មេឃភ្លៀងធ្លាក់ជាប់ៗ ទឹកស្អុយបឹងត្របែក មិនមានការជន់លិច ដូចគ្រាមុនៗទៀតឡើយ
ភ្នំពេញ ៖ លោកថេង សុថុលអភិបាលខណ្ឌចំការមនបានមានមតិលើកឡើងថា តាមការសង្កេតចុះពិនិត្យមើលជាក់ស្ដែងរៀងរាល់ថ្ងៃនេះឃើញថាដោយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់យ៉ាងជោកជាំច្រើនហើយស្ថានភាពជំនន់ទឹកភ្លៀងគឺមិនមានការជន់លិចលង់ខ្លាំងក្លាដូចគ្រាមុនៗទៀតឡើយនេះដោយសារក្រុមការងារនៃសាលាធានីភ្នំពេញតែងតែចុះមកសហការគ្នាជាមួយអាជ្ញាធរខណ្ឌចំការមនដោយចុះត្រួតពិនិត្យប្រឡាយទឹកស្អុយបឹងត្របែកនេះជាប្រចាំនៅពេលមេឃកំពង់ភ្លៀងធ្លាក់ឬក្រោយភ្លៀងធ្លាក់។
នៅល្ងាចថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០នេះលោក ថេង សុថុល អភិបាលខណ្ឌចំការមនបានលើកឡើងថា ដោយកាលពីមុនតែងតែមានការជន់លិចដោយជំនន់ទឹកភ្លៀងនៅពេលមេឃធ្លាក់ភ្លៀងជាប់ៗគ្នា តែមួយរយៈចុងក្រោយនេះមិនមានការជន់លិចលើផ្លូវឬលំនៅស្ថានប្រជាជនដូចគ្រាមុនៗទៀតឡើយហើយចំពោះប្រឡាយទឹកស្អុយបឹងត្របែកនេះដោយមានម៉ាស៊ីនសម្រាប់បូមទឹកធ្វើឱ្យស្ថានភាពទឹកហូរលឿនដោយអាចរំដោះជំនន់ទឹកភ្លៀងដោយមិនឱ្យលិចលង់ឡើយ។ លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងទៀតថាដោយជានិច្ចកាលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោកតែងតែឱ្យអាជ្ញាធរមូលដ្ឋានខណ្ឌចំការមនចុះត្រួតពិនិត្យមើលលើដងវិថី ពិសេសខណ្ឌចំការមននិងខណ្ឌបឹងកេងកងដែលមានព្រំប្រទល់ប្រឡាយទឹកស្អ្យបឹងត្របែក១ខ្សែនៅជាប់គ្នាដោយឱ្យសហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេពដើម្បីប្រើប្រាស់គ្រឿងចក្រនៅពេលដែលមានដីភក់នៅបាតប្រឡាយច្រើនធ្វើឱ្យកកស្ទះចរន្តទឹកប្រឡាយដូចនេះត្រូវកាយយកអាចម៍ដីចេញជាបន្ទាន់ដើម្បីបើកមុខទឹកធ្វើអោយចរន្តទឹកហូរបានលឿនរំដោះការលិចលង់ផងដែរ។ហើយជាមួយគ្នានេះដែរលោកថេង សុថុល អភិបាលខណ្ឌចំការមនក៏បានចុះជួបសំណេះសំណាលគ្នាជាមួយបងប្អូនប្រជាជនដែលរស់នៅស្របដងប្រឡាយទឹកស្អុយបឹងត្របែកនិងអ្នកលក់ដូរបន្លែបង្កាត្រីសាច់តាមរទេះរុញផងដែរដោយសូមអោយពួកគាត់រស់នៅតំបន់នោះអោយមានការប្រុងប្រយ័ត្នដោយគិតគូពីសុវត្ថិភាពផ្ទាល់ខ្លួនពិសេសកុមារតូចៗចៀសវាងពួកគេធ្លាក់ចូលទឹកប្រឡាយដូចពេលមុនទៀតពោលគឺសុវត្ថិភាពជាចម្បងការពារប្រសើរជាងព្យាបាល៕