ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម​រដ្ឋមន្ត្រី​ទេសចរណ៍ និង​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប បន្ត​ជំរុញ​រៀបចំ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ធានាថា​ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​

184

 

(​សៀមរាប​)៖ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប នា​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុ​ត្តិ ដាក់ឱ្យអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ (​ជំហាន​ទី​១) សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំង​៦ ក្នុងដំណាក់កាល​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ ដល់​អាជីវករ​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​សាលាខេត្ត​សៀមរាប​។​
​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំង​៦ នោះ​រួមមាន​៖ អាជីវកម្ម​សេវា​ស្នាក់នៅ សេវាកម្ម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក សហគមន៍​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍ ដែល​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ហើយ​ថា ត្រូវតែ​អនុវត្តតាម​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធាន​សុវត្ថិភាព​ដែល​បានប្រកាស​ដាក់ឱ្យអនុវត្ត​ថ្មីៗ​កន្លងទៅនេះ ដើម្បីឱ្យ​វិស័យ​ទេសចរណ៍​មានដំណើរ​ល្អ​ឡើងវិញ និង​ធានាបាន​សុវត្ថិភាព​សម្រាប់​ទេសច​រ​នៅ​កម្ពុជា​និយាយ​រួម និង​ខេត្តសៀមរាប និយាយ​ដោយឡែក ដែល​កិច្ចការ​នេះ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ពាន់​ប្រកបដោយ​មនសិការ​ទទួល​ខុសត្រូវ​ខ្ពស់​ពិសេស​ពី​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងឡាយ ដើម្បី​ធានាថា​សៀមរាប ក៏​ដូច​កម្ពុជា​ទាំងមូល​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​។​
​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា ក្នុងស្ថានភាព​បច្ចុប្បន្ន​គប្បី​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​សុវត្ថិភាព​ចាំបាច់​មួយចំនួន​ទាំង​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម ដូចជា​ការរក្សា​អនាម័យ និង​ភាព​ស្អាត រក្សា​សុវត្ថិភាព​ម្ហូបអាហារ និង​ការរក្សា​គម្លាត​សុវត្ថិភាព​។​
​ដោយឡែក​នៅក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​គិតគូរ​អំពី​គំរូ​អាជីវកម្ម​ប្រភេទ​ថ្មី ដើម្បី​សម្រប​ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច​-​សង្គម​ជាក់ស្តែង ដោយ​ក្នុងនោះ​មាន​អាជីវកម្ម​អាចអនុវត្ត​ដំណោះស្រាយ​ឌីជីថល​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ជា​ជំនួយ និង​ត្រូវ​ពង្រឹងសមត្ថភាព និង​គុណភាព ពិសេស​ការបង្កើន​ផលិតភាព​ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការប្រកួតប្រជែង​កាន់តែ​ស្រួចស្រាល ទីផ្សារ​កាន់តែ​រួម​ចង្អៀត​ហើយ​ខ្សែចង្វាក់​ផ្គត់ផ្គង់​កាន់តែ​បង្រួម​ខ្លី​។​
​អនុសាសន៍​ណែនាំ​បន្ថែម​ទាំង ៥ ចំណុច​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ជូន​ដល់​រដ្ឋបាល​ខេត្តសៀមរាប សម្រាប់​កិច្ចការងារ​អនុវត្ត​បន្ត រួមមាន​៖
*​ទី​១៖ ស្នើ​ឲ្យ​រដ្ឋបាលខេត្ត​សៀមរាប​ព​ង្រឹ​ង​ការគ្រប់គ្រង​បន្ថែម​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដោយ​ផ្ដោតលើ​ពីរ​ចំណុច​សំខាន់​៖ តម្រូវ​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​រៀបចំ​ឲ្យ​មានការ​វាស់​កម្ដៅ បាញ់​អាកុល លាងដៃ សម្រាប់​រាល់​ការចេញចូល​ទីតាំង​អាជីវកម្ម ឬ​ប្រសិនបើ​រៀបចំ​បន្ថែម​ឲ្យ​មាន​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម សម្រាប់​កិច្ចការងារ​ខាងលើ​កាន់តែ​ប្រសើរ តម្រូវ​ឲ្យ​បុគ្គល​គ្រប់រូប​ដែល​ឆ្លងកាត់​ចេញចូល​ទីតាំង​អាជីវកម្ម​ត្រូវ​ចុះឈ្មោះ ឬ​ផ្តល់​អត្តសញ្ញាណ​ជាដាច់ខាត​។​
*​ទី​២៖ ចំពោះ​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក និង​ផ្លូវទឹក សូម​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្តសៀមរាប ពង្រឹង​ការអនុវត្ត​រក្សា​គម្លាត​សុ​វត្តិភាព ជាពិសេស​នៅពេល​តំរង់​ជួរ​ទិញ​សំបុត្រ និង​នៅពេល​ធ្វើដំណើរ និង​រក្សា​គម្លាត​សុ​វត្តិភាព​អាច​ធ្វើបាន​តាមរយៈ​ការកាត់បន្ថយ​ចំណុះ​ផ្ទុក​។​
*​ទី​៣៖ ចំពោះ​រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ស្នើ​ឲ្យ​រដ្ឋបាលខេត្ត​សៀមរាប​ណែ​នាំទៅ​គ្រប់​មន្ទីរជំនាញ​ពាក់ព័ន្ធ​ចុះ​អនុវត្ត​កិច្ចការងារ​នេះ​រួមគ្នា ដោយមាន​មន្ទីរ​ទេសចរណ៍ ជា​សេនាធិការ​ជំនាញ​។​
*​ទី​៤៖ ស្នើ​ឲ្យ​រដ្ឋបាលខេត្ត​សៀមរាប​ធ្វើ​សម្រង់​ស្ថិតិ​បុគ្គលិក​បម្រើ​ការងា​រ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​ធ្វើ​សហការ​បន្ត​ជាមួយ​នាយកដ្ឋាន​បណ្ដុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ប្រមែប្រមូល​បុគ្គលិក​ទាំងអស់នេះ មក​ទទួល​ការបណ្ដុះបណ្ដាល​ជាការ​ចាំបាច់​។​
*​ទី​៥៖ សូម​ស្នើឱ្យ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​មេត្តា​យោគយល់ និង​ចូលរួម​ទាំងអស់គ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ឆ្លង​ឲ្យ​ផុត​ដំណាក់កាល​ដ៏​លំបាក​នេះ​។​
​ឯកឧត្តម​បានបញ្ជាក់​ទៀតថា ការដាក់ចេញ​នូវ​វិធាន​សុ​វត្តិភាព​ទេសចរណ៍​មិន ដើម្បី​គោលបំណង់​រឹតបន្តឹង​ការអនុវត្ត​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ឡើយ ជាពិសេស​ក្នុង​គោលបំណង​រក្សា​ឲ្យ​បាន​នូវ​ទំនុកចិត្ត​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចំពោះ​គុណភាព​សេវាកម្ម ស្របតាម​ពាក្យស្លោក «​សុ​វត្តិភាព​របស់​អ្នក ជា​ភារកិច្ច​របស់​យើងខ្ញុំ​» ស្របតាម​និន្នាការ​ទម្លាប់​ការអនុវត្ត​ថ្មី (New Normal Life)​។​
​ឯកឧត្តម​បណ្ឌិត ថោង ខុន ក៏បាន​ក្រើនរំលឹក​ដល់​រដ្ឋបាលខេត្ត​សៀមរាប​បន្ត​កា​អភិវឌ្ឍ​ហេ​ដ្ឋ​រចនា​សម្ពន្ធ​ក្នុង​ទីក្រុង​បន្ត​ជំរុញ​យុទ្ធនាការ​ស្អាត​និង​បៃតង និង​សូមឱ្យ​ផ្នែក​ឯកជន និង​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ចូលរួម​ផ្សព្វផ្សាយ និង​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​បង្ការ​ការពារ និង​រក្សាបាន​នូវ​សុវត្ថិភាព ទំនុកចិត្ត និង​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ភ្ញៀវទេសចរ ដែល​ធ្វើដំណើរ​កម្សាន្ត​មក​ខេត្តសៀមរាប​៕

អត្ថបទដែលជាប់ទាក់ទង