មន្ត្រីជំនាញ ក.ប.ប បន្តចុះស្វែងរក និងត្រួតពិនិត្យស្វែងរកស្រាថ្នាំចិនសែតាំងគួយ ដែលបង្កឲ្យអ្នកទិញយកទៅពិសាពុល និងស្លាប់ និងខ្លះកំពុងសង្គ្រោះនិងព្យាបាល
តាកែវ៖ក្រុមមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ ក.ប.ប (កាំកុងត្រូល) ខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃ ចន្ទ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២០នេះ បានចាប់ផ្ដើមចុះត្រួតពិនឹត្យនៅតាមបណ្ដាលផ្សារ ក្នុងខេត្តតាកែវ ដើម្បីស្វែងរកស្រាថ្នាំចិនសែតាំងគួយ ដែលមានសារធាតុពុល បង្កគ្រោះថ្នាក់ដល់អាយុជីវិប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗកន្លងទៅនេះ។
ការចុះត្រួតពិនឹត្យស្វែងរកស្រាប្រភេទនេះ បន្ទាប់ពីមានករណីពុលស្រាថ្នាំចិនសែយីហោ«ស្រាថ្នាំចិនសែតាំងគួយ» បានកើតឡើង នៅស្រុកមង្គលបុរី ស្រុកម៉ាឡៃ និងនៅក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ ដែលបណ្ដាលឲ្យពុលប្រជាពលរដ្ឋ៤១ និងស្លាប់ចំនួន៧នាក់ ។
លោក ប៉ោ លាងគង់ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ ក.ប.ប (កាំកុងត្រូល) ខេត្តតាកែវ បានថ្លែងឲ្យដឹងថា ក្រោយពីមានករណីពុលស្រាថ្នាំចិនសែតាំងគួយ នៅខេត្តបន្ទាយមានជ័យ ដែលបណ្ដាលឲ្យស្លាប់ប្រជាពលរដ្ឋអស់៧នាក់ មន្ត្រីរបស់លោកសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរក្រុងស្រុក បានចុះធ្វើការត្រួតពិនិត្យនៅតាមបណ្ដាលផ្សារ និងកន្លែងលក់ស្រាមួយចំនួននៅក្នុងខេត្តតាកែវ ក៏ប៉ុន្តែជាលទ្ធផលនៅតាមទីផ្សារ និងកន្លែងលក់ស្រានានាមិនមានការដាក់លក់ប្រភេទស្រាចិនសែតាំងគួយនោះទេ។
លោក ប៉ោ លាងគង់ បានមានប្រសាសបន៍បន្តថា បើទោះបីជាមន្ត្រីជំនាញមិនបានស្វែងរកឃើញប្រភេទស្រាថ្នាំចិនសែតាំងគួយ លក់ដាក់លក់លើទីផ្សារយ៉ាងណាក៏ដោយ ក៏មន្ត្រីជំនាញនិងអាជ្ញាធក្រុងស្រុក បានធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នចំពោះស្រាថ្នាំចិនសែតាំងគួយ ដោយមិនត្រូវទិញស្រានេះផឹកឲ្យសោះ ហើយប្រសិនបើមានឃើញដាក់លក់ នៅតាមតីផ្សារឬកន្លែងណាមួយ សូមរាយការណ៍មន្ត្រីជំនាញ ឬអាជ្ញាធក្រុងស្រុក ដើម្បីធ្វើការរឹបអូសយកទៅដុតកម្ទេចចោល ជៀសវាងប្រជាពលរដ្ឋទិញយកទៅផឹក ដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវឹត។
បើយោងតាមលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញផ្សព្វផ្សាយថា ករណីពុលស្រាយីហោ ស្រាថ្នាំចិនសែតាំងគួយ នៅស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០ គឺមានអ្នកពុលស្រាថ្នាំ ចិនសែតាំងគួយ ទាំងអស់ ៤១នាក់ ក្នុងនោះស្រីមានចំនួន៣នាក់ ហើយអ្នកស្លាប់ចំនួន៧នាក់ សុទ្ធជាបុរស ហើយអ្នកកំពុងសម្រាកនៅមន្ទីរ ពេទ្យ៣៤នាក់»។ លោកជំទាវ ក៏ធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋខ្មែរ កុំពិសាស្រាដែលគ្មានប្រភពច្បាស់លាស់ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពនិងអាយុជីវឹតផងដែរ ៕