ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​ក្រឡាហោម ត្រួតពិនិត្យភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ

101

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ផែនការ​សកម្មភាព​ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ បានរៀបចំ​ឡើង​ដោយ​ផ្អែ​លើ​មូលដ្ឋាន​សំខាន់ៗ ដូចជា​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្របខ័ណ្ឌ​គោលនយោបាយ​កំណែទម្រង់​ពន្ធនាគារ ផែនការ​យុទ្ធសាស្ត្រ ២០១៩-២០២៣ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​អនុសាសន៍​ណែនាំ​របស់​សម្ដេច​ក្រឡាហោម​។​

​ផែនការ​សកម្មភាព​ឆ្នាំ​២០២០​នេះ គឺជា​ផែនការ​សកម្មភាព​ឆ្នាំ​ទី​២ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្នុង​គោលបំណង​លើកកម្ពស់​ការគ្រប់គ្រង​ជន​ជាប់ឃុំ​តាម​ជំនាញ​វិជ្ជាជីវៈ ធានាបាន​សន្តិសុខ សុវត្ថិភាព សុខភាព និង​សមធម៌ ព្រមទាំង​ផ្ដល់​កម្មវិធី​អប់រំ​កែប្រែ ស្ដារនីតិសម្បទា បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សម​ហ​រណកម្ម​។​

​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក៏បាន​បង្ហាញ​ការកត់សម្គាល់​នូវ​ចំណុច​គ្លឹះ​២ ដែល​ធានា​ឱ្យ​ការអនុវត្ត​ផែនការ​សកម្មភាព​នេះ​សម្រេចបាន​តាម​ការគ្រោង​ទុក ទី​១ គឺ​ការងារ​ហេដ្ឋារចនាសម្ព័ន្ធ ដែលជា​ដើមចម​នៃ​ការកើតមាន​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ជះឥទ្ធិពល​អវិជ្ជមាន​លើ​ការការពារ​សន្តិសុខ សុវត្ថិភាព​ពន្ធនាគារ ការងារ​រៀបចំ​ឃុំឃាំង ការអប់រំ​កែប្រែ ស្ដារនីតិសម្បទា និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ទី​២ គឺ​ស្ថានភាព​ក្របខណ្ឌ​មន្ត្រី​ពន្ធនាគារ ដែល​ចំនួន​ក្របខណ្ឌ​មន្ត្រី​នៅ​មិនទាន់​សមាមាត្រ​នឹង​ចំនួន​អ្នក​ជាប់ឃុំ​៕​

អត្ថបទដែលជាប់ទាក់ទង