ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលករ​ខ្មែរ​ជិត​៥០​នាក់ ឆ្លងដែន​ខុសច្បាប់ ត្រូវ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូនមក​កម្ពុជា​វិញ​

94

 

​ព្រំដែន​កម្ពុជា​ថៃ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នា​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ បានទទួល​ពលករ​ខ្មែរ ឆ្លងដែន​ខុសច្បាប់ ពី​អាជ្ញាធរ​ថៃ ចំនួន ៤៥​នាក់ និង​ពលរដ្ឋ​ថៃ​ចាកចេញ​មាន​ចំនួន ១៧​នាក់​។​

​ដោយឡែក​ពលករ​ខាងលើ ដែល​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មកពី ខេត្ត​សុង​ខ្លា ភាគខាងត្បូង នៃ​ប្រទេស​ថៃ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ បានធ្វើ​ការអប់រំ​ណែនាំ អំពី​ច្បាប់​ឆ្លងកាត់​ព្រំដែន និង​ការទប់ស្កាត់ ការពារ​ជម្ងឺឆ្លង Covid-19 បន្ទាប់មក​ប្រគល់ជូន​ក្រុម​ច​ត្តា​ឡី​ស័ក យកទៅ​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត ជា​បណ្ដោះអាសន្ន ដើម្បី​ពិនិត្យ និង​តាមដាន​សុខភាព​ពួកគាត់​បន្ត​។​

​ជាមួយគ្នានេះដែរ អាជ្ញាធរ​ថៃ​នៅតែ​បន្ត​បិទ​ច្រកទ្វារព្រំដែន មិនទាន់​បើក​ឱ្យ​អ្នកដំណើរ​ចេញ​-​ចូល​ឆ្លងកាត់​នៅឡើយ ចំពោះ​អ្នកជំងឺ​សង្គ្រោះបន្ទាន់ និង​រថយន្ត​ដឹកទំនិញ​ធន់​ធំ ដំណើរការ​ជាធម្មតា​។​

​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥​និង​០០​នាទី ភាគី​ថៃ​នៅតែ​បន្ត​បិទ​ច្រកទ្វារព្រំដែន​អន្តរជាតិ ឆ​ង ចម ខេត្ត​សុរិន្ទ ទល់មុខ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​បណ្តោះអាសន្ន មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ គ្រប់​សញ្ជាតិ​ចេញ​-​ចូល ឆ្លងកាត់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។​

​ក្នុង​ការបិទច្រក​នេះ ភាគី​ថៃ​បាន​លើកលែង ទំនិញ​ដែល​ទទួលបាន​ការអនុញ្ញាត និង​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ដែល​ទទួលបាន​ការអនុញ្ញាត ព្រមទាំង​បានការ​ឆ្លងកាត់​ត្រួតពិនិត្យ ដោយ​សមត្ថកិច្ច​ទាំង​ភាគី កម្ពុជា​-​ថៃ បាន​ត្រឹមត្រូវ និង​ពលរដ្ឋ​ខ្មែរ ឬ​ពលរដ្ឋ​ថៃ ដែល​ត្រូវ​វិលត្រឡប់​ចូល​ប្រទេស​រៀងៗ​ខ្លួន​។​

​ចំណែកឯ​ពលរដ្ឋ​ខ្មែរ ដែល​បន្ត​វិល​ចូល​ប្រទេស​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ចំនួន ៤៨​នាក់ ស្រី ២២​នាក់ និង​ពលរដ្ឋ​ថៃ​ចាកចេញ​មាន​ចំនួន ១​នាក់ ស្រី មាន​ឯកសារ​ចេញពី​ស្ថានទូត​ថៃ និង​លិខិតបញ្ជាក់​សុខភាព​៕

អត្ថបទដែលជាប់ទាក់ទង