មន្រ្តីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ បានប្រមូល និងដកហូតស្រាថ្នាំយីហោ «តាំង គួយ» នៅក្នុងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែតចំនួន១០,៣០៤ដប
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ ដោយមានការសហការ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែន ក្រោមការដឹកនាំរបស់លោកអភិបាលរងខេត្តចំនួន ២ រូប បានចុះប្រមូល និងដកហូតស្រាថ្នាំចិនសែ > ដែលដាក់តាំងលក់នៅលើទីផ្សារ និងផ្ទះលក់ទំនិញចំនួន ៦៥ ទីតាំង ក្នុងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផលកម្លាំងចម្រុះដកហូតបានស្រាថ្នាំចិនសែ > សរុបចំនួន ១០,៣០៤ ដប ស្មើនឹង ៥,១៥២ លីត្រ។ បន្ទាប់មក មន្រ្តីសាខាបានឳ្យម្ចាស់ហាងស្រាធ្វើកិច្ចសន្យាប្រគល់ស្រាថ្នាំទាំងនោះជូនសមត្ថកិច្ច និងសន្យាឈប់លក់ស្រាថ្នាំប្រភេទនេះបន្តទៀត។
សូមបញ្ជាក់ផងដែរថាអគ្គយកដ្ឋាន ក.ប.ប. បានកំណត់យកវិធានការណ៍ចំនួន ៣ សម្រាប់បើកយុទ្ធនាការទ្រង់ទ្រាយធំនៅទូទាំងប្រទេសមានរួមមាន៖
វិធានការណ៍ទី១ បើកការស្រាវជ្រាវ និងស៊ើបអង្កេត កន្លែងកើតហេតុស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ដោយបានសាកសួរព័ត៌មាន និងយកគំរូសំណាកស្រាថ្នាំចិនសែនេះ មកវិភាគនៅរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងមន្ទីរពិសោធន៍ខា្នតតូចរបស់សាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផល មន្ត្រីជំនាញបានធ្វើតេស្តរកឃើញសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ជាង ០.៣៥% ដែលជាអត្រាខ្ពស់អាចបណ្ដាលឱ្យស្លាប់បាន ប្រសិនបើទទួលទានច្រើន។
វិធានការណ៍ទី២ មន្ត្រីជំនាញ ក.ប.ប. បានបើកប្រតិបត្តិការបង្រ្កាបទីតាំងផលិត និងចែកចាយស្រាថ្នាំចិនសែនេះ ដោយសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំបើកទីតាំងផលិត ដើម្បីស្វែងរកវត្ថុតាង និងរឹបអូសផលិតផលស្រាថ្នាំចិនសែទាំងនោះ។
វិធានការណ៍ទី៣ អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាឱ្យសាខា ក.ប.ប. រាជធានី-ខេត្ត ទាំងអស់ ប្រមូលត្រលប់មកវិញនូវស្រាថ្នាំចិនសែយីហោ «តាំង គួយ» ដែលមានការសង្ស័យមានហានិភ័យដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកប្រើប្រាស់។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា
ចាប់ពីថ្ងៃទី ៧ ដល់ ១២ មិថុនា ២០២០ នៅខេត្តបន្ទាយមានជ័យមានករណីពុលស្រាសរុបចំនួន ៤១នាក់ ក្នុងនោះស្លាប់៧នាក់ ។
ករណីពុលស្រានេះកេីតមានក្នុងស្រុកម៉ាឡៃចំនួន៤កន្លែងនិងក្រុងប៉ោយប៉ែតចំនួន៣កន្លែង បណ្តាលមកពីស្រាថ្នាំមិនមានប្រភពច្បាស់លាស់ ។
វិធានការ :
១. បានបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យនិងយកចិត្តទុកព្យាបាលខ្ពស់ពីគ្រូពេទ្យជំនាញ
២. បានផ្តល់គោលករណ៍ណែនាំការព្យាបាលពីក្រសួងសុខាភិបាល
៣. បានផ្តល់ពិគ្រោះបច្ចេកទេសជាមួយគ្រូពេទ្យជំនាញថ្នាក់ជាតិ
៤. ត្រូវបញ្ជូនអ្នកជំងឺផ្សេងទៀតមកថ្នាក់ជាតិបេីមានសញ្ញាគ្រោះថ្នាក់តាមមគ្គុទេសណែនាំ
៥. បានធ្វេីការសហការជាមួយអាជ្ញាធរដែនដីនិងមន្ទីរពាក់ព័ន្ធដេីម្បីរឹបអូសនិងបញ្ឈប់ការចែកចាយបន្ត
៦. បានធ្វេីការផ្សព្វផ្សាយអប់រំដល់សហគមន៍
សូមដាស់តឿនជាថ្មីដល់បងប្អូនប្រុងប្រយ័ត្ន ក្នុងការជាវស្រាមកពិសារ ត្រូវជាវស្រាសមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងពិសារក្នុងកំរិតតិចបំផុត ជាពិសេសក្នុងអំឡុងពេលកំពុងមានការផ្ទុះឡេីងនៃជំងឺកូវីដ-១៩ ព្រោះទទួលទានស្រាលបណ្តាលឱ្យយេីងធ្វេសប្រហែស និងងាយឆ្លងជំងឺកូវីដ-១៩ ។ យោងតាមទិន្នន័យការពុលស្រាកន្លងមក នៅតែជាបញ្ហាប៉ះពាល់សុខភាព និងប៉ះពាល់អាយុជីវិត ។ សូមបងប្អូនមើលតួលេខធ្លាប់ពុលស្រាកន្លងមកដូចខាងក្រោម ៖
– ក្នុងឆ្នាំ ២០១៥ : ចំនួនករណីពុលស្រាមាន ២៨៤ ករណី ក្នងនោះស្លាប់ ៣៣ នាក់ កើតឡើងនៅក្នុងខេត្តចំនួន៣គឺ: ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី ។
– ក្នុងឆ្នាំ ២០១៦: ចំនួនករណីពុលស្រាមានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥ នាក់ កើតឡើងនៅក្នុងខេត្តកំពងលឆ្នាំង។
– ក្នុងឆ្នាំ ២០១៧ : ចំនួនករណីពុលស្រាមានចំនួន ១៣ករណី ក្នុងនោះស្លាប់២នាក់ នៅខេត្តមណ្ឌលគីរី
– ក្នុងឆ្នាំ ២០១៨: ចំនួនករណីពុលស្រាមានចំនួន ២០៣ករណី ក្នុងនោះស្លាប់៩នាក់ នៅខេត្តក្រចេះ និងកំពត
ដូចនេះស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមពុលអាហារជាច្រើនដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណាក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋអោយយល់ដឹងពីហានិភ័យដែលបណ្តាលមកពីការទទួលទានស្រា ។
សូមស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានមេត្តាពង្រឹងការត្រួតពិនិត្យសិប្បកម្មនិងទីតាំងផលិតស្រា ជាពិសេសលប់បំបាត់ទីតាំងផលិតស្រាដែលមិនមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញ ៕