ស្ថានការណ៍នៃជំងឺកូវីដ-១៩ មកទល់ថ្ងៃនេះ មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ
ភ្នំពេញ៖ នៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកទល់ពេលនេះស្ថានការណ៍នៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវ គឺនៅតែជាក្តីព្រួយបារម្ភដ៏ធំបំផុតរបស់ពិភពលោក។
មកទល់ថ្ងៃនេះដែរ ក៏មិនទាន់មានថ្នាំព្យាបាលកូវីដ-១៩ នៅឡើយទេ។ ជាង២១៦ប្រទេស គឺចំនួនអ្នកឆ្លងរោគកូវីដ-១៩ បានកើនឡើងជាបន្តបន្ទាប់រហូតដល់ 8,242,999 ដែលមានអ្នកស្លាប់រហូតដល់ 445,535 នាក់។
ថ្មីៗនេះ នៅកម្ពុជាយើងក៏មានអ្នកឆ្លងរោគកូវីដ-១៩ ថ្មី២នាក់មកពីឥណ្ឌូនេស៊ី និង១នាក់ទៀតមកពីម៉ាឡេស៊ី ដែលសរុបមកប្រទេសយើងមានអ្នកឆ្លង១២៩នាក់ ដែលព្យាបាលជាសះស្បើយ ១២៦នាក់ និង៣នាក់កំពុងសម្រាកព្យាបាល។
សម្តេច បានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នគ្រប់ពេល ទោះបីនៅក្នុងទីក្រុងឬនៅតាមជនបទស្រុកស្រែចំការគឺត្រូវមានម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ។ ចំពោះទីកន្លែងប្រមូលផ្តុំដែលមានមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរ ហាងលក់ទំនិញ ជាពិសេសមន្ទីរព្យាបាល និងមន្ទីរពេទ្យទាំងរដ្ឋនិងឯកជនត្រូវតែមានម៉ាស ទឹកអាល់កុល ឬចឹលដើម្បីអោយពលរដ្ឋប្រើប្រាស់ការពារកុំអោយមានការចម្លងរោគកូវីដ-១៩ពីម្នាក់ទៅម្នាក់។ ព្រោះជំងឺនេះយើងមើលមិនឃើញទេ ហើយងាយឆ្លងរាលដាលលឿនណាស់។
សូមអរគុណបងប្អូនជនរួមជាតិ ដែលយកចិត្តទុកដាក់ការពារខ្លូន និងការពារសមាជិកក្នុងក្រុមគ្រួសារដើម្បីសុវត្ថិភាពសុខភាពចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នានៅទូទាំងប្រទេស៕