ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៥ខែដើមឆ្នាំនេះ រាជធានីភ្នំពេញទទួល បានការវិនិយោគលើវិស័យសំណង់ចំនួនជិត៦០០គម្រោងស្មើទុនវិនិយោគជាង១,៣០០លានដុល្លារ

77

ភ្នំពេញ៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់សុរិយោលដីរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ ក្នុងរយៈពេល៥ខែឆ្នាំ២០២០នេះ ទទួលបានការវិនិយោគលើវិស័យសំណង់ចំនួន៥៨៣គម្រោង ក្នុងនោះផ្ទៃក្រឡាសំណង់សរុប ,៨២១,៣១៧ម៉ែត្រក្រឡា ដែលមានទុនវិនិយោគសរុបប្រមាណជា១,៣៧៥,៦២៨,០៥០ដុល្លារអាមេរិក។

   ការបញ្ជាក់បែបនេះរបស់ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់សុរិយោលដីរាជធានីភ្នំពេញ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២០នេះនៅទីស្ដីការគណៈរដ្ឋមន្ត្រី។

    លោក សារិន វណ្ណា បានបញ្ជាក់ទៀតថា៖ អំឡុងពេល កូវីដ១៩ ការវិនិយោគលើវិស័យសំណង់ក្នុងរាជធានីភ្នំពេញក៏ជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដោយហេតុថា ការវិនិយោគិនភាគច្រើននៅកម្ពុជា ជាជនបរទេស ដូច្នេះ  កូវីដ១៩ បានធ្វើឲ្យគម្រោងមួយចំនួនរាំងស្ទះ។

   លោកប្រធានមន្ទីររៀបចំដែនដី បានបន្តទៀតថាបច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួន១,២៩២អគារ។

បុរីមានចំនួន ២៤៤បុរី ហើយក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ មន្ទីរក៏បានចេញលិខិតទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាត បានចំនួន២៩ការដ្ឋាន, ចេញលិខិតបើកការដ្ឋាន ចំនួន៤០ការដ្ឋាន និងលិខិតបិទការដ្ឋានចំនួន៥ការដ្ឋាន។

   លោកបន្តថា៖ក្រៅពីការងារវិនិយោគ ប្រធានមន្ទីររៀបចំដែនរូបនេះ ក៏បានបង្ហាញនូវអ្វីដែលជាកិច្ចការផ្សេងទៀតរបស់មន្ទីរជំនាញផងដែរ រួមមាន ការផ្ដល់សេវាសាធារណៈលើសេវាសុរិយាដី និងសំណង់ជូនប្រជាពលរដ្ឋ នៅឆ្នាំ២០១៩ បានចំនួន ៦៦,៨៦៧ឯកសារ ខណៈ៥ខែ ឆ្នាំ២០២០នេះ បានចំនួន២៥,៧០០ឯកសារ។ដោយឡែក ការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ការប្រមូលទិន្នន័យក្បាលដី ឆ្នាំ២០១៩ បានចំនួន៣៥,៧៥៨ក្បាលដី (ក្នុងនោះចុះហត្ថលេខាលើប័ណ្ណកម្មសិទ្ធិ ឆ្នាំ២០១៩ បាន១៣,៣៨១ក្បាលដី និងចែកប័ណ្ណសកម្មសិទ្ធិឆ្នាំ២០១៩បាន៩,៨០៣ក្បាលដី) ការងារចុះបញ្ជីដាច់ដោយដុំ បានចុះបញ្ជីចំនួន៥៣៨ប័ណ្ណ ហើយ៥ខែដើមឆ្នាំ បានចុះចំនួន១៦២ប័ណ្ណ។

    លោកបន្ថែមថា៖សម្រាប់ការងារប្រទានកម្ម មន្ទីររៀបចំដែនដី បានចុះបញ្ជីដីប្រទានកម្មលើដីឯកជនរបស់រដ្ឋ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ២៩ទីតាំង លើដីជាង៨២ហិចតា បានផ្ដល់កម្មសិទិ្ធជូនប្រជាពលរដ្ឋប្រមាណ១៨,០០០គ្រួសារ។ មន្ទីរបានចុះបញ្ជីបំបែកដីឡូត៍ជូនប្រជាពលរដ្ឋសហគមន៍មានជ័យ ចំនួន៥៦២ឡូត៍ តាមរយៈការចាប់ឆ្នោត ហើយបច្ចុប្បន្នប្រជាពលរដ្ឋដែលកំពុងសាងសង់ ១៥២ឡូត៍។

   លោក សារិន វណ្ណា  ជាមួយគ្នានោះ ក៏បានបញ្ជាក់អំពីការងារដោះស្រាយវិវាទដីធ្លីផងដែរ ដោយថា នៅឆ្នាំ២០១៩យើងបានដោះស្រាយបញ្ចប់ ២ករណី, វិវាទច្រានចោល ១ករណី, វិវាទដកពាក្យបណ្ដឹង ៣ករណី, វិវាទបញ្ជូនឡើងទៅលើ ៧ករណី, វិវាទកំពុងដោះស្រាយ ៣១ករណី៕

 

អត្ថបទដែលជាប់ទាក់ទង