ករណីឃាតកម្មសម្លាប់បុរសម្នាក់ នៅស្រុកក្រគរ ដោយចោទថាចេះអំពើអាបធ្មប់ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះស្ត្រីម្នាក់ជាប្រពន្ធរបស់សព
ពោធិ៍សាត់៖ជនសង្ស័យ២នាក់ ក្នុងនោះមានស្ត្រីម្នាក់ជាប្រពន្ធរបស់សព ជាប់ពាក់ព័ន្ធអំពើឃាតកម្ម (កាប់សម្លាប់នឹងពូថៅ) ទៅលើជនរងគ្រោះដោយចោទថាចេះអំពើអាបធ្មប់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច ដែលចុះប្រតិបត្តិការស្រាវជ្រាវករណីឃាតកម្មនេះ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចអំពិលផ្អែម ក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលឈើតុំ បានស្រាវជ្រាវស៊ើបអង្កេតរហូតដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ញាំង ធីម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ប៉ាត លី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធនៃសព បច្ចុប្បន្នរស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនសង្ស័យទាំង២នាក់ បានប្រើប្រាស់ ពូថៅកាប់សម្លាប់ជនរងគ្រោះឈ្មោះ ប្រាក់ ប៊ន អាយុ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឃុំស្រុកជាមួយគ្នា រួចបោះទៅក្នុងឡធ្យូង ដោយចោទជនរងគ្រោះថា ចេះធ្វើអំពើផ្លូវងងឹត អាបធ្មប់។
ករណីឃាតកម្ម កើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់មានធុំក្លិនស្អុយ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ៕