ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមរដ្ឋមន្ត្រីថោងខុន គ្រោងកំណត់យកការរៀបចំ បុណ្យសមុទ្រឆ្នាំ២០២០នេះផ្សព្វផ្សាយប្រាប់អន្តរជាតិថាកម្ពុជាជាគោលដៅទេសចរណ៍មានសុវត្ថិភាពនិងគុណភាពសេវាកម្មប្រសើរជាងមុន

72

(ព្រះសីហនុ)ឯកឧត្ដមបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោកគួចចំរើនអភិបាលខេត្តព្រះសីហនុនាថ្ងៃទី១៦ខែមិថុនានេះបានដឹកនាំមន្ត្រីរាជការកម្លាំងសមត្ថកិច្ចនិងក្រុមការងារជំនាញពាក់ព័ន្ធបើកកិច្ចប្រជុំមួយនៅសាលាខេត្តព្រះសីហនុនិងបន្តចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងមួយចំនួនដើម្បីដាក់ផែនការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣នាចុងឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំនោះឯកឧត្ដមរដ្ឋមន្ត្រីថោងខុនបានលើកឡើងថា«ក្នុងករណីដែលសភាពការណ៍កូវីដបានធូរស្រាលហើយរាជរដ្ឋាភិបាលអនុញ្ញាតក្រសួងទេសចរណ៍គ្រោងកំណត់យកការរៀបចំពិធីបុណ្យសមុទ្រលើកទី៩នៅខេត្តព្រះសីហនុនាចុងឆ្នាំ២០២០នេះជាយុទ្ធនាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍និងធានាបានសុវត្ថិភាពទេសចរណ៍ដើម្បីផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិថាកម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាពនិងមានគុណភាពសេវាកម្មទេសចរណ៍ល្អប្រសើជាងមុន»

ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងការអភិវឌ្ឍតំបន់ឆ្នេរ...លោករដ្ឋមន្ត្រីបានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុនិងបានណែនាំដល់មន្ទីរទេសចរណ៍ខេត្តត្រូវរៀបចំឱ្យបាននូវបង្គន់អនាម័យសាធារណៈឱ្យបានច្រើនកន្លែងនិងមានស្ដង់ដាត្រឹមត្រូវដើម្បីដាក់បម្រើជូនភ្ញៀវទេសចរដែលមកទស្សនានៅខេត្តព្រះសីហនុនេះ។

ឯកឧត្ដមបណ្ឌិតថោងខុនក៏បានបន្តណែនាំដល់មន្ទីរទេសចរណ៍ខេត្តត្រូវរៀបចំកែលម្អឡើងវិញនូវបញ្ជរព័ត៌មានទេសចរណ៍ដើម្បីផ្ដល់ភាពងាយស្រួយដល់ទេសចរក្នុងការទទួលបានព័ត៌មានទេសចរណ៍នៅក្នុងខេត្តឬនៅតាមគោលដៅទេសចរណ៍នានាពិសេសត្រូវរៀបចំឱ្យមានសៀវភៅបង្ហាញផ្លូវទេសចរណ៍(Book Guide) និងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។

ក្រៅពីនេះលោករដ្ឋមន្ត្រីបានលើកឡើងអំពីការបន្តបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍បន្ថែមអំពីភាពទាក់ទាញនានាដែលបាននិងកំពុងកើតឡើងថ្មីៗនេះដូចជាចំណេះដឹងពាក់ព័ន្ធនឹងមហាវិថីនិងវិថីមួយចំនួនដែលរាជរដ្ឋាភិបាលបាននិងកំពុងកសាងជិតរួចរាល់នេះពីព្រោះឃើញមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានការចាប់អារម្មណ៍ច្រើន។ម្យ៉ាងវិញទៀតត្រូវបើកការបណ្ដុះបណ្ដាលដល់បុគ្គលនិយោជិតក្នុងវិស័យទេសចរណ៍ដែលបាត់បង់ការងារក្នុងពេលជួបវិបត្តិជំងឺកូវីដ១៩ដើម្បីឱ្យពួកគេមានជំនាញកាន់តែល្អជាងមុនសំដៅត្រៀមទទួលវត្តមានភ្ញៀវទេសចរដែលនឹងត្រលប់មកទស្សនាខេត្តព្រះសីហនុវិញក្រោយពេលចប់វិបត្តិកូវីដ១៩។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថានៅក្រុងព្រះសីហនុការរៀបចំទីក្រុងទំនើបបាននិងកំពុងធ្វើប្រកបដោយភាពទាក់ទាញប្លែកភ្នែករីឯប្រព័ន្ធហេដ្ឋារចនាសម្ពន្ធក៏ជិតបង្ហើយការរៀបចំដែរប៉ុន្តែគុណភាពសេវាកម្មទេសចរណ៍និងការរៀបចំកែលម្អរមណីយដ្ឋានឆ្នេរសមុទ្រក៏ត្រូវបន្តការរៀបចំឱ្យល្អប្រសើរផងដែរដើម្បីត្រៀមឱ្យបានរួចស្រេចនៅពេលកំណើនភ្ញៀវទេសចរងើបឡើងវិញពិសេសនៅពេលភ្ញៀវទេសចរក្នុងស្រុកកំពុងមានសកម្មភាពងើបឡើងវិញបូករួមនឹងការដាក់ឱ្យអនុវត្តក្រមប្រតិបត្តិនិងវិធានសុវត្ថិភាពទេសចរណ៍ថ្មី(New Normal) ដែលមាននៅក្នុងសេវាកម្មទេសចរណ៍នានា។

នៅក្នុងកិច្ចប្រជុំនោះដែរលោកអភិបាលខេត្តគួចចំរើនក៏បានណែនាំទៅកាន់មន្ទីរជំនាញអង្គភាពពាក់ព័ន្ធត្រូវចូលរួមសហការអនុវត្តកិច្ចការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ខាងមុខនេះឱ្យបានសស្រាក់សស្រាំពិសេសមន្ទីររ៉ែនិងថាមពលត្រូវពន្លឿនលើការងារតបណ្ដាញអគ្គិសនីនៅតាមផ្លូវថ្មីៗ។ចំណែកមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ត្រូវពន្លឿនការតបណ្ដាញទឹកស្អាតនៅតាមតំបន់ផ្សេងទៀតផងដែរពិសេសគឺទៅដល់ទីតាំងដែលត្រៀមប្រារព្ធពិធីឱ្យបានកាន់តែឆាប់។

ក្រោយចប់កិច្ចប្រជុំខាងលើថ្នាក់ដឹកនាំទាំងពីររួមទាំងមន្ត្រីរាជការមួយចំនួនក៏បានបន្តចុះត្រួតពិនិត្យនៅតាមផ្លូវឆ្នេរនិងចុះកំណត់ទីតាំងត្រៀមប្រារព្ធពិធីបុណ្យសមុទ្រផងដែរក្នុងនោះមានពីរទីតាំងដែលស្ថិតក្នុងការពិចារណាគឺនៅបរិវេណរង្វង់មូលព្រះថោងនាងនាគនិងមួយទីតាំងទៀតនៅឆ្នេរពយជំទាវម៉ៅដែលនៅជិតដើមឈើចាំស្នេហ៍៕

អត្ថបទដែលជាប់ទាក់ទង