កាត់បំផ្ទុះរថយន្តកែច្នៃបាកុង៥គ្រឿង ដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបានកន្លងមក
កំពង់ស្ពឺ៖ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចដីឡូតិ៍ ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រុមបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួម ពីលោក អភិបាលស្រុក ព្រមទាំងសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធកគ្រប់ផ្នែក បានធ្វើពិធីកាត់បំផ្លាញ និងបំផ្ទុះចោល នៅរថយន្តកែច្នៃបាកុងចំនួន៥គ្រឿង ដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់បង្ក្រាបបាននាពេលកន្លងមក ។
ក្រោយពីធ្វើពិធីកម្ទេចចោលរួច បំណែករថយន្តបាកុងត្រូវបានប្រគល់ជូនស្នាក់ការបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់យកទៅរក្សាទុកនៅស្នាក់ការ ។
រំលឹកថា ក្រោយពីមានបទបញ្ជា ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ បានសហការ និងម្ចាស់ការបង្ក្រាបបានរថយន្តបាកុងនៅស្រុកឱរ៉ាល់ កន្លងមកបានចំនួន១៧គ្រឿង ក្នុងនោះសម្រេចកាត់កម្ទេចចោលមុនក្រោយចំនួន១៤គ្រឿង និងប្រគល់ជូនស្នាក់ការដែនជម្រកសត្វព្រៃថែរក្សាទុកចំនួន០៣គ្រឿង ៕