ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

“​ទិវា​យោ​គៈ​អន្តរជាតិ​លើក​ទី​៦” ធ្វើ​នៅមុខ​ខ្លោងទ្វារ នៃ​ប្រាសាទតាព្រហ្ម ខេត្តសៀមរាប​-​អង្គរ​

77

 

​សៀមរាប​៖ ក្រសួងទេសចរណ៍ សហការ​ជាមួយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​បានរៀបចំ “​ទិវា​យោ​គៈ​អន្តរជាតិ​លើក​ទី​៦” “The 6th International Day of YOGA” នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៦:៣០​នាទី​ព្រឹក នា​បរិវេណ​មុខ​ខ្លោងទ្វារ នៃ​ប្រាសាទតាព្រហ្ម ខេត្តសៀមរាប​-​អង្គរ​។​

​ទិវា​យោ​គៈ​អន្តរជាតិ​លើក​នេះ មានការ​ចូលរួម​ជា​គណៈអធិបតី​ពី​ឯកឧត្តម សូ វិ​សុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា លោកជំទាវ យូ សុភា អភិបាលរង​ខេត្តសៀមរាប ឯកឧត្តម សុខ សង្វារ អគ្គនាយករង​អជ្ញាធរ​ជាតិ​អប្សរា និង​តំណាង​ក្រសួង​អប់រំ​យុវជន និង​កីឡា ព្រមជាមួយ​គ្រូ​ប​ង្វិ​ក​ពី​ប្រទេស​ឥណ្ឌា អ្នកសារព័ត៌មាន និង​អ្នកចូលរួម​ហាត់ ប្រមាណ​១២០​នាក់ (​មកពី​ជុំវិញ​ខេត្តសៀមរាប និង ស​.​ស​.​យ​.​ក​)​។​

​ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា រៀបចំ​ទិវា​យោ​គៈ​អន្តរជាតិ​នេះ បាន​ចំនួន ៥​លើ​ករូច​មកហើយ គិត​ចាប់ពី​ឆ្នាំ​២០១៥ មកដល់​ឆ្នាំ​២០១៩ ដោយបាន​រៀបចំ​នៅតាម​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​ចំនួន ៥​គឺ​៖ រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកណ្តាល និង​ខេត្តបាត់ដំបង​។ សម្រាប់​ឆ្នាំ​២០២០​នេះ គឺជា​លើក​ទី​៦ ដែល​រៀបចំឡើង​នៅ​បរិវេណ​មុខ​ខ្លោងទ្វារ នៃ​ប្រាសាទតាព្រហ្ម ខេត្តសៀមរាប​-​អង្គរ​។​

​នៅក្នុង​ស្ថានភាព​នៃ​កា​រីករាយ​ដាល​នៃ​ជំងឺ COVID-19 លំ​ហាត់ប្រាណ យូ​ហ្គា​នេះ​កាន់​តែមាន​អត្ថប្រយោជន៍ ដើម្បីអោយ​សារ​ពាង​កាយ​មាំមួន ពង្រឹង​ប្រព័ន្ធ​ដកដង្ហើម និង​ប្រព័ន្ធ​ការពារ​ខ្លួន កាត់បន្ថយ​ភាព​តានតឹង​ផ្លូវចិត្ត Stress និង​រក្សាបាន​នូវ​សុខភាព សុវត្ថិភាព ដល់​យើងទាំងអស់គ្នា ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង COVID-19 នេះ ហើយ​លំ​ហាត់ប្រាណ យូ​ហ្គា ត្រូវបាន​ហ្វឹកហាត់​សម្រាប់ អ្នកជំងឺ​កូ​វីដ​-១៩ ដើម្បី​ព្យាបាល​ទប់ទល់​ជំងឺ​នេះ យ៉ាង​មាន​ប្រសិទ្ធភាព​។​

​តាមរយៈ​ព្រឹត្តិការណ៍​នេះ កម្ពុជា​បាន​ចូលរួម​អបអរ​ជាមួយ​បណ្តា​ប្រជាជាតិ​នានា​នៅក្នុង​ពិភពលោក ហើយ​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ប្រកបដោយ​ភាពកក់ក្តៅ​” “Cambodia: Kingdom of Wonder-Feel the Warmth” និង​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព នឹងត្រូវ​បានធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ទៅដល់​ភ្ញៀវទេសចរ​អន្តរជាតិ​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក​៕

អត្ថបទដែលជាប់ទាក់ទង