ធ្លាយទុយោបូមខ្សាច់ របស់ក្រុមហ៊ុនឯកជនមួយ លិចផ្លូវជាតិលេខ២ សូមអាជ្ញាធរមើលផង កុំឲ្យកើតមានទៀត
ភ្នំពេញ៖ ធ្លាយទុយោបូមខ្សាច់ បានបណ្ដាលឲ្យមានការហូរមកលិចលង់លំនៅស្ថានប្រជាជនជាច្រើនខ្នងផ្ទះ និងផ្លូវជាតិលេខ២ នៅមូលដ្ឋានសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ។
ដូចនេះសូមថ្នាក់លើ គួរក្រឡេកមើលរាល់សកម្មភាពបូមខ្សាច់ ដាក់តាមដេប៉ូខ្សាច់នៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ នាសព្វថ្ងៃនេះផង ដោយបង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាជន និងបង្កគ្រោះថ្នាក់ដល់ប្រជាជនដែលរស់នៅជិតៗទីតាំងបូមខ្សាច់។
តាមការពិនិត្យដោយផ្ទាល់ពីសំណាក់មហាជនទូទៅ ក៏ដូចប្រជាជនដែលរងគ្រោះ ដោយជំនន់បូមខ្សាច់ ដោយហូរមកលិចលង់ចូលដល់ក្នុងលំនៅស្ថាន និងហូរលិចលង់ដក់នៅលើផ្លូវជាតិលេខ២ ឡើងល្ហល្ហាចដូចឃើញនៅក្នុងរូបភាពនេះ ស្រាប់នោះ គឺបានបង្កផលប៉ះពាល់ ក្នុងការរស់នៅរបស់ពួកគាត់ជាខ្លាំង និងបង្កការពិបាកធ្វើដំណើរ យ៉ាងពន់ពេក ពោលគឺផ្លូវជាតិលេខ២ នៅសង្កាត់ចាក់អង្រែលើ និងផ្លូវ៣០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ រហូតដល់ភ្លើងស្តុបកែងផ្លូវ៦០ម៉ែត្រ គឺពេលភ្លៀងផ្លូវបែកភក់វ៉ល់ និងពេលមេឃរាំងដីខ្សាច់ហុយ ចូលណែនភ្នែកដល់អ្នកដំណើរ និងលំនៅស្ថានប្រជាជន រស់នៅអមសងខាងផ្លូវខាងលើនោះ ដោយពិបាកទ្រាំបំផុតតែមិនថ្វីនោះទេ ព្រោះដីខ្សាច់នោះវាមិនហុយចូលផ្ទះអាជ្ញាធរខណ្ឌមានជ័យ ទើបពួកអាជ្ញាធរមិនខ្ចីរវល់គិតគូរបញ្ហានេះ។ ដូចនេះសូមអាជ្ញាធរថ្នាក់លើជួយពិនិត្យមើលផង ។
បើតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង ៧ព្រឹក ថ្ងៃសុក្រទី ១២ ខែ មិថុនា ឆ្នាំ ២០២០ ដោយមានការបញ្ជាផ្ទាល់ពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នោះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងអធិការនគរបាលខណ្ឌ សណ្តាប់ធ្នាប់ខណ្ឌ រួមមន្ត្រីសង្កាត់ចុះ ពិនិត្យទីតាំងការដ្ឋានដេប៉ូស្តុកខ្សាច់ មួយកន្លែង នៅ អតីតរោងចក្រ ក្រឡុកស៊ីម៉ងត៍ដំរី នៅបណ្តោយផ្លូវជាតិលេខ ២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលការដ្ឋាននេះធ្វើឲ្យខ្សាច់ហូហៀរ និង ទឹកហូរ លិចថ្នល់ និង ហៀរទៅដល់ផ្ទះប្រជាពលរដ្ឋដែររស់នៅក្បែរអមសងខាងផ្លូវផងដែរ ។
ភ្លាមៗនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ រួមទាំងលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ និង តំណាងអធិការនរគបាលខណ្ឌ បានចុះអន្តរាគមន៍នៅទីតាំងជាក់ស្តែងតែម្តង ទើបទឹកលែងហូរហៀ ទៅលើផ្លូវជាតិ និង បានបើកកិច្ចប្រជុំបន្ទាន់ជាមួយតំណាងម្ចាស់ការដ្ឋានដេប៉ូស្តុកខ្សាច់ ដែរមានគោលការណ៍ណែនាំដូចខាងក្រោម ៖
– តំណាងទីតាំងម្ចាស់ដេប៉ូខ្សាច់ ត្រូវរៀបចំកំលាំងកើបខ្សាច់ និង ស្តារប្រពន្ធ័លូ អោយបានស្អាត លើផ្លូវជាតិលេខ២ អោយអស់ខ្សាច់លើផ្លូវតែម្តង ។
– តំណាងម្ចាស់ដេប៉ូខ្សាច់ ត្រូវរៀបចំក្រុមការងារ ដោយសហការជាមួយអាជ្ញាធរសង្កាត់ ចុះដោះស្រាយភ្លាម ជាមួយផ្ទះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ។
– តំណាងម្ចាស់ដេប៉ូខ្សាច់ ត្រូវរៀបចំឡើងវិញ នូវការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវតាមស្តង់ដារ ដែលបានកំណត់ ។
– ម្ចាស់ការដ្ឋានធ្វើការផ្អាកដឹកជញ្ជូន
ជាបណ្តោះអាសន្ន រង់ចាំគោលការណ៍ដឹកនាំថ្មីរបស់អាជ្ញាធរខណ្ឌ ដោយមានការឯកភាពពីសាលារាជធានីភ្នំពេញជាមុនសិន ។
បន្ទាប់ពីកិច្ចប្រជុំណែនាំរួច លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានស្នើឲ្យតំណាងម្ចាស់ដេប៉ូខ្សាច់ត្រូវអនុវត្តន៍តាមកិច្ចសន្យា ឲ្យមានប្រសិទ្ធភាពខ្ពស់ ជៀសវាងការកើតឡើងដោយរងផលប៉ះពាល់ លើប្រការណាមួយជាយថាហេតុ ៕