ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្រាអ្នកបោះឆ្នោតខ្ពស់បង្ហាញពីភាពរីករាយ និងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋកម្ពុជាក្នុង ការពង្រឹងប្រពន្ធ័នយោបាយសេរីពហុបក្ស

213

​ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៏នាល្ងាចថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ដោយគូសបញ្ជាក់ថា៖ គណបក្សប្រជាជនកម្ពុជាសម្តែងសេចក្តីសោមនស្សរីករាយតាមរយះសេចក្តីប្រកាសបណ្តោះអាសន្នរបស់គជប ដោយបានដឹងថា៖ប្រជាពលរដ្ឋជាង៨២,១៧% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោតនៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ដើម្បីបង្ហាញពីជំរើស និងឆន្ទះរបស់ខ្លួន។អត្រាអ្នកបោះឆ្នោតខ្ពស់បង្ហាញពីភាពរីករាយ និងសិទ្ធិនយោបាយរបស់ប្រជាជនកម្ពុជា ក្នុងការពង្រឹងប្រពន្ធ័នយោបាយសេរីពហុបក្ស។
​ គណបក្សប្រជាជនកម្ពុជា បានកោតសរសើរចំពោះប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមបោះឆ្នោតនៅថ្ងៃទី២៩កក្កដានេះ ដើម្បីទ្រទ្រង់ប្រពន្ធ័នយោបាយ សេរីពហុបក្សនៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះភ្នាក់ងារគណបក្ស,អ្នកសង្កេតការណ៏បោះឆ្នោតជាតិ និងអន្តរជាតិ មកពីបណ្តាអង្គការមិនមែនរដ្ឋាភិបាល,អង្គការសង្គមស៊ីវិល,អង្គការអន្តរជាតិ និងអង្គការបណ្តាញគណបក្សនយោបាយអន្តរជាតិ មកពីប្រទេសចំនួន៥២ជុំវិញពិភពលោក ដើម្បីធ្វើជាសាក្សីនៃប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។

​លោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)បានឲ្យដឹងនៅបន្ទាប់ពីបិទបញ្ចប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសនោះថា៖ប្រជាពលរដ្ឋកម្ពុជាដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ឆ្នាំ២០១៨មានចំនួន៦.៨៨៥.៧២៩នាក់ ស្មើនឹង៨២,១៧%នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៨.៣៨០.២១៧នាក់។គជប បានឲ្យដឹងថា៖ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយប្រក្រតីមិនមានការរំខានអ្វីទេ ទាំងសុវត្ថិភាព ទាំងសន្តិសុខ ទាំងទឹកចិត្តរីករាយរបស់អ្នកបោះឆ្នោតម្នាក់ៗ។មានការិយាល័យ១ចំនួនបានបិទមុនម៉ោង៣រសៀល ដោយសារអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងការិយាល័នោះបានមកបោះឆ្នោតអស់ និងការិយាល័យភាគច្រើ នបានបិទនៅម៉ោង៣រសៀលថ្ងៃដដែល។ គជប បន្តទៀតថា៖បើគ្មានពាក្យបណ្តឹងទេ គជប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៅ
ថ្ងៃទី១១សីហា ឆ្នាំ២០១៨ និងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី១៥សីហា។ ជាមួយគ្នានេះ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញក៏បាន ចេញរបាយការណ៏បណ្តោះអាសន្ត ស្ដីពីចំនួនអ្នកបោះឆ្នោត ដែលបានមកបោះឆ្នោតនៅមណ្ឌលបោះឆ្នោត រាជធានីភ្នំពេញ ចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតចំនួន៨៦៦.២៦៥នាក់ ក្នុងនោះអ្នកដែលបានមកបោះឆ្នោតមានចំនួន៦៩៣.៦៩៩នាក់ស្មើនឹង៨០,០៨%។
ចំនួនអ្នកបោះឆ្នោតទូទាំងប្រទេស មានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ ដែលមានតែ៦៩,៦១%តែប៉ុណ្ណោះ។ចំណែកគណបក្សនយោបាយក៏មានការកើនឡើងដែរ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ ដែលមានត្រឹមតែ៨គណបក្ស នៅពេលឆ្នាំ២០១៨នេះមានគណបក្សចំនួន២០ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ៕

អត្ថបទដែលជាប់ទាក់ទង