ដើម្បីតបស្នងទៅនឹងការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ សូមយកការប្តេជ្ញាចិត្តនេះប្រែក្លាយឲ្យជាសកម្មភាពពិត ប្រឹងប្រែងបំពេញភារកិច្ចឲ្យអស់ពីសមត្ថភាព
ភំ្នពេញ ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន លើកឡើងថា «ដើម្បីតបស្នងទៅនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ សូមយកការប្តេជ្ញាចិត្តនេះប្រែក្លាយឲ្យទៅជាសកម្មភាពពិត និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបំពេញតួនាទី ភារកិច្ចរបស់ខ្លួន »។
ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសកិ្ត ដល់នាយនគរបាលជាន់ខ្ពស់ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បាននាំយកនូវការផ្តាំផ្ញើរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់នាយ នាយរង និងពលនគរបាទាំងអស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និយាយជារួម និយាយដោយឡែកនាយនគរបាលដែលទើបទទួលបានការតែងតាំងមុខតំណែង និងឋានន្តរស័ក្តិនាពេលនេះ ដើម្បីអនុវត្តតួនាទី ភារកិច្ចរួមគ្នាបាន ត្រូវប្រកាន់ខ្ជាប់នូវ៣ចំណុច គឺ ៖
១-រួមចំណែកប្តូរផ្តាច់ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់
២-រួមចំណែកការពារបូរភាពទឹកដី អធិបតេយ្យជាតិ និងឯកភាពជាតិ
៣-រួមចំណែកទប់ស្កាត់មិនឲ្យវិលត្រឡប់មកវិញ នូវឧបាកលសកម្មភាពអង្គការចាត់តាំងរបស់បដិវត្តពណ៌ ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍បន្ថែមទៀតថា ប្រធាននាយកដ្ឋានថ្មី ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ ពិសេសពីឯកឧត្តមអគ្គស្នងការនគរបាលជាតិ ត្រូវពិនិត្យឡើងវិញនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីរៀបចំឲ្យដំណើរការនូវប្រព័ន្ធការងារតាមជំនាញនីមួយៗឲ្យបានច្បាស់លាស់ ។ អ្វីដែលល្អហើយគួរតែជំរុញលើកចិត្តគាំទ្របន្ថែមទៀត តែអ្វីដែលនៅខ្វះខាតខ្វះចន្លោះដែលបន្សល់ទុក ត្រូវកែលំអរឡើងវិញ ហើយការងារដែលសំខាន់បំផុត គឺរួមរួបគ្នាជំរុញការងាររបស់ក្នុងនាយកដ្ឋានឲ្យរីកចម្រើនទៅមុខ ពិសេសបង្កើនសាមគ្គីភាពផ្ទៃក្នុង ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានលើកឡើងបញ្ជាក់ជូនអង្គពិធីថា «សភាពការណ៍រយៈពេល៦ខែដើមឆ្នាំនេះ យើងសង្កេតឃើញថា ការប្រែប្រួសនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលមកដល់ប្រទេសកម្ពជាយើង ដូច្នេះថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន-អង្គភាព ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយពីវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ហើយត្រូវផ្សព្វផ្សាយពីវិធានការនេះ ដល់ក្រុមគ្រួសារ បងប្អូន មិត្តភ័ក្រ្ត ឲ្យចូលរួមទាំងអស់គ្នា ពិសេសត្រូវផ្តើមចេញពីខ្លួនឯងតែម្តង។
មុននឹងបញ្ចប់ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមផ្ទាល់ សូមជូនពរដល់ នាយ នាយរង និងពលនគរបាលទាំងអស់ សូមបំពេញភារកិច្ចឲ្យបានសម្រេចជោគជ័យ តាមផែនការសកម្មភាព ដែលបានគ្រោងទុក ៕