កូរ៉េខាងជើងត្រៀមបាឡុងជាង ៣.០០០ ដើម្បីបង្ហោះខិត្តប័ណ្ឌជាង ១២លានចូលកូរ៉េខាងត្បូងជាការសងសឹក
កូរ៉េខាងជើងបានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនបានត្រៀមខិត្តប័ណ្ឌរាប់លានរួចរាល់ហើយ ដើម្បីបង្ហោះចូលកូរ៉េខាងត្បូងតាមបាឡុង។ ការប្រកាសបង្ហោះខិត្តប័ណ្ឌចូលកូរ៉េខាងត្បូងកើតឡើង ក្រោយពេលរបបព្យុងយ៉ាងបានកំទិចចោលនូវ ការិយាល័យទំនាក់ទំនងអន្តរកូរ៉េទាំងពីរ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍៍ចុងក្រោយនេះ កូរ៉េខាងជើងបានចេញការថ្កោលទោសជាច្រើនទៅលើកូរ៉េខាងត្បូង ដែបានធ្វើការបង្ហោះខិត្តប័ណ្ឌប្រឆាំងនឹងខ្លួន ដែលមានអ្នកផ្តាច់ខ្លួនជាច្រើននៅកូរ៉េខាងត្បូង បានធ្វើការបង្ហោះខិត្តប័ណ្ឌឆ្លងដែរ ដែលជាទូទៅខិត្តប័ណ្ឌទាំងនោះត្រូវគេចង់ភ្ជាប់នឹងប៉េងប៉ោង ឬដាក់បង្ហោះក្នុងដប។
កូរ៉េខាងជើងប្រកាសថា ខ្លួនគ្មានអ្វីត្រូវនិយាយជាមួយនឹងកូរ៉េខាងត្បូងទៀតឡើយ ហើយកាលពីសប្តាហ៍មុន របបនេះបានបំផ្ទុះការិយាល័យទំនាក់ទំនងរបស់ភាគីទាំងពីរនៅព្រំដែន ដែលវាជានិមិត្តរូបនៃកូរ៉េទាំង និងបានគំរាមបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុង និងក្បែរតំបន់គ្មានកងទ័ព (Demilitarized Zone)។
អ្នកវិភាគនិយាយថា របបព្យុងយ៉ាងបានធ្វើការបង្ករឿងជាបន្តបន្ទាប់ ក្នុងគោលបំណងបង្ខំឲ្យមានការផ្តល់សម្បទានពីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនជុំវិញកិច្ចចរចារនុយក្លេអ៊ែរ ដែលកំពុងជាប់គាំង។
សូមបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានឲ្យដឹងថាខិត្តប័ណ្ឌសរុបចំនួន ១២លានសន្លឹកដែលឆ្លុះបញ្ចាំងពីកំហឹង និងការស្អប់ខ្ពើមរបស់ប្រជាជនមកពីគ្រប់វណ្ឌៈ ត្រូវបានផលិតរូចរួចហើយ ហើយបាឡុងជាង ៣.០០០បានត្រៀមសម្រាប់បង្ហោះចូលឲ្យជ្រៅក្នុងទឹកដីកូរ៉េខាងត្បូង៕