ភ្ញៀវទេសចរ ក្នុងស្រុក ១សប្ដាហ៏ ក្នុងខែមិថុនាចេញដើរកំសាន្ដជាង១៥ ម៉ឺននាក់ នៅទូទាំងប្រទេស បើទោះបីជំងឺកូវិដ-១៩រំខានក៏ដោយ
ភ្នំពេញ៖ ក្នុងសប្ដាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៧,៩៤២ នាក់បានចេញដេីរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស ក្នុងកំណេីន ២៤.២០% ធៀបនឹង សប្តាហ៍មុន។
នេះបេីតាមលោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់នៅ យប់ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២០។ ស្ថានភាពទេសចរណ៍ ក្នុងស្រុក នាសប្តាហ៍ទី១ នៃ ខែមិថុនា (០១-០៧) មានភ្ញៀវទេសចរផ្ទៃក្នុងដែលបានចេញដេីរទស្សនានៅតាម រមណីយដ្ឋានទេសចរណ៍ សហគមន៍ ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស មានចំនួន១៥៧,៩៤២នាក់ កើន ឡើង២៤.២០%ធៀបនឹងសប្តាហ៍មុន។
លោកបន្ដថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកទាំងនេះ ភ្ញៀវជាតិមានចំនួន ១៥៤,២៨៦ នាក់ កើនឡើង ២៤.០៧% ចំណែកភ្ញៀវបរទេសក្នុងប្រទេសវិញមានចំនួន ៣,៦៥៦ នាក់ កើនឡើង ៣០.៤៣%។
ជាការកត់សម្គាល់ ក្នុងសប្តាហ៍កន្លងមកនេះភ្ញៀវទេសចរផ្ទៃក្នុងបានហក់ឡើងខ្ពស់ជាងសប្តាហ៍មុនៗ ពិ សេសខេត្តតំបន់ឆ្នេរនៅតែជាគោលដៅទេសចរណ៍យ៉ាងសំខាន់ ដែលបានទាក់ ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជាង ៥០% នៃទេសចរផ្ទៃក្នុងសរុប)។
រីឯខេត្តបាត់ដំបងឃេីញថាកេីនឡេីងជាង ១៣% នៃភ្ញៀវទេសចរផ្ទៃក្នុងសរុប។ ខេត្តសៀមរាបបានបង្ហាញសញ្ញានៃការងើបឡើងខ្លះ បើទោះបីជាចំនួនភ្ញៀវទេសចរនៅមិនទាន់មានចំនួនច្រើនវិញនៅឡេីយ ខណៈដែលសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបានបើកដំណើរការអាជីវកម្មឡើងវិញ។
លោកបានបន្ដថា ភ្ញៀវទេសចរ ជាតិយ៉ាង ច្រើនគួរសមបានទៅកម្សាន្តនៅតំបន់អង្គរ ពិសេសជាលក្ខណៈក្រុមគ្រួសារ និងការជិះកង់កម្សាន្តជាក្រុមៗ ៕ សំរិត