ប៉េអឹមបង្រ្កាបឈើលាក់ទុកក្នុងស្រះទឹក
ស្ទឹងត្រែង៖ឈ្មួញបានប្រើល្បិចយកឈើដឹកតាមរថយន្ត ទៅទម្លាក់ទុកក្នុងស្រះទឹក ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក៏ប៉ុន្តែត្រូវសមត្ថកិច្ចរកឃើញ រឹបអូសបញ្ជូនទៅជំនាញរដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2020។
លោកអនុសេនីយ៍ឯក ហេង ណាន មេបញ្ជាការកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយសែនជ័យ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ទាក់ទងនឹងបទល្មើសដឹកឈើខុសច្បាប់ យកទៅទម្លាក់ក្នុងស្រះទឹក លោកក៏បានរាយការណ៍ និងមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដាក់បទបញ្ជា មកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយសែនជ័យ ចុះបង្ក្រាបឈើ លាក់ទុកក្នុងស្រះទឹកមួយកន្លែង។
កម្លាំងកងរាជអាវុធហត្ថស្រុកបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរស្រុក ឃុំ ដោយមានការសម្របសម្រួល ពីលោកវង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការស្រាវជ្រាវ រុករកវត្ថុតាងបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រស្រុកកម្លាំងកងរាជអាវុធហត្ថ បានប្រទះឃើញករណីសន្និធិផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ នូវឈើអារប្រភេទប្រភេទលេខ១ (ផ្ចឹក) ចំនួន១៤៤សន្លឹក ស្មើនឹង៨,៨១៨ម៉ែត្រគូប ប្រព្រឹត្តនៅចំណុចក្នុងស្រះទឹក លើដីរបស់រដ្ឋត្រង់ចំណុច UTM(617426-1531819) ជាប់ផ្លូវជាតិលេខ៧ ក្នុងភូមិឫសែនជ័យ២(ឧបសម្ព័ន្ធ) ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ២ ដោយពុំមានម្ចាស់ទទួលខុសត្រូវ ដែលឈ្មួញលួចដឹកជញ្ជូនមកពីស្រុកសៀមប៉ាង លាក់ទុក។
វត្ថុតាងល្មើសច្បាប់នេះ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្រឡ ដើម្បីចាត់ការតាមនីតិវិធី និងស្រាវជ្រាវរកម្ចាស់ឈើខុសច្បាប់ មកផ្តន្ទាទោសតាមច្បាប់៕