាស​ឱ្យ​កុមារ​ជនបទ ស្វែងយល់​ពី​ប្រព័ន្ធ​អប់រំ​បែប​ឌីជីថល និង​ជួយ​ពង្រឹងសមត្ថភាព​គ្រូបង្រៀន

74

 

​ភ្នំពេញ​៖ នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា (ChildFund Cambodia) ដើម្បី​បំពាក់​ប្រព័ន្ធ​អប់រំ​តាមបែប​ឌីជីថល (​អេឡិចត្រូនិក​) ដល់​សាលារៀន​តាម​តំបន់​ជនបទ ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​កុមារ​ក្នុង​ការបន្ត​ការសិក្សា​តាម​បច្ចេកវិទ្យា​ទំនើប​។ បច្ចេកវិទ្យា​ថ្មី​នេះ នឹង​ផ្ដល់ឱកាស​ឱ្យ​កុមារ​ជនបទ បាន​ស្វែងយល់​ពី​ប្រព័ន្ធ​អប់រំ​បែប​ឌីជីថល និង​ជួយ​ពង្រឹងសមត្ថភាព​គ្រូបង្រៀន​ក្នុងការ​តាមដាន និង​វាយតម្លៃ​សមត្ថភាព​របស់​សិស្ស​

​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក សុក ថា ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន និង​លោក ប្រា​សាន វេ​ម៉ា (Prashant Verma) នាយក​អង្គការ​ឆាល​ហ្វា​ន ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១១ មិថុនា ២០២០ នា​ទីស្ដីការក្រសួង​អប់រំ​។​

​សាលាបឋមសិក្សា​ជនបទ​ចំនួន ១៥ សាលា នឹង​ទទួលផល​ពី​គម្រោង​សាកល្បង​នេះ តាមរយៈ​ការបំពាក់​ប្រព័ន្ធ​មាតិកា​ឌីជីថល (Content Server) ដែល​ផ្ទុក​ទៅដោយ​ឯកសារ​មេរៀន​បែប​ឌីជីថល និង​ធនធាន​អប់រំ​ជាច្រើន​ពី​គេហទំព័រ​នានា ជាពិសេស​គេហទំព័រ​គ្រូ www.krou.moeys.gov.kh ដែល​សិស្ស​អាច​ទាញ​យកមក​រៀនសូត្រ ដោយ​មិនចាំបាច់​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ឡើយ​។​

​គម្រោង​នេះ នឹង​ផ្តល់​លទ្ធភាព​ដល់​សាលា​គោលដៅ​តាម​ជនបទ អាច​ប្រើប្រាស់​ធនធាន​អប់រំ​បែប​ឌីជីថល ដោយ​ដោះស្រាយ​បញ្ហា​ពុំមាន​ប្រព័ន្ធ​អ៊ីនធឺណិត សម្រាប់​ការអប់រំ​ពី​ចម្ងាយ​។ បច្ចេកវិទ្យា​ថ្មី​នេះ នឹង​ផ្ដល់ឱកាស​ឱ្យ​កុមារ​ជនបទ បាន​ស្វែងយល់​ពី​ប្រព័ន្ធ​អប់រំ​បែប​ឌីជីថល និង​ជួយ​ពង្រឹងសមត្ថភាព​គ្រូបង្រៀន​ក្នុងការ​តាមដាន និង​វាយតម្លៃ​សមត្ថភាព​របស់​សិស្ស​។ គម្រោង​នេះ មិន​ត្រឹមតែ​ធានាថា​កុមារ​អាច​បន្ត​ការសិក្សា​ក្នុងស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ ប៉ុណ្ណោះ​ទេ តែ​ជា​ការជួយ​ឱ្យ​សាលា​តាម​ជនបទ​ត្រៀមខ្លួន​សម្រាប់​ការវិវឌ្ឍ​នាពេល​អនាគត ផងដែរ​។​

​គម្រោង​នេះ​នឹងត្រូវ​សាកល្បង​តាម​សាលាបឋមសិក្សា​ក្នុងស្រុក​ស្វាយជ្រំ និង​ស្រុក​រមាសហែក ខេត្តស្វាយរៀង ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា រហូតដល់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​។ គម្រោង​នេះ​នឹង​ផ្តោតលើ​សិស្ស​ពី​ថ្នាក់​ទី ១ ដល់ទី ៦ ហើយ​វិធានការ​កិច្ចការពារ​កុមារ​ទាំងឡាយ នឹងត្រូវ​បានដាក់​បញ្ចូល ដើម្បី​ធានាថា​សិស្ស​រៀនសូត្រ​ដោយ​គ្មាន​ការភ័យខ្លាច​៕

អត្ថបទដែលជាប់ទាក់ទង