ថៅកែក្រុមហ៊ុន ដុកទ័រសុខភាព និងសម្រស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីរំលោភលើសេចក្តីទុកចិត្ត និងលក់ឡេធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើ
ភ្នំពេញ៖ ម្ចាស់ក្រុមហ៊ុន ដុកទ័រសុខភាព និងសម្រស់ គ្មានទំនួលខុសត្រូវខាងលើនេះ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចាប់ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ករណីរំលោភលើទំនុកចិត្ត ទៅលើម្ចាស់ក្រុមហ៊ុន EAMLO Import & Export Co.Ltd ដែលជាក្រុមហ៊ុន ចែកចាយ និង នាំចូលផ្តាច់មុខ នូវផលិតផល ទុយោទឹក ម៉ាក ស្ពឺន និង ប្រូហ្វីត ពីរោងចក្រនៅប្រទេសម៉ាឡេស៊ី និងព្រមទាំងត្រូវបានចោទប្រកាន់ក្នុងករណីនាំផលិតផលឡេ យកមកលក់ចែកចាយធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាក់ស្តែងរួចហើយ។
យោងតាមដីកាបង្គាប់នាំខ្លួន ជនសង្ស័យឈ្មោះ អ៊ូច លក្ខិណា ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ០៣ ផ្លូវ ស៊ី ( C ) ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណជាង ៩យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅម្តុំវិមានឯករាជ្យខណ្ឌដូនពេញ រាជធានីភ្នំពេញ ពុំមែនតែត្រូវបានចោទប្រកាន់ចំពោះការរំលោភលើសេចក្តីទុកចិត្តមួយករណីនេះទេ គឺធ្វើឡើងទៅលើបុគ្គលផ្សេងៗទៀត ដែលបានប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលអំឡុងឆ្នាំ២០១៩។
បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឡូ ឬទ្ធីភេទប្រុស អាយុ៣៣ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន ឈ្មោះ EAMLO Import & Export Co.Ltd បានរៀបរាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ូច លក្ខិណាមានបក្ខពួក ២នាក់ ទៀត ទី ១ ឈ្មោះ ណៃ វិទូភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ ២១៤ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី ២ ឈ្មោះ ម៉ែនមនោ ភេទប្រុសអាយុ៣៤ឆ្នាំ អាសយដ្ឋានបច្ចុប្បន្ននៅ ក្រុមហ៊ុន ហ៊ួត ជា ផ្លូវលេខ ១៩២៨ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ដើមបណ្តឹងបានបញ្ជាក់ថា ជនសង្ស័យទាំង ៣នាក់ គឺជាបុគ្គលិករបស់ជនរងគ្រោះ ចូលបម្រើការងារ ពីរបីឆ្នាំមកហើយ ។ ប៉ុន្តែនៅក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារ ពួកគេបានចាប់ផ្តើមសកម្មភាពប្រព្រឹត្តបទល្មើស ចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០១៩ ដោយធ្វើការអូសទាញ ញុះញង់បុគ្គលិកក្រុមហ៊ុនទាំងអស់ឲ្យឈប់ធ្វើការ រហូតអូសទាញអតិថិជនធំៗជាច្រើន ដូចជា៖ គម្រោង បុរីសង្ឃឹមថ្មី បុរី ចតុមុខ ស៊ីធី ដេប៉ូ ពៅ កន និង អតិថិជនផ្សេងៗទៀត ឲ្យបញ្ឈប់ការបញ្ជាទិញទំនិញពីក្រុមហ៊ុនរបស់គាត់ថែមទៀត។
មិនត្រឹមតែប៉ុណ្ណឹង បុគ្គលទាំង៣នាក់នេះ មានចិត្តទុចរិតបានព្រួតដៃគ្នា ប្រើល្បិចកល់គ្រប់បែបយ៉ាងជាច្រើនទៀត គោលបំណងធ្វើយ៉ាងណាឲ្យក្រុមហ៊ុនរបស់ជនរងគ្រោះដួលរលំ ហើយពួកគេអូសទាញអតិថិជនទាំងអស់ ឲ្យមកទិញទំនិញទាំងនោះ នៅក្រុមហ៊ុនរបស់ពួកគេ ឈ្មោះដុកទ័រ សុខភាព និងសម្រប់ ដោយមានឈ្មោះ អ៊ូច លក្ខិណា និង ប្រពន្ធ ណៃ មួយអ៊ីម ជាប្រធានក្រុមហ៊ុនមួយនេះ។
ដោយឡែកមួយករណីនេះទៀត បុគ្គលជាម្ចាស់ក្រុមហ៊ុន ដុកទ័រសុខភាព និងសម្រស់ នេះក៏រងនូវបណ្ដឹងពីអតិថិជន ដែលជាសាខាចែកចាយផលិតផលឡេ នាំយកមកពីប្រទេសជប៉ុន នៅតាមបណ្តាខេត្តផងដែរ ដោយសារតែផលិតផលទាំងអស់នោះ ពេលអតិថិជនទិញយកទៅប្រើ គឺប៉ះពាល់ស្បែករមាស់ឡើងកន្ទួលជាដើម ជាក់ស្តែង អ្នកលក់ផ្ទាល់ក៏ប្រើទៅមានបញ្ហាបែបនេះផងដែរ៕