រថយន្តឡិចស៊ីស៣៣០ ងងុយដេក រេចង្កូតបុកទ្រូងផ្លូវ សំណាងអត់មានអ្នករបួស
ភ្នំពេញ : បុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស RX330 ពណ៌សពាក់ផ្លាកលេខភ្នំពេញ ២BD-៩២៦១ ងងុយដេកបើករេចង្កូតទៅខាងឆ្វេង បុកទ្រូងផ្លូវបណ្ដាលរថយន្តដាច់កាឡេ បើកទៅមុខលេងរួច ។ ហេតុការនេះកើតឡើង កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២០ នៅចំណុចមុខវត្តចាក់អង្រែក្រោម តាមផ្លូវជាតិលេខ២ ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
នគរបាលវាស់វែងខណ្ឌបានឲ្យដឹងថា ប្រភពព័ត៌មានពីបុរសអាយុ៣៥ឆ្នាំ អ្នកបើករថយន្តបង្កហេតុ មុនកើតហេតុ បើកចេញពីធ្វើការហើយលុះមកដល់ចំណុចកើតហេតុ តាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងមកត្បូង ស្រាប់តែខ្លួនងងុយដេកលង់លក់មួយភាំង រេចង្កូតជ្រុលទៅខាងឆ្វេងដៃបុកទ្រូងផ្លូវមួយទំហឹង បណ្ដាលរថយន្តគាត់ដាច់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលេងបាន ។ ក្រោយកើតហេតុធ្វើការឃាត់អ្នកបើកបររថយន្ត និងរថយន្តបង្កបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ ដើម្បីរក្សាទុកជាបណ្ដោះអាសន្នរង់ចាំធ្វើការដោះស្រាយផាកពិន័យជាក្រោយទៀត ៕