ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង សម្រេចកែសម្រួលឡើងវិញ នូវអនុគណៈកម្មាធិការជាតិ គ.ជ.អ.ប

65

ភ្នំពេញ៖
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានសម្រេចការពិនិត្យ ពិភាក្សាលើការរៀបចំឡើងវិញនូវ​អនុគណៈ​កម្មាធិការនានារបស់ គ.ជ.អ.ប។ការសម្រេចរបស់ សម្ដេចក្រឡាហោម បានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១៨ របស់គណៈកម្មាធិការជាតិ សម្រាប់ការ​អភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នាព្រឹកថ្ងៃពុធខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាស៍ថាការសម្រេចរៀបចំឡើងវិញនូវអនុគណៈ​កម្មាធិការនានារបស់ គ.ជ.អ.ប នេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព​ការងារ ដោយផ្អែកលើការវិវឌ្ឍន៍ ការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ និងផ្អែកលើកិច្ចដំណើរការបំពេញការងារជាក់ស្តែងនាពេលកន្លងមក របស់គ.ជ.អ.ប ដែលមានតួនាទីផ្តល់ យោបល់ក្នុងការរៀបចំគោលនយោបាយ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

សម្ដេចក្រឡាហោម ស ខេង មានប្រសាស៍បន្តថា ថ្មីៗនេះរាជរដ្ឋាភិបាល បានសម្រេច​កែ​​សម្រួលសមាសភាព គ.ជ.អ.ប ដោយក្នុងនោះបានរក្សាទុកនូវសមាជិកចាស់​មួយចំនួន និងបន្ថែមនូវសមាសភាពថ្មី ហើយចំាំបាច់ ត្រូវប្រគល់ ភារកិច្ចមួយ ចំនួនបន្ថែមផងដែរសម្រាប់គាំទ្រដល់ការដឹកនាំជារួមដោយគ.ជ.អ.ប។

សម្តេចក្រឡាហោម បានលើកឡើងថា បច្ចុប្បន្នអនុគណៈកម្មាធិការចំនួន៤ ដែលបានបង្កើតឡើង ដើម្បីដឹកនាំការ ពិគ្រោះយោបល់លើគោលនយោបាយ និងលិខិតបទដ្ឋាននានា មុននឹងដាក់ជូន គ.ជ.អ.ប ពិនិត្យនឹងសម្រេចនោះ គឺ ពុំបានបំពេញតួនាទីសមស្របទៅនឹងភារកិច្ចរបស់ខ្លួនដែលបានកំណត់នោះឡើយ។ ផ្អែកតាមស្ថានភាពខាងលើនេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំទៅ​លេខាធិការដ្ឋាន គ .ជ. អ.ប ឱ្យសិក្សានឹងរៀបចំជម្រើសនានា ក្នុងការរៀប ចំយន្តការទាំងនេះឡើងវិញ ដើម្បីធានាដល់ប្រសិទ្ធភាពនូវការបំពេញការងារ​របស់រចនាសម្ព័ន្ធនានា ក្នុងការដឹក នាំកិច្ចការកំណែទម្រង់ គ.ជ.អ.ប។

ចំពោះការរៀបចំ អនុគណៈកម្មាធិការថ្មីនេះ សម្រេចក្រឡាហោម ស ខេ បានគូសបញ្ជាក់ដែរថា គ.ជ.អ.ប បាន បង្កើតយន្តការចំនួន២ គឺទី១អនុគណៈកម្មាធិកា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលការ និងយន្តការទី២ គឺក្រុម ការងារ សវកម្មផ្ទៃក្នុង។ ដោយអនុគណៈកម្មាធិការនីមួយៗ មានរដ្ឋមន្ត្រីនៃក្រសួងនីមួយៗជាប្រធាន​ទទួលខុសត្រូវមានតួនាទី សម្រេច គ្រប់យ៉ាងដើម្បីធានាឱ្យកិច្ចដំណើរប្រកប​ដោយប្រសិទ្ធិភាព ជាមួយគ្នានេះ ប្រធានត្រូវជ្រើសរើស រដ្ឋលេខាធិការនៃ​ក្រសួងនោះជាអនុប្រធានអិចិន្ត្រៃយ៍ ដើម្បីជួយសម្រួលកិច្ចការងារដល់រដ្ឋមន្ត្រី ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដែលជាអនុប្រធានអិចិន្ត្រៃយ៍ក៏អាចបើក​កិច្ចប្រជុំជំនួសរដ្ឋមន្ត្រីដែលជាប្រធាន ព្រមទាំងអាចសុំគោលការណ៍​ណែនាំបានផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង