ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន​មួយក្រុម បាន​ជួបជុំគ្នា​នៅ​សួនច្បារ​វត្ត​បទុម​វ​ត្តី ដើម្បី​ធ្វើការ​តាំងពិព័រណ៍​រូបថត​នៃ​តំបន់​កោះកុង​ក្រៅ ត្រូវ​អាជ្ញាធរ​ហាមឃាត់​ព្រោះ​គ្មាន​សុំច្បាប់​អនុញ្ញាត​

118

 

​ភ្នំពេញ​៖ ជាថ្មី​ម្តងទៀត ហើយក៏​ជា​លើក​ទី​៣ ផងដែរ អាជ្ញាធរ​កម្ពុជា​បាន​ហាមឃាត់​មិន​ឲ្យ​យុវជន​មួយក្រុម នៅក្នុង​ទីក្រុង​ភ្នំពេញ ធ្វើការ​តាំងពិព័រណ៍​រូបថត​នៃ​តំបន់​កោះកុង​ក្រៅ ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់ និង​ចូលរួម​ការពារ​តំបន់​កោះកុង​ក្រៅ​។ អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់ថា​ការហាមឃាត់​ក្រុមយុវជន​ទាំងនោះ​មិន​ឲ្យ​ធ្វើ​ពិធី​ខាងលើនេះ​ដោយសារតែ​គ្មាន​ច្បាប់​អនុញ្ញាត​។​

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០​នេះ យុវជន​មួយក្រុម​មាន​គ្នា​៦​នាក់ រួមទាំង​ព្រះសង្ឃ​មួយអង្គ​ផងដែរ បាន​ជួបជុំគ្នា​នៅ​សួនច្បារ​វត្ត​បទុម​វ​ត្តី ដើម្បី​ធ្វើការ​តាំងពិព័រណ៍​រូបថត​នៃ​តំបន់​កោះកុង​ក្រៅ​ដែល​ស្ថិតនៅ​ខេត្តកោះកុង​ដាក់ជូន​សាធារណជន​ទស្សនា​។​

ពិព័រណ៍​រូបថត​កោះកុង​ក្រៅ​ដែល​បានចាប់ផ្ដើម​នៅ​ម៉ោង​ប្រមាណ​ជា ៤.៣០​នាទី​រសៀល​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​សង្គ្រោះ​កោះកុង​ក្រៅ​” របស់​ពួកគេ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់បញ្ចូល​កោះ​នេះ​ជា​តំបន់​ការពារ​ឧទ្យាន​ជាតិ​សមុទ្រ​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​នៅ​កោះ​នោះ​។

​អាជ្ញាធរ​បាន​ទៅដល់​ទីនោះ និង​រារាំង​ការតាំងពិព័រណ៍​ដោយ​អះអាងថា​ក្រុមយុវជន​ត្រូវតែមាន​ការអនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​ជាមុនសិន​ដើម្បី​តាំង​បង្ហាញ​រូបភាព​ខ្លួន​។​

កាលពីពេល​ថ្មីៗ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ហាមឃាត់​យុវជន​មួយក្រុម មិន​ឲ្យ​ជិះ​កង់​ធ្វើ យុទ្ធនាការ​តំបន់​កោះកុង​ក្រៅ ដោយ​មិនមាន​សុំច្បាប់​អនុញ្ញាត ។ ពួកគេ ត្រូវបាន​អាជ្ញាធរ​ភ្នំពេញ​ចុះ​ទប់ស្កាត់​នៅត្រង់ចំណុច​រង្វង់​មូល​ក្បាលស្ពាន​ជ្រោយចង្វា បើតាម​អាជ្ញាធរ យុទ្ធនាការ​ជិះ​កង់​របស់​យុវជន​ទាំងនេះ គឺ​មិនមាន​សុំច្បាប់​អនុញ្ញាត​នោះទេ​។​

​ក្រុមយុវជន​ដែលមាន​ការចូលរួម​ពី​សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន ក៏ត្រូវ​បាន​អាជ្ញាធរ​ខេត្តកោះកុង ទប់ស្កាត់​មិន​ឲ្យ​ជិះ​កង់​ដាក់​ញត្តិ​ជូន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើសុំ​ដាក់​តំបន់​កោះកុង​ក្រៅ ជា​តំបន់​ការពារ​នោះទេ​។ សូមបញ្ជាក់ថា កោះកុង​ក្រៅ គឺជា​កោះធំ​ជាងគេ និង​ស្អាត​ជាងគេ​នៅ​កម្ពុជា ត្រូវបាន​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​។

កាលពីពេល​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​សម្រេច​បង្កើត​គ​ណៈ​កម្ម​ការ​ពិសេស​មួយ ដើម្បី​ត្រួតពិនិត្យ​ទៅលើ​ការអភិវឌ្ឍន៍​នៅ​តំបន់​កោះកុង​ក្រៅ​ទាំងមូល លើ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូ​អិ​ល​ធី​ឌី​។ គណៈកម្មការ​ត្រួតពិនិត្យ​ការអភិវឌ្ឍ​នៅ​តំបន់​កោះកុង​ក្រៅ​នេះ រួមមាន​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជា​ប្រធាន និង​មាន​មន្ត្រី​ពាក់ព័ន្ធ​ជា​សមាជិក​ចំនួន​៩​រូប​ទៀត ក្នុងនោះ​រួមមាន​ទាំង​លោកស្រី មិថុនា ភូ​ថង ជា​អភិបាល​ខេត្តកោះកុង​ផងដែរ​។ គណៈកម្មការ​នេះ មាន​ភារកិច្ច​ត្រួតពិនិត្យ​លើ​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​កោះកុង​ក្រៅ​ទាំងមូល​របស់​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូ​អិ​ល​ធី​ឌី ដែល​គេ​ស្គាល់​ថា ជា​របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​។

​ខុ​ទ្ឋ​កាល័យ​រង​សម្តេច​តេ​ជោ តំណាង​ក្រសួងបរិស្ថាន រដ្ឋបាល​ខេត្តកោះកុង ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ២០២០​បាន សម្របសម្រួល​និង​ធ្វើ​កំណត់ហេតុ​ពី​ហេតុផល​នៃ​ការធ្វើសកម្មភាព​របស់​ក្រុមយុវជន​១៧ នាក់​របស់​អង្គការ​មាតា​ធម្មជាតិ​ជិះ​កង់​បង្ក​បាតុភូត​ភ័ន្តច្រឡំ​ដល់​សាធារណជន​ថា ជួយសង្គ្រោះ​តំបន់​កោះកុង​ក្រៅ​។​

​អាជ្ញាធរ ខេត្តកោះកុង អះអាងថា សកម្មភាព​របស់​យុវជន​មួយ​នេះ​គ្មាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ​មុន​នឹងធ្វើ​សកម្មភាព​ជិះ​កង់​ដាក់​ញត្តិ​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង