អភិបាលខណ្ឌចំការមន សំណេះសំណាល និងផ្តល់អាវភ្លៀង អង្ករ ជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ
ភ្នំពេញ ៖ ជាការគិតគូរពីសុវត្ថិភាព និងប្រសិទ្ឋភាព ក្នុងការចុះបំពេញការងារ ក៏ដូចចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈ ពិសេសចុះកាយសំរាម តាមមាត់លូ ដោយហេតុថា រដូវវស្សាចូលមកដល់នោះ នៅរសៀលថ្ងៃពុធ ១២រោច ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាល នៃគណ:អភិបាល ខណ្ឌចំការមន បានចុះសំណេះសំណាលជាមួយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន និងបានចែកអាវភ្លៀង អង្ករ ជូនដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន ចំនួន ៥០នាក់ ។
នាឱកាសនោះ លោកអភិបាលខណ្ឌចំការមន បានដាស់តឿនក្រើនរំលឹកដល់កម្លាំងសន្តិសុខប្រចាំខណ្ឌអោយពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈ និងបានណែនាំអោយកម្លាំងសន្តិសុខទាំងអស់ ត្រូវពង្រឹងការងារចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំនៅគ្រប់ផ្លូវទាំងអស់។ លោកបន្តថា ពិតណាស់ថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើអោយប៉ះពាលដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋភាគច្រើនមានការសាទរដល់កងកម្លាំងសន្តិសុខក៏ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះយើងត្រូវអនុវត្តតាមមតិភាគច្រើន ។
លោកអភិបាលខណ្ឌបានបន្តថា យើងនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋលោកសរសើហើយខ្លាចតែយើងមិនធ្វើ ។ មតិភាគតិចណាស់ដែលគេរិះគន់ពេលដែលយើងធ្វើ តែមតិភាគច្រើនណាស់ដែលគេសរសើយើង ដូច្នេះយើងត្រូវតែធ្វើតាមមតិភាគច្រើន ។ ធម្មតាធ្វើអីក៍ខុសដែរ អ្នកលក់លើចិញ្ចើមផ្លូវគាត់មិនសប្បាយនៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនគាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀប រាបរយ ដូច្នេះចាប់ពីពេលនេះទៅត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈបន្ថែមទៀត ។
លោក សុន សុធី នាយករដ្ឋបាលខណ្ឌចំការមន បានអោយដឹងថា កម្លាំងសណ្តាប់ក្នុងម្នាក់ៗទទួលបានអាវភ្លៀងចំនួន០១ និងអង្ករ ០១បាវ (២៥គីឡូក្រាម) ផងដែរ ៕