ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិលាចារឹក​មួយ​ផ្ទាំង ជា​ភាសាសំស្ក្រឹត ត្រូវបាន​ប្រទះឃើញ នៅក្នុង​ប្រាសាទទន្លេស្ងួត ពេល​កំពុង​ជួសជុល​

100

 

​សៀមរាប ៖ ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះឃើញ​សិលាចារឹក​ជា​ភាសាសំស្ក្រឹត​ចារ​លើ​ផ្ទាំង​ថ្មភក់ ដែល​គេ​យកមក​រៀប​ជា​គ្រឿង​បង្គុំ​ថ្ម​កម្រាល​ខ្លោងទ្វារ​ខាងមុខ​ប្រាង្គ​កណ្តាល នៃ​ប្រាសាទទន្លេស្ងួត ក្នុងពេល​លាង​សម្អាត​ថ្ម មុន​យកទៅ​រៀប​ផ្គុំ​នៅ​ទីតាំង​ដើម​វិញ​។ ថ្ម​ចារឹក​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​យកមក​រក្សាទុក​ក្នុង​ទីស្នាក់ការ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០​។​

​តាម​ការបញ្ជាក់​របស់​លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ឱ្យដឹងថា ផ្ទាំង​ថ្ម​ចារឹក​នេះ អាច​ពុំមែន​ជា​របស់​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ទេ ប្រហែលជា​គេ​យក​ចេញពី​ប្រាសាទ​ណាមួយ មក​ប្រើ​ធ្វើជា​ថ្ម​កម្រាល ដោយ​រៀប​ដាក់​ផ្កាប់​ផ្ទៃ​មាន​អក្សរ​ចារឹក​ទៅ​ក្រោម​។ ចំណែក​ផ្ទៃ​ខាងក្រោយ​ពុំមាន​អក្សរ​គេ​ដាក់​ផ្ងារ​ឡើងលើ ហើយ​ដាប់​ធ្វើជា​ល្បាក់​សម្រាប់​ទ្រ​ថ្ម​ធ្នឹម​ទ្វារ​។​

​ករណីនេះ បានធ្វើឱ្យ​បាត់បង់​តួអក្សរ​មួយផ្នែក តែ​ក៏​នៅមាន​សេចក្តី​ច្រើន ដែល​អាច​សិក្សា​ស្រាវជ្រាវ​បន្ថែម​បាន ហើយ​នេះ​ក៏​មិន​ចាត់ទុកជា​ករណី​បំផ្លាញ​ដែរ ព្រោះ​គេ​កាត់​តម្រឹម​ឱ្យ​ត្រូវ​ចន្លោះ ដើម្បី​ធ្វើជា​ថ្ម​កម្រាល ក្នុងការ​កា​សាង​ប្រាសាទទន្លេស្ងួត​ពី​បុរាណ​។ ការយក​ថ្ម​ចាស់​ពី​កន្លែង​ផ្សេង មក​កសាង​ប្រាសាទ​ថ្មី​បន្ទាប់ ក៏​ជា​ទម្លាប់​ធម្មតា​នា​សម័យបុរាណ​ដែរ​។​

​លក្ខណៈពិសេស​នៃ​សិលាចារឹក​នេះ គឺ​ពុំទាន់​មានការ​សិក្សា​នៅឡើយ ដែល​សរសេរ​ជា​ភាសាសំស្ក្រឹត មាន​ចំនួន​៥៥​បន្ទាត់ កម្ពស់​១០០​សង់ទីម៉ែត្រ ទទឹង​៤០​សង់ទីម៉ែត្រ និង​កម្រាស់​២០​សង់ទីម៉ែត្រ​។ បើ​យោងតាម​ការសន្និដ្ឋាន​ដំបូង លើ​លក្ខណៈ​តួអក្សរ​ឆ្មារៗ និង​ពិចិត្រ ដែល​ប្រៀប​នឹង​សិលាចារឹក​នៅ​ប្រាសាទភ្នំដី ស្ថិតនៅ​ខាងជើង​ប្រាសាទទន្លេស្ងួត​នោះ យើង​អាច​ស្មាន​បាន​ថា សិលាចារឹក​នេះ ប្រហែល​ចារ​នៅ​ចុង​សតវត្សរ៍​ទី​១១ ដល់​ដើម​សតវត្សរ៍​ទី​១២​។​

​លោក សុខ​រិទ្ធី បញ្ជាក់ថា នៅពេលនេះ​យើង​មិនទាន់​ដឹង​ខ្លឹមសារ នៅក្នុង​សិលាចារឹក​នេះ​ទេ គឺ​ត្រូវការ​ពេលវេលា ដើម្បីឱ្យ​អ្នកជំនាញ​ប្រែ​សម្រួល ពី​ភាសាសំស្ក្រឹត ដើម្បី​ឈ្វេងយល់​ពី​រឿងរ៉ាវ​ផ្សេងៗ និង​កាល​បរិ​ច្ឆ​ទ​នៃ​អក្សរ​ចារឹក​មួយ​ផ្ទាំង​នេះ​។ តែ​វា​បានផ្តល់​ព័ត៌មាន​សំខាន់​មួយ ឱ្យ​យើង​ដឹង​អំពី​ប្រវត្តិ នៃ​ការសាងសង់​ប្រាសាទទន្លេស្ងួត និង​ភស្តុតាង​បុរាណវិទ្យា ដែល​បង្ហាញ​អំពី​ការ​តាំងទី​មនុស្ស​សម័យអង្គរ នៅក្នុង​តំបន់​នេះ ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ (១១៨១ ដល់ ១២១៨ គ្រឹ​ស្ត​សករាជ​)៕

 

អត្ថបទដែលជាប់ទាក់ទង