រាជធានីភ្នំពេញទទួលកម្រិតកម្ពស់ ទឹកភ្លៀងបានត្រឹម៥០មីលីម៉ែត្រ បើលើសពីនេះជន់លិចតំបន់មួយចំនួន តែមិនយូរនោះទេ
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានមានប្រាសាសន៍លើកឡើងថា សម្រាប់រាជធានីភ្នំពេញអាចទទួលកម្រិតទឹកភ្លៀងបាន ៥០មីលីម៉ែត្រប៉ុណ្ណោះ បើទឹកភ្លៀងខ្លាំងលើសពីនេះអាចជន់លិចតំបន់មួយចំនួន ខណៈដែរភ្លៀងកាលពីប៉ុន្មានថ្ងៃនេះនៅតំបន់ខណ្ឌឬស្សីកែវ កំរិតទឹកភ្លៀងបានកើនឡើងដល់១០៥មីលីម៉ែត្រ ដែលបណ្តាលអោយតំបន់មួយចំនួនជន់លិច តែលិចមិនយូរនោះទេ។
ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងនៅក្នុងសន្និសីទ ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញកាលព្រឹកថ្ងៃ១៦ មិងុនា ២០២០នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា នៅរាជធានីភ្នំពេញរបស់យើងអាចទទួលបាននូវកម្រិតទឹកភ្លៀងបាន៥០មីលីម៉ែត្រ បើភ្លៀងខ្លាំងជាងនេះ តំបន់មួយចំនួនអាចទទួលរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង។ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះកម្រិតទឹកភ្លៀងបានឡើងដល់១០៥មីលីម៉ែត្រ ដែលបានធ្វើឲ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញទទួលរងនូវការជន់លិច ។ ករណីបែបនេះវាមិនមែនមាននៅតែនៅរាជធានីភ្នំពេញនោះទេ គឺនៅប្រទេសណាក៏កើតនូវភាពលិចលង់នេះដែរ បើសិនជាកម្រិតទឹកភ្លៀងខ្ពស់ខ្លាំង ។ ប៉ុន្តែទោះបីជាទទួលរងនូវការលិចលង់តំបន់មួយចំនួនក៏ដោយ ក៏ភ្នំពេញយើងលិចមិនយូរដែរ ពោលគឺក្រោយពេលភ្លៀងមិនបាន
ប៉ុន្មាននាទីផង ទឹកក៏បានស្រកអស់ពីលើផ្លូវ។នេះជាមោទនភាពមួយរបស់រាជធានីភ្នំពេញ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកឃួង ស្រេងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវទុកដាក់សំរាមឱ្យបានល្អ កុំចូលទៅមាត់លូនាំអោយស្ទះចរន្តទឹកហូរ។លោកក៏បានណែនាំប្រជាពលរដ្ឋ កុំឲ្យដាំដើមឆ័ត្រផងដែរ ដោយសារតែដើមឆ័ត្រមានស្លឹកធំៗ ពេលភ្លៀងវាធ្លាក់ចូលលូ ។
លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ពីដើមឡើយទឹកហូរពីកំពង់ស្ពឺ ចូលមកខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ គឺហូរមិនដល់រាជធានីភ្នំពេញនោះទេ ដោយសារតែនៅតាមបណ្ដោយផ្លូវជាតិលេខ ៤មានអាងស្តុកទឹក តាមបណ្តោយផ្លូវនេះ ដូចជាប្រឡាយ វាលស្រែរបស់ប្រជាពលរដ្ឋជាដើម ។ប៉ុន្តែមកដល់ពេលនេះ ប្រឡាយបឹងនិងវាលស្រែដែលស្តុកទឹកនោះ ត្រូវបានអភិវឌ្ឍលុប និងសាងសង់ជាអគារ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលនាំឲ្យទឹកហូរចូលរាជធានីភ្នំពេញតែម្តង ដែលធ្វើអោយ ខណ្ឌ២ នៅជាយរាជធានីភ្នំពេញ នោះគឺខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យទទួលរងនូវការលិចលង់ជាអន្លើៗ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្ដង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញនិងមន្រ្តីជំនាញជាមួយនឹងអាជ្ញាធរខណ្ឌបានមានវិធានការ បង្វែលផ្លូវទឹកឲ្យហូរចូលទៅតាមប្រឡាយ ផ្លូវខាងត្បូង ខណ្ឌកំបូល ត្រូវហូរចូលប្រឡាយ ធំមួយ នៅភាគខាងត្បូង ឬក៏ស្ទឹងព្រែកត្នោត ភាគខាងជើង ត្រូវរកប្រឡាយមួយ ដែលមានស្រាប់ អោយវាហូរចូល មកបឹងតាមោក ធ្វើយ៉ាងណាបញ្ចៀសការហូបចូលមករាជធានីភ្នំពេញ។
ក្នុងសន្និសីទសារព័ត៌ព័ត៌មាននោះដែរ លោកឃួង ស្រេងក៏បានលើកឡើងជុំវិញការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡា បឹងកក់និង
តំបន់ឬស្សីកែវផងដែរ ដោយលោកបញ្ជាក់ថា តំបន់បុរីកីឡា បឹងកក់ យើងបានដោះស្រាយបញ្ចប់ ហើយតំបន់ឬស្សីកែវ យើងក៏បានដោះស្រាយជិតឈានដល់ទីបញ្ចប់ហើយដែរ ពោលគឺ បីខែទៀតយើងនឹងដោះស្រាយបញ្ហានេះបញ្ចប់។
លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ការដោះស្រាយបញ្ហាដីធ្លីបានជោគជ័យនេះ ដោយសារតែ មានគោលនយោបាយដឹកនាំដ៏ល្អរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចតែងបានគិតគូរដល់ប្រជាពរដ្ឋ រហូតសម្ដេចបានប្រទានដីធ្លីជូនប្រជាពលរដ្ឋរហូតដល់៨២ហិចតា
នៅក្នុងរាជធានីភ្នំពេញ បើទោះបីដីនៅរាជធានីភ្នំពេញតំបន់ខ្លះ មានតម្លៃ១ការ៉េ មានតម្លៃរហូតទៅដល់១ម៉ឺនដុល្លារក៏ដោយចុះ៕