ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រមូលបទ «ភាពស្អិតល្មួត និងការឆ្លើយតប»

74

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតល្មួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ( Video Conference) នៅវិមានសន្តិភាព។

កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ថ្ងៃនេះ ថ្នាក់ដឹកនាំអាស៊ាននឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះក៏នឹងពិភាក្សាផងដែរលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍អន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត រួមមាន៖ សម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់តួនាទីស្រ្តីក្នុងយុគសម័យឌីជីថល (Digital), កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង