ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តាំងពិព័រណ៍​បង្ហាញ​ពេលវេលា​ជា​ប្រវត្តិសាស្ត្រ​មួយ នៃ​ថ្ងៃទី​២០​មិថុនា មាន​រូបភាព​ចំនួន​១០៧​សន្លឹក​, រូបគំនូរ​ចំនួន​៣៦​ផ្ទាំង និង​ផែនទី​ចំនួន​៦​ផ្ទាំង នៅក្នុង «​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​»

126

 

​ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤៣ នៃ​ទិវា​ចងចាំ​ពី​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០​នេះ មានការ​រៀបចំ​ដាក់តាំង​ពិព័រណ៍​បង្ហាញ​ពេលវេលា​ជា​ប្រវត្តិសាស្ត្រ​មួយ ដែលមាន​រូបភាព​ចំនួន​១០៧​សន្លឹក​, រូបគំនូរ​ចំនួន​៣៦​ផ្ទាំង និង​ផែនទី​ចំនួន​៦​ផ្ទាំង នៅក្នុង «​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​»​។

​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​នេះ គឺ​ផ្តើមចេញពី​គំនិត​របស់ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស នៃ​ក្រសួងការពារជាតិ ជាមួយនឹង​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុង​ដំណើរ​កម្មសិក្សា​នៅ​តំបន់​កោះ​ថ្ម​នា​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​។​

​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើងថា “​ថ្ងៃទី​២០ ខែមិថុនា គឺជា​ខួប​លើក​ទី​៤៣​ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃ​ថ្ងៃ​ដែល ខ្ញុំ​សម្រេចចិត្ត​ដោយ​ការឈឺ​ចាប់យក​ជីវិត ធ្វើ​ដើមទុន​ដើម្បី​តស៊ូ​រំដោះប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ ទោះបី​ពេលនេះ​ខ្លួន​ខ្ញុំ និង​ប្រជាជន​កម្ពុជា​កំពុង​ទទួលបាន​នូវ​សេចក្តីសុខ តែ​ខ្ញុំ​មិនដែល​ភ្លេច​នូវ ទឹកភ្នែក​រាប់ម៉ឺន រាប់សែន​ដំណក់ នៅពេលដែល​ខ្ញុំ​ឈាន​ជើង​ចេញពី​មាតុភូមិ​ចោល​ប្រជាជន​កម្ពុជា ដែល​កំពុង​រងគ្រោះ ពិសេស​ចាកចេញ​ចោល ភរិយា​ដ៏​កម្សត់​ដែល​កំពុងមាន​ផ្ទៃពោះ​។ ខ្ញុំ​អត់​មាន​ជម្រើស​ឲ្យ​ល្អ​ជាង​នេះ​ទេ ព្រោះ​យើង​មិនអាច​សុំ​ការ​អាណិត​ពី​ពួក ប៉ុល ពត បានឡើយ​។ ជម្រើស​ប្រកបដោយ​គ្រោះថ្នាក់ និង​ទឹកភ្នែក​នោះ​ហើយ​ដែល​នាំមក​នូវ​សេចក្តីសុខ និង​ការរីកចម្រើន​រហូត​សព្វថ្ងៃនេះ​”​។​

​នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានធ្វើ​លិខិត​ស្នើសុំ​បន្ទប់រៀន​ចំនួន​២​បន្ទប់​នៅក្នុង​សាលា បឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះ​ថ្ម ស្ថិតនៅ​ក្នុងភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ សម្រាប់​រៀបចំ​ជា​សារមន្ទីរ​រក្សាទុក​ឯក​សារ​ស្រាវជ្រាវ ដោយ​សហការ​រៀបចំ​និង​ប្រតិបត្តិ​ជាមួយនឹង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០ លិខិត​ពី​ឯកឧត្តម បណ្ឌិត សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឯកភាព​លើ​សំណើរ​សុំ​បន្ទប់​សិក្សា​ចំនួន​២​នេះ​។​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រួមមាន ឡុង ដា​នី​, ផេង ពង្ស​រ៉ាស៊ី​, លី កុក​ឆាយ​, សូ ហ្វា​រី​ណា​, លឹម យ៉ុង​ហួត និង​សុខ វណ្ណៈ បានរៀបចំ​តម្លើង​ផ្ទាំង​ពិព័រណ៍​រូបថត និង​រចនា​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​នេះ​ឡើង​។ ឯកសារ​ពិព័រណ៍​បង្ហាញ​ពេលវេលា​ជា​ប្រវត្តិសាស្ត្រ​នេះ យកចេញ​ពី ១) ឯកសារ​ខ្មែរក្រហម ២) ឯកសារ​អាមេរិក និង​៣) ឯកសារ​វៀតណាម និង​រូបភាព​ទាំងឡាយ​ផ្តើមចេញពី​អ្នក​ថតរូប​ចំនួន​៥​រូប គឺ ១) ម៉ៃ​ឡាំ អ្នក​ថតរូប​វៀតណាម​, ២) ស៊ី​ល​វ៉ា​ណា​ហ្វូ័​រ អ្នក​ថតរូប​អាមេរិក​, ៣) ដេវីត ហ៊​ក អ្នក​ថតរូប​អាមេរិក​, ៤) ឆាំង យុ អ្នក​ថតរូប​កម្ពុជា និង​៥) ហ្គ៊ុ​ន​ណា បឺត​ស្ត្រ​ម អ្នក​ថតរូប​ស៊ុយអែត និង រូបគំនូរ​ទាំង​៣៦​ផ្ទាំង គូរ​ដោយ​វិចិត្រករ អ៊ុត រឿន​។​
​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺជា​អ្នករៀបចំ​ពិព័រណ៍​នេះ ដើម្បី​ជាការ​ចាប់ផ្តើម​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម សហការ​ជាមួយ​ក្រុមការងារ​វិមាន​ឈ្នះ​ឈ្នះ តំបន់​ប្រវត្តិសាស្ត្រ​យោធា​នៃ​ក្រសួងការពារជាតិ​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រុមការងារ​ប្រវត្តិសាស្ត្រ​យោធា នឹង​ខិតខំ​ពង្រឹង​កិច្ចសហការ ឲ្យ​មានការ​សិក្សា​ស្វែងយល់ និង​ស្រាវជ្រាវ​អំពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ​ជាង​សព្វដង សម្រាប់​ជា​ចំណេះ​ចេះដឹង​ដល់​យុវជន​យុវនារី​ជំនាន់​ក្រោយ​។ មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​នេះ ក៏មាន​តួនាទី​ជាទី​តាំង​បណ្តោះអាសន្ន​សម្រាប់​រៀបចំ​ធ្វើ​សារ មន្ទីរ​ក្រោម​លំហ​មេឃ​មួយ នៅលើ​ផ្ទៃ ដី​នៅ​ចំ​ពី​មុសា​លា​បឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះ​ថ្ម​។​

​រូបថត​ដែល​បានដាក់​តាំង​បង្ហាញ​ទាំង អស់ គឺជា​បណ្តុំ​រូបថត​បន្សល់ទុក​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​រហូតដល់​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ រូបថត​ទាំងនេះ​បង្ហាញ​ដល់​អ្នកទស្សនា​អំពី​ព្រឹត្តិការ ណ៍ ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ដែល​ចាប់ផ្តើម​ពី​ការធ្វើ​សង្គ្រាម​នៅតាម​ព្រំប្រទល់​កម្ពុជា​-​វៀតណាម ជាពិសេស​នៅ​តំបន់​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង និង​ភូមិ​មួយចំនួន​ក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្តកំពង់ចាម (​បច្ចុប្បន្ន​ខេត្ត​ត្បូងឃ្មុំ​), ការកកើត​និង​គ្រប់គ្រង​ប្រទេស​ទាំងស្រុង​របស់​ខ្មែរក្រហម​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩ ដែល​បង្ក​ឲ្យ​មាន​មហន្តរាយ យ៉ាង​ធ្ងន់ ធ្ង​រ ដល់​ជីវិត​ប្រជាជន​កម្ពុ​ជាជាង​២ លាន​នាក់​និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​ទាំងមូល​, ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ខ្មែរក្រហម និង​ជីវិត​រស់ នៅ​ប្រចាំថ្ងៃ​បន្ទាប់ពី​របប​ខ្មែរក្រហម ព្រមទាំង​ភស្តុតាង​ឧក្រិដ្ឋ​ដែល​បន្សល់ ទុក​ពីរ​បប​នេះ រហូត​ឈានដល់​ការផ្តួចផ្តើម​គំនិត​បង្កើត​គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដើម្បី​បង្រួប បង្រួម​ប្រទេស​ទាំងមូល​ដោយ សន្តិភាព​និង​សន្តិវិធី​។​

​ពិព័រណ៍​រូបថត​បង្ហាញ​ពី​សំណល់​សង្គ្រាម​ទសវត្សរ៍​៦០ ដល់​៧០ នៅ​តំបន់​កោះ​ថ្ម ក្នុង​ឃុំ​ជាំ​ក្រវៀន ពិព័រណ៍​ផ្នែក​នេះ បង្ហាញ​ពី​ការធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​របស់​អាមេរិក និង​មូលដ្ឋានទ័ព​របស់​វៀត​ណា​ម​ខាងជើង ឬ​វៀត​កុង នៅក្នុង​ទឹកដី​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់​។ រូប​ឧ​ទ្ធ​ម្ភា​គ ចក្រ​ដែល​កំពុង​បន្ទាបខ្លួន​ចុះ មាន ឈ្មោះ​សម្គាល់ថា អេ​អេ​ច​-​វ័ន​ហ្ជី កូ​ប្រា បាន​ធ្លា​ក់នៅ​ចម្ងាយ​ប្រមាណ ១០០ ម៉ែត្រ ភាគ​ខាងលិច​ភូមិ​ដង្ហិត ឃុំ​ជាំ​ក្រវៀន នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​១៩៧០​។ រូបថត​មួយ​សន្លឹក​ទៀត ដែល​អាច​មើលឃើញថា ជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​មាន​កង្ហារ​ពីរ​មុខ​និង​ក្រោយ មានឈ្មោះ​សម្គាល់ថា ជី​នុ​ក បាន​ធ្លា​ក់នៅ​ចំណុច​ខាងជើង​ភូមិ​ដង្ហិត ឃុំ​ជាំ​ក្រវៀន​។​អ្នកភូមិ​បាន​ប្រាប់​ពី​ការធ្លាក់​ឧទ្ធម្ភាគចក្រ ជី​នុ​ក ថា​បាន​ធ្លាក់​នៅក្នុង​ឆ្នាំ​១៩៧០​។ រូបថត​មួយ​សន្លឹក​ទៀត ជា​ប្រភេទ​ឧទ្ធម្ភាគចក្រ អូ អេ​ជ​-៦ បាន​ធ្លាក់​នៅក្បែរ​ស្រះ​ទឹក​មួយ​ក្នុងភូមិ​របង​ច្រុះ ឃុំ​ជាំ​ក្រវៀន ដែលមាន​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ព្រំប្រទល់​វៀតណាម​ក្នុង​ឆ្នាំ​១៩៧០ ។ ចំណែក​រូបថត​ពីរ​សន្លឹក​ទៀត​នៃ​ផ្នែក​នេះ បង្ហាញ​ពី​មូលដ្ឋានទ័ព​របស់​វៀត​ណា​ម​ខាងជើង ដែលមាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១​ពាន់​៥​រយ​ម៉ែត្រ​ប៉ែក​ខាងជើង​ភូមិ​សា​ទុំ និង​៧ គីឡូម៉ែត្រ​ប៉ែក​ឦសាន​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​។ មូលដ្ឋាន​ទាំងពីរ​នេះ ត្រូវបាន​សាង សង់​ឡើង​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៦០​។ រូបថត​បង្ហាញ​ពី​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ​វ័យ​ជំទង់​ពីររូប ឈរ​ស្ពាយ​គ្រាប់​និង​កាំភ្លើង​នៅ​សង ខាង​ស្ត្រី​អ្នកកាសែត​ដែលជា​ជនជាតិ​អាមេរិក គឺជា​មូលដ្ឋានទ័ព​មួយ​ត្រូវបាន​ប្រើប្រាស់​ជាម​ន្ទីរ​១០០​របស់​ខ្មែរក្រហម ក្នុង​ឆ្នាំ​១៩៦៣​ដល់​ឆ្នាំ​១៩៦៥​។ អ្នក​ថតរូប និង​ជា​អ្នកកាសែត​រូបនេះ​មាន​ឈ្មោះថា ស៊ី​ល​វ៉ា​ណា ហ្វូ័​រ គឺជា​អតីត​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស និង​អ្នកជំនាញ​កិច្ច ការ​សាធារណៈ​។ គាត់​គឺជា​ស្ត្រី​ដំបូង​ដែល​បម្រើការ​ជា​និពន្ធ​នាយក​របស់​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ​ដ៏​ធំ​មួយ​នៃ​បណ្តាញ​ទូរទស្សន៍​អាមេរិក និង​ជា​ស្ត្រី​ដំបូងបង្អស់​ដែល​បម្រើការ​ជា​អ្នកនាំពាក្យ​របស់​អគ្គលេខា​ធិ​ការ​អង្គការសហប្រជាជាតិ​។ នៅ​ខែមេសា ឆ្នាំ​១៩៧៣​លោកស្រី​ត្រូវបាន​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ដោយ សារ​តែ​លោកស្រី​បានធ្វើ​សេចក្តី​រាយ ការណ៍​អំពី​រដ្ឋាភិបាល​សហរដ្ឋ​អា​មេ រិ​ក ចំពោះ​សកម្មភាព​ទម្លាក់​គ្រាប់បែក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ របាយការណ៍​របស់លោក​ស្រី បានធ្វើ​ឲ្យ​ព្រឹទ្ធសភា​អាមេរិក​ចេញ​បញ្ជា​ឲ្យ​បញ្ឈប់​ជា បន្ទាន់​នូវ​ការទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​។ បច្ចុប្បន្ន លោកស្រី​រស់នៅក្នុង​ប្រទេស​អ៊ីស្រាអែល​។​

​ពិព័រណ៍​រូបថត​បង្ហាញ​ពី​ជីវិត​ក្នុង​របប ប៉ុល ពត រូបថត​ជាច្រើន​សន្លឹក​ក្នុង​ផ្នែក​នេះ បង្ហាញ​ពី​ប្រជាជន​កម្ពុជា​ទាំងចាស់ទាំងក្មេង ធ្វើ​ការងារ​ពលកម្ម លើក​ទំនប់ ជីក ប្រឡាយ ធ្វើស្រែ កសាង​ប្រព័ន្ធធារាសាស្ត្រ និង​កំណែន​កុមារា​និង​កុមារី​ឲ្យ​ធ្វើជា​កងទ័ព​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​ប្រឆាំងនឹង​កងទ័ព​វៀតណាម​។ ពុំមាន​រូបថត​មួយ​សន្លឹក​ណា​ទេ ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ខ្មែរក្រហម​ក្នុង​វិស័យ​អប់រំ​។ ក្មេងៗ​និង​យុវជន​យុវនារី ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ពលកម្ម​ស្រែចម្ការ និង​បង្ខំ​ឲ្យ​ចូលរួម​ប្រយុទ្ធ​នៅក្នុង​សមរភូមិ​។ សម្លៀកបំពាក់​ខ្មៅ គឺជា​ឯកសណ្ឋាន​ដែល​សម្គាល់​ពី​ភាព​ស្នើ​ភាព​គ្នា គ្មាន​វណ្ណៈ​សង្គម និង​សមូហភាព​។ ការងារ​ពលកម្ម និង​ធ្វើស្រែ​ចម្ការ គឺជា​ទិសដៅ​កំណត់​ពី​អង្គការ​ថ្នាក់លើ ដើម្បី​ឈានដល់​ការអភិវឌ្ឍន៍​ប្រទេស​ឲ្យ​ក្លាយទៅជា​ប្រទេស​ដែលមាន​វិស័យ​កសិកម្ម​ជឿនលឿន​លើ​សាកលលោក​។​
​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩ របប​ខ្មែរក្រហម​បាន​នាំ​ប្រទេស​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​សោកនាដកម្ម​យ៉ាង​ធ្ងន់ ធ្ង​រ ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​ពីរលាន​នាក់​។ មេដឹកនាំ​កំពូលៗ​នៃ​របប​នេះ ត្រូវ​នាំខ្លួន​មក​កាត់ទោស​ពីបទ​ឧក្រិដ្ឋ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​បទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​។ រូបថត​ទាំងអស់នេះ ថត​ក្នុង​ឆ្នាំ​១៩៧៧ និង​១៩៧៨ ដោយ​អ្នក​ថតរូប​ខ្មែរ ក្រហម​មិន​ស្គាល់ឈ្មោះ​ម្នាក់ និង​អ្នកសារព័ត៌មាន​ជនជាតិ​ស៊ុយអែត​ឈ្មោះ ហ្គូ​ណា បឺត​ស្ត្រ​ម និង​មាន​តម្កល់​នៅក្នុង​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ហ្គូ​ណា បឺត​ស្ត្រ​ម បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​ខែសីហា ឆ្នាំ ១៩៧៨​។ គាត់ គឺជា​អ្នកគាំទ្រ​ខ្មែរ ក្រហម​ម្នា​ក់លើ​វិស័យ​នយោបាយ សង្គម និង​សេដ្ឋកិច្ច​។ ហ្គូ​ណា ធ្លាប់​ជួប​ដោយផ្ទាល់​ជាមួយ ប៉ុល ពត ហើយ​គាត់​ត្រូវបាន​បំផុសគំនិត​ថា ការកសាង​សង្គម​មួយ គឺ​ត្រូវ​ពឹងផ្អែក​លើ​ភាព​ឯករាជ្យ​ម្ចាស់ការ និង​សមភាព​។ នៅ​ឆ្នាំ ២០០៨ និង​ឆ្នាំ ២០១៦ ហ្គូ​ណា បានមក​ទស្សនកិច្ច​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​សុំទោស​ជា​សាធារណៈ​ដល់​អ្នក​រស់រាន​មាន ជីវិត​ពីរ​បប​ខ្មែរក្រហម និង​បាន​បង្រៀន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ខិតខំ​ថែរក្សា និង​ចងចាំ​ពី​ប្រវត្តិ សាស្ត្រ​ខ្លួនឯង​ក្នុងន័យ​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​កើតឡើង​ម្តងទៀត​។ ហ្គូ​ណា បឺត​ស្ត្រ​ម សព្វថ្ងៃនេះ​គាត់​រស់នៅ​ទីក្រុង​ស្តុក​ឃ​ម ប្រទេស​ស៊ុយអែត​។​

​ពិព័រណ៍​រូបថត និង​រូបភាព​បង្ហាញ​ពី​ដំណើរ​ឆ្ពោះទៅរក​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៧៧​រូបថត និង​រូបគំនូរ​ដែលមាន​នៅក្នុង​ផ្នែក​នេះ គឺជា​ដំណើរ​ដ៏​គ្រោះថ្នាក់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ពាក់កណ្តាល​ឆ្នាំ​១៩៧៧ ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ក្នុង​គោលបំណង​ប្រមូល​កម្លាំង​អ្នកតស៊ូ​ស្នេហា​ជាតិ ដើម្បី​វាយ​រំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៧៧ គឺជា​ថ្ងៃ​ដែល​សម្តេច​តេ​ជោ និង​យុទ្ធ​មិត្ត​ដ៏​ស្មោះស្ម័គ្រ​៤​រូប​ទៀត សម្រេចចិត្ត​រត់ចេញ​ទាំង​ក្តីបារម្ភ​បំផុត​ពី​បន្ទាយ​កោះ​ថ្ម ស្ថិតក្នុង​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម ដែលជា​ទីតាំង​បន្ទាយ​ឈរជើង​របស់​សម្តេច​តេ​ជោ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​សម្តេច​និង​យុទ្ធ​មិត្ត បានធ្វើ​ដំណើរ​ឆ្លងកាត់​អូរ​តូច​មួយ​ប៉ុន្តែ​នៅក្នុង​ម​ហិ​ច្ឆ តា​ដ៏​ធំ​បំផុត ក្នុង​តំបន់​អាង​កាច់ ដែល​ខណ្ឌ​ចែក​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ឆ្ពោះទៅកាន់​ទឹកដី​វៀតណាម​។ នៅក្នុង​ទឹកដី​វៀតណាម សម្តេច​និង​យុទ្ធ​មិត្ត បាន​លាក់​អាវុធ​និង​សម្ភារៈ​ផ្សេងៗ រួច​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ចូលទៅ​កាន់​ភូមិ​មួយ ជាទី​កន្លែង​ដែល​សម្តេច​និង​យុទ្ធ​មិត្ត​ទទួលបាន ការស្វាគមន៍​រាក់ទាក់​ពី​ប្រជាជន​វៀត ណា​ម មុន​ពេលដែល​ប្រជាជន​វៀត ណា​ម​ទាំងនោះ​នាំ​សម្តេច​និង​យុទ្ធ​មិត្ត​ទាំងអស់ ទៅកាន់​ទីស្នាក់ការ​ឃុំរ​បស់​វៀតណាម​។​

​សម្តេច​តេ​ជោ ត្រូវបាន​ភាគី​វៀតណាម​សួរចម្លើយ​ជា​លើកទីមួយ​នៅ​ទីនោះ​។ បន្ទាប់មក សម្តេច ហ៊ុន សែន ត្រូវបាន​បញ្ជូន​ទៅកាន់​ស្រុក​មិញ​ភឿ​ក ជាទី​កន្លែង​ដែល​សម្តេច​ត្រូវ​សួរចម្លើយ​ម្តងទៀត​ពី​កម្មាភិបាល​ថ្នាក់ស្រុក​។ នៅ​ឆ្នាំ​១៩៧៨ សម្តេច ហ៊ុន សែន បាន​ក្លាយជា​សមាជិក​ស្ថាបនិក​នៃ រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។ ដោយមាន​ការសហការ​ជាមួយ​ចលនា​ស្នេហា​ជាតិ​នានា​និង​ការគាំទ្រ​ពី​កងកម្លាំង​ស្ម័គ្រ ចិត្ត​វៀតណាម រណៈសិរ្ស​នេះ​បាន​សង្គ្រោះ​ប្រទេស និង​ប្រជាជន​កម្ពុជា​ទាំងស្រុង​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។​

​រូបគំនូរ​ពី​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត របស់​សម្តេច​តេ​ជោ គូរ​ដោយ​វិចិត្រករ អ៊ុត រឿន​។ លោក អ៊ុត រឿន បានចាប់ផ្តើម​គូរគំនូរ​ដំបូង​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​។ លោក​បាន​បោះពុម្ព​សៀវភៅ​គំនូរ​រឿង ព្រះថោង​នាងនាគ​, ធនញ្ជ័យ និង​ទុំ​ទាវ​។ ក្នុង​របប​ខ្មែរក្រហម លោក​ត្រូវ​ខ្មែរក្រហម​តម្រូវ​ឲ្យ​គូរគំនូរ​ស្តីអំពី «​ផែនការ​សាងសង់​សម្រាប់​អង្គការ​បដិវត្តន៍​»​។ លោក អ៊ុត រឿន បាន​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០០១​។ បច្ចុប្បន្ន លោក​គឺជា​វិចិត្រករ​នៅ​វិមាន ឈ្នះ ឈ្នះ​។​

​ពិព័រណ៍​រូបថត​បង្ហាញ​ពី​ការវិល​ត្រឡ ប់​មក​ស្រុកភូមិ​វិញ​ក្នុង​ឆ្នាំ​១៩៧ ១៩៧៩ បន្ទាប់ពី​ការដួលរលំ​របប ប៉ុល ពត រូបថត​ទាំងអស់​នៅក្នុង​ផ្នែក​នេះ ដែល​ត្រូវបាន​ថត​ឡើង​ក្នុង​ឆ្នាំ ១៩៧៩​និង​១៩៨០ ដោយ​អ្នក​ថត រូប​ជនជាតិ​វៀតណាម​ពីររូប​គឺ ឌិ​ញ ហ្វុ​ង និង​ហូ វ៉ាន់​តា​យ បង្ហាញ​ពី​ជ័យ ជំនះ​លើ​របប​ខ្មែរក្រហម តាមរយៈ​ការចូល​ដល់ទី​ក្រុងភ្នំពេញ​របស់​កងកម្លាំង​រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងកម្លាំង​ស្ម័គ្រចិត្ត​វៀតណាម នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ ១៩៧៩ និង​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា​។ បន្ទាប់ពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា​ប្រមាណ​៥​លាន​នាក់ ដែល​ភាគច្រើន​ជា​កុមារ និង​ស្ត្រី​ម៉េ​មា​យ បាន​រួច​រស់​ជីវិត​ពី​របប​ខ្មែរក្រហម និង​បាន​វិលត្រឡប់​មកកាន់​ស្រុកកំណើត​របស់ខ្លួន​វិញ​។ រូបថត​បានបង្ហាញ​ពី​ការធ្វើដំណើរ​ដោយ​ឥត​គោលដៅ ប៉ុន្តែ​ប្រកបដោយ​ក្តីសង្ឃឹម​ថ្មី និង​ជីវិត​វេទនា​របស់​ក្មេង​កំព្រា​, ការវិលត្រឡប់​មកកាន់​ស្រុកកំណើត​របស់​ប្រជាជន​ដោយ​គ្មាន​ស្បែកជើង និង​ការបង្ហាញ​ពី​ស្លាកស្នាម​ធ្វើ​ទារុណកម្ម​របស់​ខ្មែរក្រហម ព្រមទាំង​ពិការភាព​ដែល​បន្សល់ទុក​ដោយ​ខ្មែរក្រហម​។​

​ឌិ​ញ ហ្វុ​ង និង​ហូ វ៉ាន់​តា​យ គឺជា​អតីត​អ្នក​ថត​ភាពយន្ត​ឯកសារ «​គុក​ទួលស្លែង​» ដំបូងបង្អស់ នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​១៩៧៩​។ អ្នក​ទាំងពីរ បាន​ចូលទៅ​កាន់​គុក​ទួលស្លែង​តាមរយៈ​ក្លិនស្អុយ​របស់​សាកសព និង​បាន​ថតរូប​ជាច្រើន​សន្លឹក​ពី​ទិដ្ឋភាព​ក្នុង​គុក ព្រមទាំង​បាន​ជួយសង្គ្រោះ​ក្មេង​កំព្រា​៥​នាក់​ដែល​ឪពុកម្តាយ​ត្រូវបាន​សម្លាប់​ដោយ​ខ្មែរក្រហម​។ សព្វថ្ងៃ ហូ វ៉ាន់​តា​យ រស់នៅ​ខណ្ឌ​ប៊ិន​ថា​ញ់​។​

​ពិព័រណ៍​រូបថត​បង្ហាញ​ពី​រូបភាព​បទ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ រូបថត​ច្រើន​សន្លឹក​នៅក្នុង​ផ្នែក​នេះ បង្ហាញ​ពី​ការសម្លាប់​រង្គាល​របស់​ខ្មែរក្រហម​មកលើ​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​នៃ​ការកាន់កាប់​ប្រទេស​ពី​ឆ្នាំ ១៩៧៥ ដល់​១៩៧៩​។ ថ្វីត្បិតតែ​មាន​ប្រជា ជនកម្ពុជា​ជាច្រើន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ ហូប​មិន​គ្រប់គ្រាន់ ធ្វើការ​ហួសកម្លាំង និង​ធ្វើ​ទារុណកម្ម​ក៏ដោយ ក៏​នៅមាន​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​សម្លាប់​ក្រោមរូបភាព​ធ្វើ​បន្សុទ្ធកម្ម​ដើម្បី​ស្វែងរក​សមាសភាព​ក្បត់​នឹង​អង្គការ​បដិវត្តន៍ ដូចជា​គិញ​សម្ងាត់​សេ​អ៊ី​អា​របស់​អាមេរិក គិញ​សម្ងាត់​កា​ហ្សេ​បេ​របស់​រុស្ស៊ី និង​ទាហាន​និង​មន្ត្រី​រដ្ឋការ​របស់រប​ប​សាធារណរដ្ឋ​ខ្មែរ​ជាដើម​។ ខ្មែរក្រហម​បាន​បង្កើត​ឲ្យ​មាន​មន្ទីរ​សន្តិសុខ ឬ​គុក​ចំនួន​១៩៧ កន្លែង​ដើម្បី​ឃុំឃាំង ធ្វើ​ទារុណកម្ម សួរចម្លើយ និង​សម្លាប់​អ្នកទោស​។ មន្ទីរ​សន្តិសុខ​ទាំងនោះ បាន​ប្រព្រឹត្ត​ឡើងជា​លក្ខណៈ​ប្រព័ន្ធ ចាប់តាំងពី​ថ្នាក់មូលដ្ឋាន​រហូតដល់​ថ្នាក់មជ្ឈិម (​មន្ទីរ ស​-២១)​។​
​នៅ​ដើមឆ្នាំ​១៩៨០ ឆ្អឹង​លលា​ដ៏​ក្បាល ឆ្អឹង​ដងខ្លួន និង​ឆ្អឹង​អវៈយវៈ​របស់​ជនរងគ្រោះ ត្រូវបាន​ប្រមូល​ទុកដាក់​នៅក្នុង​ស្តូប ឬ​ចេ​តី​យ៍​ក្នុង​បរិវេណ​វត្ត​អារាម​នៅតាម​ទីកន្លែង​ដែល​ស្ថិតនៅ​ជិតៗ​ទីតាំង​សម្លាប់ ដើម្បី​ធ្វើជា​ភស្តុតាង និង​សម្រាប់​ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា​។ នៅ​ថ្ងៃ​២០ ខែឧសភា រៀងរាល់ឆ្នាំ ប្រជាជន​កម្ពុជា​ទូទាំងប្រទេស តែង តែ​ធ្វើ​ពិធី​បង្សុកូល​គោរព​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់ទៅ​ក្នុង​របប​ខ្មែរក្រហម​។​

​រូបថត​ទាំងអស់នេះ ថត​ដោយ ម៉ៃ​ឡាំ នៅក្រោយ​ថ្ងៃ​រំដោះ​៧ មករា ឆ្នាំ ១៩៧៩​។ ម៉ៃ​ឡាំ បាន​មកដល់​ប្រទេស​កម្ពុជា ប្រហែល​នៅក្នុង​ខែកុម្ភៈ ឬ មីនា ឆ្នាំ​១៩៧៩ ក្នុងតួនាទី​ជា​វរសេនីយ៍ឯក​របស់​កងទ័ព​វៀតណាម​។ គាត់​មានចំណេះដឹង​ផ្នែក​ច្បាប់​ជ្រៅជ្រះ និង​មាន​ជំនាញ​ខាង​រៀបចំ និង​ប្រតិបត្តិ​សារមន្ទីរ​បែប​វិទ្យាសាស្ត្រ​។ ម៉ៃ​ឡាំ បានទទួល​ភារកិច្ច​ដ៏​សំខាន់​មួយ ក្នុងការ​រៀបចំ​ឯកសា​រទាំង​អស់​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​មន្ទីរ ស​-២១ ឲ្យ​ទៅជា​សារមន្ទីរ​មួយ ដែលមាន​ឈ្មោះ​ហៅថា «​សារមន្ទីរ​នៃ​សុបិន​អាក្រក់​របស់​កម្ពុជា​»​។ កិច្ចការ​របស់គាត់ គឺជា​កិច្ចការ​ដ៏​មានតម្លៃ និង​ជា​ភស្តុតាង​ក្នុងការ​បង្កើត​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា​ក្នុង​ខែសីហា ឆ្នាំ​១៩៧៩ ដើម្បី​កាត់ទោស ប៉ុល ពត និង​អៀង សារី ពីបទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​។​

​ពិព័រណ៍​រូបថត​បង្ហាញ​ពី​រូបភាព​ជីវិត​ប្រចាំថ្ងៃ​នៅ​ទសវត្សរ៍​៨០ រូបថត​ប៉ុន្មាន​សន្លឹក​នៅក្នុង​ផ្នែក​នេះ ដែល​ថត​ដោយ​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ប្រ​វ​តិ្ត​វិទូ​សញ្ជាតិ​អាមេរិក ដេវីត ហ៊​ក បង្ហាញ​ពី​ផ្នែក​សំខាន់ៗ​ចំនួន​បួន​គឺ ការ​ចរាចរណ៍​ទីផ្សារ​និង​វិស័យ​គមនាគមន៍​, ការស្តារ​ឡើងវិញ​នូវ​វិស័យ​ព្រះពុទ្ធសាសនា និង​ការមិន​រើសអើង​ពូជសាសន៍​, សេរីភាព​ក្នុងការ​ប្រកបការងារ​និង​រស់រាន​, និង​ការចាប់ផ្តើម​ឡើងវិញ​នៃ​វិស័យ​អប់រំ​។ រយៈពេល​ជាង​៤០​ឆ្នាំក្រោយ​របប​ខ្មែរក្រហម កម្រង​រូបថត​ទាំងនេះ ក្លាយជា​កម្រង​រូបថត​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន និង​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ស្វែងរក​យុត្តិធម៌​សម្រាប់​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​លោក ឆាំង យុ បាន​មានប្រសាសន៍ថា «​ការចងចាំ​ពី​អំពើ​ប្រល័យពូជសាសន៍ នៅតែ​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន និង​ជាច្រើន​ជំនាន់​ទៀត ទៅ​ថ្ងៃ​អនាគត​។ សង្គម​មួយ​មិនអាច​ស្គាល់​ខ្លួនឯង​បានទេ ប្រសិនបើ​សង្គម​នោះ​ពុំមាន​ការចងចាំ​ច្បាស់លាស់​អំពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​»​។ ប្រវត្តិវិទូ ដេវីត ហ៊​ក បាន​អធិប្បាយ​ថា «​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម​ជាច្រើន បាន​ព្យាយាម​កប់​ចោល​នូវ​អតីតកាល​របស់ខ្លួន ប៉ុន្តែ​វា​នៅតែ​ជា​អតីតកាល​និង​ជា​អត្តសញ្ញាណ​របស់ខ្លួន​ជានិច្ច​។ ប្រជាជន​ខ្មែរ​ដែល​កើត​ក្រោយ​របប​ខ្មែរក្រហម បាន​ព្យាយាម​ស្វែងយល់​អំពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​សោកនាដកម្ម​ក្នុង​អតីតកាល​កើតមានឡើង ឬ​អ្នក​ទាំងនោះ​ប្រហែលជា​នៅមាន​មន្ទិល​សង្ស័យថា តើ​សោកនាដកម្ម​ទាំង​នោះបាន​កើតឡើង​ពិតមែន ឬ​យ៉ាងណា​»​។​

​ប្រវត្តិវិទូ ដេវីត ហ៊​ក គឺជា​អ្នក​ប្រមែ ប្រមូល​ឯកសារ​ខ្មែរក្រហម​ដំបូង បង្អស់ និង​បាន​បង្កើត​គណកម្មការ​មួយ​ដើម្បី​ប្រមូល រៀបចំ ថែរក្សា និង​ចងក្រង​ឯកសារ​ខ្មែរក្រហម​នៅ​កម្ពុជា ក្នុងអំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០​។ កិច្ចការ​ស្រាវជ្រាវ​រប​ស់លោក​ទៅលើ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​បានបង្ហាញ ថា ប្រជាជន​កម្ពុជា​ប្រមាណ​ពី​១​លាន​ទៅ​៣​លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប​៧​លាន​នាក់ ត្រូវបាន​សម្លាប់ ហើយ​វប្បធម៌​ទាំងមូល​ត្រូវបាន​បំផ្លិចបំផ្លាញ​ជា​ប្រព័ន្ធ​។ លោក ដេ​វិដ ហ៊​ក ក៏ដូចជា​លោក ឆាំង យុ សព្វថ្ងៃ​អ្នក​ទាំងពីរ ផ្តោត​ការស្រាវជ្រាវ​មួយផ្នែកធំ​នៅក្នុង​ប្រទេស​កូរ៉េ ខាង ជើង និង​ប្រទេស​ភូមា​។​
​ពិព័រណ៍​រូបថត​បង្ហាញ​ពី​រូប​សម្តេច​ហ៊ុន សែន ដែល​ចាប់ផ្តើម​គិតពី​គោលនយោបាយ​ឈ្នះ ឈ្នះ រូបថត​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅក្នុង​រដ្ឋសភាជាតិ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ ការជជែក​ពិភាក្សា​របស់​សម្តេច គឺ​បាន​ផ្តោត​សំខាន់​ទៅលើ​ការផ្តួចផ្តើម​គំនិត​ក្នុងការ​បង្កើត​គោល នយោបាយ ឈ្នះ ឈ្នះ ដែល​នាំទៅដល់​ការបង្រួបបង្រួម​ជាតិ​ទាំងមូល រវាង​ក្រុម​ឧទ្ទាម​ផ្តាច់ខ្លួន​ខ្មែរក្រហម និង​រដ្ឋាភិបាល​កម្ពុជា ដោយ​សន្តិភាព​និង​សន្តិវិធី កាលពី​ឆ្នាំ​១៩៩៨​។​
​ពិព័រណ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​ការងារ​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍ នៅ​កម្ពុជា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅតាម​បណ្តា​ខេត្ត​ដទៃទៀត​នៅក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ រំពឹងថា ក្រុម​ប្រវត្តិសាស្ត្រ​យោធា នឹង​ខិតខំ​ពង្រឹង​កិច្ចសហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បន្ត​ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នេះ​ឲ្យ​កាន់តែច្បាស់​លាស់​ជាង​មុន ដើម្បី​ជា​ចំណេះ​ចេះដឹង​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត មិន​ឲ្យ​ភ្លេច​ពី​វិនាសកម្ម​ដ៏​ជូរចត់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង