ថ្ងៃទី២១មិថុនា អ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានជាសះស្បើយ -គ្មានអ្នកជំងឺថ្មី
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃនេះមាន អ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានជាសះស្បើយ ។អ្នកជាសះស្បើយសរុបទាំងអស់កើនដល់១២៧នាក់ ចំណែកអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន២នាក់។
ប្រកាសថ្ងៃនេះគ្មានអ្នកជំងឺថ្មី និងជាសះស្បេីយ ១នាក់
គិតត្រឹមព្រឹកថ្ងៃទី២១ មិថុនា ២០២០ ប្រទេសកម្ពុជា មានករណីវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ១២៩នាក់ (ស្រី៣៩-ប្រុស៩០)៖ អ្នកកំពុងផ្ទុកជំងឺ ២ អ្នកជាសះស្បើយ ១២៧ អ្នកជំងឺស្លាប់ គ្មាន នេះបើតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។
យេីងទាំងអស់គ្នា បន្តប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ នៅទូទាំងប្រទេស ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រសួងដដែល លើកឡើងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយគឺបុរសជនជាតិខ្មែរអាយុ២២ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២លើក ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១២៩នាក់ (ស្ត្រី៣៩នាក់ និងបុរស ៩០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៧នាក់ (ស្មើនឹង ៩៨,៤៥% ធៀបនឹង ចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន២នាក់ គឺជាបុរសជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី៕