ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំ​កម្ពុជា និង​ឥណ្ឌា ​ជួប​សន្ទនា​តាម​ទូរស័ព្ទ​

98

 

​ភ្នំពេញ​៖​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១១​មិថុនា​នេះ បាន​ឲ្យ​ដឹងថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ ឯកឧត្តម ណារិន​ដ្រា ម៉ូ​ឌី ដើម្បី​ពិភាក្សា​អំពី​ការរួម​គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ពី​ទំនាក់ទំនង​ទ្វេភាគី និង​តំបន់​។​

​ឯកឧត្តម ម៉ូ​ឌី បាន​សម្តែង​នូវ​សេចក្តី​រីករាយ ដែល​បាន​ជួបពិភាក្សា​គ្នា​ជាមួយ សម្តេច ដែលជា​មិត្ត​របស់​ឥណ្ឌា ក្នុង​គ្រា​ដែល​ពិភពលោក​កំពុង​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​។ ឯកឧត្តម ម៉ូ​ឌី បាន​កោតសរសើរ សម្តេច និង​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការគ្រប់គ្រង​យ៉ាង​ល្អប្រសើរ​នូវ​ជំ​ងឹ​កូ​វីដ​-១៩ ដែល​អាចជា​គំរូ​មួយ​សម្រាប់​ពិភពលោក​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការគោរព​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ ឯកឧត្តម​នាយករដ្ឋមន្ត្រី ម៉ូ​ឌី និង​រដ្ឋាភិបាល​ឥណ្ឌា ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ ហើយក៏​បាន​ចូលរួម​រំលែក​មរណទុក្ខ ចំពោះ​ការបាត់​បង់ជីវិត​ពល​រដ្ឋ​ឥណ្ឌា​ជាច្រើន​ដោយសារ​ជំងឺ​នេះ​។​

​សម្តេច និង ឯកឧត្តម​នាយករដ្ឋមន្ត្រី បាន​អរគុណ​គ្នា​ទៅវិញទៅមក ចំពោះ​ការយកចិត្តទុកដាក់ និង​សម្រួល​ដល់​ការធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុក​វិញ​នៃ​ពលរដ្ឋ​រៀងខ្លួន​ដែល​ជាប់​នៅ​ប្រទេស​មួយទៀត​។ យន្តហោះ មួយគ្រឿង នឹង​ដឹក​ពលរដ្ឋ និង​និស្សិត​កម្ពុជា​ចំនួន​៦០​នាក់​ពី​ឥណ្ឌា​ម​កម្ពុជា​វិញ នៅ​ថ្ងៃទី​១២ ខែមិថុនា​នេះ ហើយ​ពលរដ្ឋ​ឥណ្ឌា នឹង​បាន​ត្រឡប់​ទៅ​ស្រុក​វិញ​តាម​ជើងយន្តហោះ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​នេះ​
​និង​មួយ​ជើង​ទៀត នៅ​ថ្ងៃទី​១៩ ខែមិថុនា ដែលមាន​ចំនួន​សរុប ២៨០​នាក់​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ ឯកភាពគ្នា​ថា ដំណើរ​ទៅមុខ​ដើម្បី​ស្តារ​ស្ថានភាព​សេដ្ឋកិច្ចសង្គម​ក្រោយ​កូ​វីដ​-១៩ ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​ជា​អន្តរជាតិ​កាន់តែខ្លាំង​ជាង​មុន​។​

​ពង្រីក​សហប្រតិបត្តិកា​រ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ដោយ ឯកឧត្តម នាយករដ្ឋមន្ត្រី​ឥណ្ឌា ចាត់ទុក​ប្រទេស​កម្ពុជា ថា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​នយោបាយ​ធ្វើ​សកម្មភាព​ឆ្ពោះទៅ​ទិសខាងកើត​របស់​ឥណ្ឌា (Act East Policy)​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​លើកសរសើរ​អំពី​តួនាទី​អន្តរជាតិ​ដ៏​សំខាន់​របស់​ឥណ្ឌា ហើយ​ក៏បាន​គាំទ្រ​ដល់​ឥរិយាបថ​មនុស្សធម៌ និង​សមត្ថភាព​របស់​ឥណ្ឌា ក្នុង​ការផលិត​ថ្នាំពេទ្យ ដែល​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយនេះ បាន​ផ្គត់ផ្គង់​ថ្នាំ​
​ជូន​ប្រទេស​ប្រមាណ​១៣០​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ប្តេជ្ញា​បន្ត​ពង្រឹង​សហប្រតិបត្តិការ​តំបន់ ក្នុងនោះ​រួមមាន​ក្របខ័ណ្ឌ​
ASEAN-India និង​មេគង្គ​-​គង្គា​។ ពាក់ព័ន្ធ​នឹង​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌ និង​បុរាណវិទ្យា ឯកឧត្តម​នាយករដ្ឋមន្ត្រី ម៉ូ​ឌី បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ការទុកចិត្ត​ឱ្យ​ឥណ្ឌា ធ្វើជា​សហប្រធាន​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ ដើម្បី​ស្តារ និង​អភិវឌ្ឍ​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ បាន​សម្តែង​នូវ​ក្តីសង្ឃឹម និង​ជូនពរ​ប្រទេស​ទាំងពីរ​ឆ្លងកាត់​ដោយ​ជោគជ័យ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ ឈរលើ​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក​៕

អត្ថបទដែលជាប់ទាក់ទង