ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ទាហាន​ឥណ្ឌា ២០​នាក់​ស្លាប់​ក្នុងការ​ប៉ះទង្គិច ជាមួយនឹង​កងកម្លាំង​ចិន នៅ​ព្រំដែន​

94

 

​ទាហាន​ឥណ្ឌា​យ៉ាងតិច​ចំនួន ២០​នាក់​បាន​ស្លាប់ នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយនឹង​កងកម្លាំងរ​បស់​ចិន នៅ​តំបន់​ព្រំ​ដែលមាន​ជម្លោះ​ហិមាល័យ (Himalayan)​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ឥណ្ឌា​។​

​ហេតុការណ៍​ប៉ះទង្គិច​គ្នា​កើតឡើង​ក្រោយ​មាន​ភាព​តានតឹង​យ៉ាងខ្លាំង រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​។ វា​ជាការ​ប៉ះទង្គិច​គ្នា​ដ៏​គ្រោះថ្នាក់​លើកដំបូង ក្នុង​រយៈពេល​ជាង ៤៥​ឆ្នាំ​ចុងក្រោយ​។​

​យោធា​ឥណ្ឌា​ដំបូង​និយាយថា ទាហាន​របស់ខ្លួន​ចំនួន ៣​នាក់​បាន​ស្លាប់ ហើយ​ភាគី​ទាំងពីរ​សុទ្ធ​តែមាន​អ្នកស្លាប់​។​

​ប៉ុន្តែ​ក្រោយមក​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ មន្ត្រី​ឥណ្ឌា​និយាយថា ទាហាន​មួយចំនួន​ដែល​រងរបួស​ធ្ងន់ បាន​ស្លាប់​។​

​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​ឥណ្ឌា បាន​ចោទ​ចិន​ថា​រំលោភ​កិច្ចព្រមព្រៀង​ដែល​បាន​ព្រមព្រៀង​កាលពី​សប្តាហ៍​មុន ដើម្បី​គោរព​ខ្សែបន្ទាត់​គ្រប់គ្រង​ជាក់ស្តែង​នៅ​តំបន់​ជ្រលង​ភ្នំ Galwan​។​

​តើ​ភាគី​ទាំងពីរ​និយាយ​អ្វីខ្លះ​ពី​ការ​ហេតុការណ៍​នោះ​

​កាលពី​ថ្ងៃ​អង្គារ យោធា​ឥណ្ឌា​បាន​និយាយថា ទាហាន​ខ្លួន ៣​នាក់ រួមមាន​មន្ត្រី​ម្នាក់​ផង​នោះ បាន​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​តំបន់ Ladakh ដែលជា​តំបន់​មាន​ជម្លោះ ក្នុង​តំបន់ Kashmir​។​

​ក្រោយមក​នៅ​ថ្ងៃ​ដដែល ឥណ្ឌា​បាន​បញ្ចេញ​សេចក្តីប្រកាស ដោយ​និយាយថា ភាគី​ទាំង​ពីរបាន​ចែកផ្លូវ​គ្នា​។​

​ចិន​មិនបាន​បញ្ជាក់​ពី​ការស្លាប់​របស់​ទាហាន​ខ្លួន​នោះឡើយ ប៉ុន្តែ​បាន​ចោទប្រកាន់​ឥណ្ឌា​វិញ​ថា បាន​ឆ្លង​ព្រំ​ដែល​ចូលមក​ខាង​ចិន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ឈ្មោះ Zhao Lijian បាន​និយាយថា ឥណ្ឌា​បាន​ឆ្លង​ព្រំដែន​ចំនួន ២​ដង​កាលពី​ថ្ងៃ​ចន្ទ ញុះញង់ និង​បាន​វាយប្រហារ​លើ​កងកម្លាំង​ចិន បណ្តាល​ឲ្យ​មានការ​ប្រឈម​ដាក់គ្នា​ដ៏​ធ្ងន់ធ្ងរ រវាង​កងកម្លាំង​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​

​ភាគី​ទាំង​ពីរបាន​អះអាងថា គ្មាន​ការបាញ់​គ្រាប់កាំភ្លើង​មួយ​ឡើយ​ក្នុង​រយៈពេល ៤​ទសវត្សរ៍​មក ហើយ​យោធា​ឥណ្ឌា​និយាយ​នៅ​ថ្ងៃ​អង្គា​រថា មិនមាន​ការបាញ់​គ្រាប់​ឡើយ ក្នុងការ​ប៉ះទង្គិច​ចុងក្រោយ​។

​សូមបញ្ជាក់ថា មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​មាន​ជម្លោះ​នឹង​គ្នា លើ​តំបន់​ព្រំដែន​រយៈពេល​ជា​យូរ​មកហើយ​។ ការប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​នៃ​ប្រទេស​ទាំងពីរ កើតជា​លក្ខណៈ​វាយតប់​គ្នា និង​គប់​ដុំថ្ម ប៉ុន្តែ​មិនមាន​ការបាញ់​គ្រាប់​នោះទេ​។​

​ប្រទេស​ទាំងពីរ​មាន​សង្គ្រាម​ជាមួយគ្នា​តែម្តង​ប៉ុណ្ណោះ រហូតមកដល់​ពេលនេះ គឺ​នៅក្នុង​ឆ្នាំ ១៩៦២ នៅពេលដែល​ឥណ្ឌា​បរាជ័យ​ដ៏​អា​មាស់​៕

អត្ថបទដែលជាប់ទាក់ទង