កិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ភ្នំពេញ៖ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផល នៃកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព តាមប្រព័ន្ធវីដេអូ ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ដោយសាធារណរដ្ឋប្រជាមានិតចិន និងបានដឹកនាំដោយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសទេសចិន និងចូលរួមដោយរដ្ឋមន្ត្រីមកពី២៦ប្រទេសជាដៃគូ នៃកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។
អង្គប្រជុំបានទទួលស្គាល់នូវភាពចាំបាច់តម្រូវឲ្យមានសាមគ្គីភាពអន្តរជាតិ កិច្ចសហប្រតិបត្តិការពហុភាគី និងការគាំទ្រគ្នាទៅវិញទៅមក កាន់តែរឹងមាំជាងមុន ដើម្បីដោះស្រាយជំងឺរាតត្បាតសកលនិងផលប៉ះពាល់សេដ្ឋកិច្ចសង្គម យ៉ាងធ្ងន់ធ្ងររបស់វានៅទូទាំងពិភពលោក ឲ្យកាន់តែមានប្រសិទ្ធភាព ដោយគ្មានការរើសអើង ភាពលំអៀង ការប្រកាន់ពូជសាសន៍ និងភាពស្អប់ខ្ពើមឡើយ។
ដើម្បីកសាងវីថីសូត្រសុខភាព អង្គប្រជុំបានគូសបញ្ជាក់អំពីសារសំខាន់នៃការចែករំលែកព័ត៌មាន និងឧត្តម្មានុវត្តន៍ទាន់ពេលវេលា និងការធ្វើឲ្យប្រសើរឡើងនូវការទទួលបានផលិតផលសុខាភិបាល ប្រកបដោយសមធម៌ និងតម្លៃសមរម្យ រួមទាំងវ៉ាក់សាំងការពារដែលគួរតែត្រូវបានទទួលស្គាល់ថាជាទំនិញសាធារណៈសកល។
អង្គប្រជុំក៏បានពិភាក្សាពិវិធីសាស្ត្រ និងមធ្យោបាយ ដើម្បីជំរុញការតភ្ជាប់និងលើកកម្ពស់ការស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមគំនិផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។
នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនអង្គប្រជុំពីយុទ្ធនាការដ៏ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រប់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការចូលរួមចំណែករបស់កម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងសកល។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំនិងការរួមចំណែករបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ នៅទូទាំងសកលលោក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមជាមួយថ្នាក់ដឹកនាំដទៃទៀត សំដែងការកោតសរសើរដល់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការរៀបកិច្ចប្រជុំដ៏សំខាន់នេះឡើងដែលនឹងបង្កើតឲ្យមានការប្តេជ្ញាចិត្តជាអន្តរជាតិ ដើម្បីជម្នះលើការរីករាលនៃជំងឺរាតត្បាតនេះ នាពេលបច្ចុប្បន្ន និងលើកកម្ពស់ការស្តារសេដ្ឋកិច្ច សង្គមឡើងវិញក្រោយជំងឺកូវីដ១៩។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះ “វិថីសូត្រសុខភាព”។ ក្នុងនាមជាប្រទេសដែលមានជំនឿមុតមាំលើពហុភាគីនិយម និងជាតួអង្គសកម្មនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ កម្ពុជាសូមអំពានាវឲ្យមានការចូលរួមកាន់តែស៊ីជម្រៅបន្ថែមទៀត ពីសំណាក់តួអង្គរដ្ឋ និងមិនមែនរដ្ឋទាំងអស់ នៅក្នុងបណ្តាកម្មវិធីទាំងឡាយ នៃកិច្ចសហប្រតិបត្តិការខ្សែវាត់និងផ្លូវ ដែលបានបង្កើតឡើងជាពិសេស ដើម្បីបំពេញឲ្យគ្នាទៅវិញមកជាមួយ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
អង្គប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីរួមនៃសាមគ្គីភាពរបស់អ្នកចូលរួមប្រជុំទាំងអស់ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេស ក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ លើកកម្ពស់ការស្តារសេដ្ឋកិច្ចសង្គម និងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការកសាងសហគមន៍នៃអនាគតរួម៕